គ្រួសារប្រជាជនដែលត្រូវបានបណ្តេញចេញដោយសារគម្រោងស្ថាបនាផ្លូវដែកក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានគំរាមធ្វើបាតុកម្ម ប្រសិនបើធនាគារនេះមិនបង្ហាញផែនការដល់ពួកគាត់ ទាក់ទងនឹងការលើកកម្ពស់កម្រិតជីវភាពរបស់ពួកគាត់ក្នុងរយៈពេលមួយសប្ដាហ៍។
ប្រជាពលរដ្ឋប្រហែល១.០០០គ្រួសារដែលបានសាងសង់ផ្ទះនៅលើកំណាត់ផ្លូវដែកដែលគេបោះបង់ចោលជាយូរមកហើយនៅក្នុងប្រទេសនេះ ត្រូវបានបណ្ដេញចេញ ដើម្បីទុកផ្លូវឲ្យគម្រោងស្ថាបនាផ្លូវដែកដែលត្រូវចំណាយទឹកប្រាក់១៤៣លានដុល្លារ។ ប្រជាពលរដ្ឋ៣.០០០គ្រួសារទៀតបានបាត់បង់ដីដោយសារតែគម្រោងនេះ។
កាលពីក្នុងខែកុម្ភៈ ធនាគារនេះបានទទួលយកការទទួលខុសត្រូវចំពោះបំណុលបន្ថែម និងទុក្ខវេទនារបស់គ្រួសារប្រជាជនទាំងនោះ។ ថ្មីៗនេះ គេបានបញ្ចប់ការរៀបចំផែនការសកម្មភាពមួយដើម្បីជួយពួកគាត់ ប៉ុន្តែធនាគារនេះមិនទាន់បានចេញប្រកាសនៅឡើយទេ។
នៅក្នុងលិខិតមួយច្បាប់ផ្ញើជូនការិយាល័យធនាគារអភិវឌ្ឍន៍អាស៊ីក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ គ្រួសារទាំងនេះចោទលោក អេរិក ស៊ីតវីក (Eric Sidgwick) នាយកប្រចាំប្រទេសថា បានក្បត់ពាក្យសន្យាក្នុងការផ្សព្វផ្សាយផែនការឲ្យពួកគាត់បានដឹងមុនពេលផែនការនោះត្រូវបានបញ្ជូនទៅក្រុមប្រឹក្សានាយករបស់ធនាគារនេះ។
ផែនការនេះត្រូវគេរំពឹងថា នឹងត្រូវបានបញ្ជូនទៅក្រុមប្រឹក្សានេះនៅថ្ងៃណាមួយ ក៏ប៉ុន្តែគ្រួសារទាំងនេះនៅតែពុំទាន់បានឃើញផែនការនេះនៅឡើយទេ។ លិខិតនេះមានខ្លឹមសារថា “ក្នុងកាលៈទេសៈដែលការឆ្លើយតបមួយមិនត្រូវបានទទួលក្នុងរយៈពេលមួយសប្ដាហ៍ បាតុកម្មនឹងធ្វើឡើងនៅមុខការិយាល័យធនាគារអភិវឌ្ឍន៍អាស៊ី រហូតដល់យើងទទួលបានចម្លើយគ្រប់គ្រាន់ ព្រមទាំងដំណោះស្រាយចំពោះសំណើ របស់យើង”។
ក្រុមគ្រួសារទាំងនេះអះអាងថា លោក ស៊ីតវីក បានសន្យានៅក្នុងជំនួបមួយកាលពីថ្ងៃទី១១ ខែកុម្ភៈ ថា នឹងផ្សព្វផ្សាយផែនការប្រាប់ពួកគេ មុនពេលផែនការនេះផ្ញើទៅក្រុមប្រឹក្សាធនាគារអភិវឌ្ឍន៍អាស៊ី។
លោក ឃួន ព្រំសារិទ្ធ ដែលត្រូវបានបណ្ដេញចេញពីផ្ទះរបស់លោកក្នុងរាជធានីភ្នំពេញកាលពីឆ្នាំ២០១១ បានឲ្យដឹងថាលោកនឹងអ្នកតំណាង១៩រូបទៀតបានផ្ដិតមេដៃលើលិខិតនេះ និងកំពុងធ្វើសកម្មភាពជួសមុខឲ្យប្រជាពលរដ្ឋទាំងអស់៤.០០០គ្រួសារ ដែលរងផលប៉ះពាល់ដោយសារតែគម្រោងផ្លូវដែកនេះមកពីរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង ព្រះសីហនុ និងខេត្តពោធិ៍សាត់។
លោកបានឲ្យដឹងថា “ខ្ញុំជាជនរងគ្រោះរងផលប៉ះពាល់ដោយសារការបណ្ដេញចេញ។ ដូច្នេះ ខ្ញុំគួរតែដឹងពីអ្វីៗទាំងនេះ។ ខ្ញុំចង់ដឹងថា តើគាត់ពិតជាមានមនសិការដោះស្រាយបញ្ហានេះដែរឬអត់”។
លោក ស៊ីតវីក បានទទួលស្គាល់ថា លោកពិតជាបានទទួលលិខិតនេះមែន។ លោកបានលើកឡើងតាមអុីម៉េលថា “យើងពិតជាមាន បំណងអនុវត្តស្មារតីប្ដេជ្ញារបស់យើង ដើម្បីស្វែងរកប្រតិកម្មតបពីសហគមន៍ដែលរងប៉ះពាល់លើសកម្មភាព ទាក់ទងនឹងសកម្មភាពដោះស្រាយដែលត្រូវបានស្នើឡើងឲ្យបានឆាប់ៗ”។
លោកនាយកប្រចាំប្រទេសនេះបានបដិសេធមិននិយាយថា ពេលណាក្រុមគ្រួសារទាំងនេះនឹងត្រូវបានពិគ្រោះ ឬថាតើលោកបានសន្យាបង្ហាញពួកគាត់នូវផែនការសកម្មភាពមុនពេលផែនការនេះត្រូវបានបញ្ជូនទៅក្រុមប្រឹក្សាធនាគារអភិវឌ្ឍន៍អាស៊ី ឬយ៉ាងណាទេ៕ ប៊ុននី