26 C
Phnom Penh

ដើម្បី​​​​​​ទប់​​​ស្កាត់​​​ការ​​​គំរាម​​កំហែង​​​ចាប់​​​ខ្លួន​​​ សហជីព​​​​​​​​​ងាក​​​ទៅ​​​ផ្សព្វ​​​ផ្សាយ​​​តាម​​​វិទ្យុ​​​និង​​​អីុនធើណិត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​​​​​​នៅ​​​សល់​​​តែ​​​មួយ​​​សប្ដាហ៍​​​ទៀត​​​​​​ ដល់​​​ពេល​​​​​​​​​ធ្វើ​​​កូដកម្ម​​​ថ្មី​​​​​​​​​នៅ​​​​​​តាម​​​រោង​​​ចក្រ​​​កាត់​​​ដេរ សកម្មជន​​​សហជីព​​​កំពុង​​​​​​ប្រើប្រាស់​​​មធ្យោ​​​បាយ​​​​​​​​​ថ្មីៗ​​​ដើម្បី​​​ផ្សព្វផ្សាយ​​​ការ​​​អំពាវនាវ​​​ឲ្យ​​​ចូល​​​​​​រួម​​​ធ្វើ​​​កូដកម្ម​​​​​​ ដើម្បី​​​ព្យាយាម​​​​​​​​​ចៀសវាង​​​​​​ការ​​​​​​​​​ធ្វើ​​​​​​ទុក្ខបុកម្មិញ​​​ពី​​​សំណាក់​​​រោង​​​ចក្រ​​​​​​និង​​​​​​​​​ការ​​​ចាប់​​​ខ្លួន​​​​​​ពី​​​សំណាក់​​​នគរបាល​​​​​​។​​​

សមាជិក​​​សហជីព​​​ម្នាក់​​​កំពុងចែក​​​ខិត្ត​​​ប័ណ្ណ​​​នៅ​​​ខាង​​​ក្រៅ​​​សួន​​​ឧស្សាហកម្ម​​​​​​កាណាឌីយ៉ា ក្នុង​​​រាជធានីភ្នំពេញ​​​ កាល​​​ពី​​​ម្សិលមិញ​​​។ សីុវ ចាន់ណា
សមាជិក​​​សហជីព​​​ម្នាក់​​​កំពុងចែក​​​ខិត្ត​​​ប័ណ្ណ​​​នៅ​​​ខាង​​​ក្រៅ​​​សួន​​​ឧស្សាហកម្ម​​​​​​កាណាឌីយ៉ា ក្នុង​​​រាជធានីភ្នំពេញ​​​ កាល​​​ពី​​​ម្សិលមិញ​​​។ សីុវ ចាន់ណា

បណ្ដា​​​មេដឹកនាំ​​​សហជីព​​​និយាយ​​​ថា សមា​​​ជិក​​​របស់​​​ខ្លួន​​​​​​ត្រូវ​​​​​​បាន​​​បណ្ដេញ​​​ចេញពី​​​ការងារ​​​​​​ដោយ​​​​​​សារ​​​ការ​​​​​​ចែក​​​​​​ចាយ​​​ខិត្តប័ណ្ណ​​​ផ្សព្វផ្សាយ​​​ពី​​​​​​កូដកម្ម​​​​​​​​​ស្នាក់​​​នៅ​​​តែ​​​ផ្ទះ​​​​​​មិន​​​ទៅ​​​ធ្វើ​​​ការ​​​​​​ពី​​​ថ្ងៃ​​​ទី១៧  ខែ​​​មេសា​​​ ដល់​​​ថ្ងៃ​​​ទី​​​២២​​​ ខែ​​​ដដែល​​​​​​។ ពួក​​​គេ​​​​​​និយាយ​​​ថា នគរបាល​​​បាន​​​ឃាត់​​​ខ្លួន​​​​​​​​​សមា​​​​​​ជិក​​​មួយ​​​ចំនួន​​​ទៀត​​​ ឬ​​​ដក​​​ហូត​​​ខិត្ត​​​ប័ណ្ណ​​​របស់​​​ពួក​​​គេ​​​​​​។​​​

ដោយ​​​គ្មាន​​​ការ​​​​​​រារាំង​​​​​​សហជីព​​​ចំនួន​​​ប្រាំ​​​បី​​​​​​ ដែល​​​គ្រោង​​​ធ្វើ​​​កូដកម្ម​​​ទាមទារ​​​ដំឡើង​​​ប្រាក់​​​ខែ កំពុង​​​​​​ងាក​​​ទៅ​​​​​​ផ្សព្វផ្សាយ​​​តាម​​​វិទ្យុ​​​ និង​​​​​​បណ្ដាញ​​​​​​ផ្សព្វផ្សាយ​​​សង្គម​​​ ដើម្បី​​​ទប់ស្កាត់​​​​​​ការ​​​​​​គំរាម​​​កំហែង​​​ទាំង​​​នេះ​​​។

លោកស្រី​​​​​​​​​ យ៉ាង សុភ័ណ្ឌ​​​ ប្រធាន​​​សហ​​​ព័ន្ធ​​​សហជីព​​​កម្ពុជា​​​​​​បា​​​​​​ន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​​​​កំពុង​​​តែ​​​ផ្សព្វផ្សាយ​​​ព័ត៌មាន​​​ស្ដីពី​​​​​​ព្រឹត្តិការ​​​ណ៍​​​នៅ​​​ប៉ុន្មាន​​​ថ្ងៃ​​​ខាង​​​មុខ​​​​​​តាម​​​រយៈ​​​ហ្វេសប៊ុក​​​ VOD [សំឡេង​​​ប្រជាធិបតេយ្យ​​​] និង​​​វិទ្យុ​​​អាស៊ី​​​សេរី”។ លោក​​​ស្រី​​​​​​និយាយ​​​ថា នៅពេល​​​​​​បណ្ដា​​​មេ​​​ដឹកនាំ​​​សហជីព​​​ត្រូវ​​​បាន​​​​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​​​​ឯក​​​រាជ្យ​​​ធ្វើ​​​​​​​​​បទ​​​សម្ភាស​​​ ពួកគេ​​​ត្រូវ​​​​​ផ្សព្វផ្សាយ​​​អំពី​​​​​​កូដកម្ម​​​នេះ​​​​​​។

លោក​​​ ស ម៉ូរ៉ា ប្រធាន​​​សហព័ន្ធ​​​សហ​​​ជីព​​​​​​កម្មករ​​​​​​ចំណី​​​អាហារ​​​​​​​​​និង​​​សេវាកម្ម​​​កម្ពុជា​​​​​​បាន​​​មា​​​ន​​​ប្រសាសន៍​​​ថា សហជីព​​​មួយ​​​ចំនួន​​​​​​ក៏​​​កំពុង​​​ប្រើប្រាស់​​​គេហទំព័រ​​​​​​​​​ផ្ទាល់​​​ខ្លួ​​​ន​​​ផង​​​ដែរ​​​​​​​​​និង​​​ Line ដែល​​​ជា​​​សេវា​​​ផ្ញើសារ​​​​​​ឥត​​​​​​គិត​​​ថ្លៃ​​​តាម​​​អីុន​​​ធើណិត​​​​​​ ដើម្បី​​​​​​ផ្សព្វផ្សាយ​​​​​​​​​ច្បាប់​​​ចម្លង​​​នៃ​​​ខិត្ត​​​ប័ណ្ណ​​​កូដកម្ម​​​នេះ​​​​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ដោយ​​​សារ​​​តែ​​​​​​​​​ហិរញ្ញវត្ថុ​​​របស់​​​យើង​​​មាន​​​កម្រិត​​​​​​ មធ្យោ​​​បាយ​​​របស​​​់​​​យើង​​​​​​ក៏​​​មាន​​​កម្រិត​​​​​​ដែរ​​​។ ដូច្នេះ​​​យើង​​​សង្ឃឹម​​​ថា តាម​​​រយៈ​​​ការ​​​​​​ជូន​​​ដំណឹង​​​​​​ដល់​​​កម្មករ​​​​​​ ​​​ពួក​​​គេ​​​នឹ​​​ង​​​​​​ផ្សព្វផ្សាយ​​​តៗគ្នា​​​ទៅ​​​មិត្ត​​​ភក្ដិ​​​ និង​​​ក្រុម​​​គ្រួសារ​​​របស់​​​ពួក​​​គេ​​​”។

លោក​​​ អាត់ ធន់​​​ ប្រធាន​​​​​​សហព័ន្ធ​​​​​​សហ​​​ជីព​​​​​​ប្រជាធិបតេយ្យ​​​កម្មករ​​​​​​កាត់​​​ដេរ​​​​​​កម្ពុជា​​​ ហៅ​​​កាត់​​​​​​ស៊ីខៅ​​​ឌូ បាន​​​មាន​​​ប្រសាសន៍​​​ថា ពួក​​​គេ​​​កំពុង​​​​​​ផ្សព្វផ្សាយ​​​ដំណឹង​​​នេះ​​​តាម​​​វិទ្យុ​​​ស្ត្រី​​​ អេហ្វ​​​​​​អឹម​​​១០២​​​ តាម​​​វិទ្យុ​​​មហានគរ​​​​​​អេហ្វ​​​អឹម​​​៩៣.៥​​​ និង​​​​​​តាម​​​​​​ស៊ីអិន​​​ស៊ី​​​ ជា​​​ស្ថានីយ​​​ទូរ​​​ទស្សន៍​​​មួយ​​​របស់​​​អ្នក​​​​​​ឧកញ៉ា​​​ គិត​​​​​​ ម៉េង​​​ ដែល​​​គេ​​​ដឹង​​​ឮ​​​ថា មាន​​​ទំនាក់​​​ទំនង​​​​​​ជិត​​​ស្និទ្ធ​​​​​​​​​នឹង​​​លោក​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​។

លោក​​​​​​បាន​​​​​​ថ្លែង​​​​​ទៀត​​​​​​ថា “សារ​​​របស់​​​យើង​​​​​​​​​នឹ​​​ង​​​​​​ទៅ​​​ដល់​​​​​​កម្មករ​​​​​​២០​​​ភាគ​​​រយ​​​ ប៉ុន្តែ​​​ពួក​​​គេ​​​​​​នឹង​​​ជួយ​​​យើង​​​​​​ឲ្យ​​​​​​​​​ដល់​​​៦០​​​ភាគ​​​រយ​​​។ យើង​​​គ្មាន​​​​​​មធ្យោបាយ​​​ផ្សេង​​​ទេ​​​​​​ ពីព្រោះ​​​រដ្ឋាភិបាល​​​​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​យើង​​​ធ្វើ​​​បាតុកម្ម​​​ ឬ​​​ហែក្បួន​​​ឡើយ​​​ ដូច្នេះ​​​នេះ​​​ជា​​​អ្វី​​​​​​​​​ដែល​​​​​​យើង​​​អាច​​​ធ្វើ​​​បាន​​​ដើម្បី​​​ជំរុញ​​​រដ្ឋាភិបាល​​​និង​​​រោង​​​ចក្រ​​​​​​​​​ឲ្យ​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​សម្រាប់​​​ពួក​​​​​​យើង​​​”។

ការ​​​ទាមទារ​​​ធំៗ​​​របស់​​​សហជីព​​​ទាំង​​​នេះ​​​​​​ដូច​​​មាន​​​បង្ហាញ​​​​​​​​​នៅ​​​ក្នុង​​​ខិត្ត​​​ប័ណ្ណ​​​របស់​​​ពួក​​​គេ​​​​​​​​​ រួម​​​មាន​​​​​​កា​​​រទាមទារ​​​ដំឡើង​​​ប្រាក់ខែ​​​គោល​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​ពី​​​១០០​​​ដុល្លារ​​​ទៅ​​​១៦០​​​ដុល្លារក្នុង​​​មួយ​​​ខែ​​​ និង​​​​​​ការ​​​ដោះលែង​​​ជា​​​បន្ទាន់​​​​​​នូវ​​​​​​បុរស​​​​​​២១​​​នាក់​​​ដែល​​​កំពុង​​​​​​ជាប​​​់​​​ពន្ធ​​​នាគារ​​​នៅ​​​ឡើយ​​​ ក្រោយ​​​ពី​​​ការ​​​​​​ចាប់​​​​​​ខ្លួន​​​ជា​​​បន្ត​​​បន្ទាប់​​​អំឡុង​​​កូដកម្ម​​​លើ​​​ក​​​ចុង​​​ក្រោយ​​​កាល​​​​​​ពី​​​ដើម​​​ខែ​​​មករា​​​។

កូដកម្ម​​​ទាំង​​​​​​​​​នោះ​​​​​​បាន​​​បញ្ចប់​​​ភ្លាមៗ​​​​​​បន្ទាប់​​​ពី​​​​​​​​​កង​​​​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​​​​ធ្វើ​​​​​​ការ​​​​​​បង្ក្រាប​​​​​​​​​យ៉ាង​​​ហិង្សា​​​​​​ដោយ​​​​​​បាញ់​​​​​​ប្រហារ​​​ទៅ​​​លើ​​​ក្រុម​​​បាតុករ​​​កាល​​​ពី​​​​​​ថ្ងៃ​​​ទី​​​៣ ខែ​​​មករា បណ្ដាល​​​ឲ្យ​​​​​​មនុស្ស​​​ប្រាំ​​​នាក់​​​បាត់​​​បង់​​​ជីវិត និង​​​រាប់​​​សិប​​​នាក់​​​ផ្សេង​​​ទៀត​​​​​​រង​​​របួស​​​។

ទោះ​​​បី​​​ជា​​​ងាក​​​ទៅ​​​រក​​​​​​ការ​​​​​​ផ្សព្វផ្សាយ​​​តាម​​​រលក​​​​​​និង​​​​​​​​​ប្រព័ន្ធ​​​អីុនធើណិត​​​​​​ក៏​​​ដោយ​​​ ក៏​​​សហ​​​ជីព​​​ទាំង​​​នេះ​​​​​​នឹង​​​​​​មិន​​​​​​​​​បោះបង់​​​ការ​​​ចែក​​​​​​ខិត្ត​​​ប័ណ្ណ​​​បែប​​​ចាស់​​​គំរឹល​​​ឡើយ​​​។

លោក អាត់ ធន់ បានមាន​​​ប្រសាសន៍​​​ថា ​​​សហជីព​​​ចំនួន​​​ប្រាំ​​​បី​​​នេះ​​​បាន​​​​​​បោះពុម្ព​​​ខិត្ត​​​ប័ណ្ណ​​​សរុប​​​ទាំងអស់​​​​​​ប្រហែល​​​១០០.០០០​​​សន្លឹក​​​ ហើយ​​​​​​នៅ​​​សល់​​​ប្រហែល​​​២០.០០០​​​សន្លឹក​​​​​​ សម្រាប់​​​ចែក​​​​​​ចាយ​​​​​​។

សកម្មជន​​​​​​សហជីព​​​​​​រាប់​​​​​​សិប​​​នាក់​​​​​​បាន​​​ដើរ​​​​​​ប្រសេច​​​ប្រសាច​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ​​​​​​តាម​​​បណ្ដោយ​​​​​​ផ្លូវ​​​វេង​​​ស្រេង​​​​ ជា​​​កន្លែង​​​បាញ់​​​កម្ម​​​ករ​​​ស្លាប់​​​​​​កាល​​​​​​ពី​​​ខែ​​​មករា ដើម្បី​​​​​​ចែក​​​ចាយ​​​​​​​​​ខិត្ត​​​ប័ណ្ណ​​​ដល់​​​​​​​​​កម្មករ​​​​​​នៅ​​​ពេល​​​ពួក​​​គេ​​​សម្រាក​​​ពី​​​ការងារ​​​ដើម្បី​​​ទទួល​​​ទាន​​​អាហារ​​​ថ្ងៃ​​​ត្រង់​​​​​​។

លោក​​​ ប៉ាវ ស៊ីណា ប្រធាន​​​សហ​​​ព័ន្ធ​​​សហ​​​ជីព​​​​​​​​​ចលនា​​​កម្មករ​​​​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​​​​មិន​​​ព្រួយ​​​បារម្ភ​​​​​​​​​ចំពោះ​​​សុវត្ថិភាព​​​របស់​​​យើង​​​ទេ​​​។ ប្រសិន​​​បើ​​​រដ្ឋាភិបាល​​​​​​ចោទប្រកាន់​​​យើង​​​ពី​​​បទ​​​ញុះញង់​​​​​​វា​​​ជា​​​រឿង​​​​​​ធម្មតា​​​ទៅ​​​​​​ហើយ​​​សម្រាប់​​​​​​រដ្ឋាភិបាល​​​ ពីព្រោះ​​​យើង​​​មិន​​​មែន​​​ជា​​​អ្នក​​​គាំទ្រ​​​រដ្ឋាភិបាល​​​”។

រដ្ឋាភិបាល​​​របស់​​​គណបក្ស​​​​​​ប្រជាជន​​​កម្ពុជា​​​តែង​​​តែ​​​ប្រើប្រាស់​​​​​​បទ​​​ញុះញង់​​​​​​ ដើម្បី​​​ចោទ​​​ប្រកាន់​​​​​​អ្នក​​​​​​ចែក​​​ខិត្តប័ណ្ណ​​​ ដែល​​​មាន​​​សារ​​​ដែល​​​ខ្លួន​​​មិន​​​ចូលចិត្ត​​​។ បណ្ដា​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​និយាយ​​​ថា ការ​​​​​​ឲ្យ​​​និយម​​​ន័យ​​​របស់​​​រដ្ឋាភិបាល​​​លើ​​​ពាក្យ​​​ថា ញុះញង់​​​ មាន​​​លក្ខណៈ​​​ទូលំទូលាយ​​​ទេ​​​​​​​​​ ដោយ​​​រដ្ឋាភិបាល​​​​​​​​​តែង​​​តែ​​​ប្រើប្រាស់​​​វា​​​ដើម្បី​​​បង្ក្រាប​​​លើ​​​ការ​​​បញ្ចេញ​​​មតិ​​​យោបល់​​​ដែល​​​គួរ​​​តែ​​​​​​ទទួល​​​បាន​​​ការ​​​ការពារ​​​ដោយ​​​ច្បាប់​​​។

អំឡុង​​​ពេល​​​សហជីព​​​​​​ទាំង​​​នេះ​​​​​​​​​ចែក​​​ចាយ​​​​​​ខិត្ត​​​ប័ណ្ណ អាជ្ញា​​​បាន​​​បន្ត​​​គំរាម​​​ចាប់​​​ខ្លួន​​​។ ប៉ុន្តែ​​​ពួក​​​គេ​​​​​​​​​បដិសេធ​​​មិន​​​ព្រម​​​និយាយ​​​ឲ្យ​​​បាន​​​ច្បាស់​​​ថា ច្បាប់​​​​​​ណា​​​ដែល​​​ផ្ដល់​​​សិទ្ធិ​​​ឲ្យ​​​ពួក​​​គេ​​​ចាប់​​​ខ្លួន​​​​​​នោះ​​​ទេ​​​។

កាល​​​ពីម្សិលមិញ​​​ លោក​​​ ឡុង​​​ ឌីម៉ង់ អ្នក​​​នាំពាក្យ​​​សាលា​​​រាជធានីភ្នំពេញ​​​​​​​​​មិន​​​បាន​​​លើក​​​ឡើង​​​​​​​​​ពី​​​មូល​​​ដ្ឋាន​​​ច្បាប់​​​​​​មក​​​ធ្វើ​​​ជា​​​លេស​​​​​​សម្រាប់​​​​​​ការ​​​គំរាម​​​កំហែង​​​​​​នេះ​​​ទេ​​​។​​​លោ​​​ក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​មិន​​​មែន​​​ជា​​​ច្បាប់​​​ទេ ប៉ុន្តែ​​​វា​​​ជា​​​វិធាន​​​​​​ដែល​​​​​​ពួក​​​គេ​​​ត្រូវ​​​តែ​​​សុំ​​​ការ​​​អនុញ្ញាត​​​ពី​​​សាលា​​​រាជធានី​​​សិន ​​​មុន​​​ពេល​​​ស្ថាប័ន​​​ ឬ​​​ក្រុម​​​ហ៊ុន​​​ណាមួយ​​​ចែក​​​ចាយ​​​ខិត្ត​​​ប័ណ្ណ​​​នៅ​​​តាម​​​ទីសាធារណៈ​​​”។​​​​​​​​​​​ លោក​​ ឡុង​​​ ឌីម៉ង់ មិន​​​បាន​​​ពន្យល់​​​ថា វិធាន​​​នេះ​​​ចេញ​​​ពី​​​ណា​​​មក​​​ទេ​​​៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស