26 C
Phnom Penh

តុលាការ​បើ​កសវនាការ​ជំនុំ​ជម្រះ​ក្តី​នៅ​ក្នុង​សំណុំ​រឿង​មនុស្ស​ចំនួន​បី​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​រត់​ពន្ធ​គ្រឿង​ញៀន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​បើក​សវនាការ​ជំនុំជម្រះ​រឿង​ក្តី​នៃ​សំណុំ​​​រឿង​ដែល​ជន​បរទេស​ចំនួន​បី​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​រត់​ពន្ធ​ថ្នាំ​ញៀន​ប្រភេទ​ ហេរ៉ូអុីន ទម្ងន់​២២​គីឡូ​ក្រាម​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​ កាល​ពី​ខែ​កញ្ញា។

ជន​សង្ស័​យ​ឈ្មោះ​ យូសេ​ អាន ថាយ​​​ល័រ​​​(Yoshe Ann Taylor) ជន​ជាតិ​អូស្ត្រាលី​ អាយុ​៤១​ឆ្នាំ​ និង​ជន​សង្ស័យ​ ស្សាឡង់  សាវ៉ារីណូ (Charlene Savarino) ដែល​ជា​ជន​ជាតិ​បារាំង​ត្រូវ​បាន​ចាប់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​កញ្ញា​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​​ នៅ​ពេល​នគរបាល​បាន​រក​ឃើញ​គ្រឿង​ញៀន​ដែល​លាក់​នៅ​ក្នុង​សាក់កាដូរ​បស់​ជន​សង្ស័យ​​ថាយល័រ។ ក្រោយ​មក​នគរបាល​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ ឈ្មោះ​ ព្រី​សឺស ឈីណេមេវ​​​ណូកូ (Precious Chinemewnoko) ជន​ជាតិ​នីហ្សេរីយ៉ា​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ជា​​​​ មេ​ខ្លោង​នៅ​ក្នុង​ក្រុម​នៅ​ខណ្ឌ​ចំការមន​។

កាល​ពី​ម្សិលមិញ​ ជន​សង្ស័យ​ ថាយល័រ​ បាន​ប្រាប់​តុលាការ​ថា សាក់កាដូ​ដែល​នាង​​​ស្ពាយ​​នៅ​ពី​ក្រោយ​មិន​មែន​ជា​របស់​នាង​ទេ​។​ នាង​បាន​លើ​កឡើង​ថា វា​ជា​កម្មសិទ្ធិ​របស់​ជន​សង្ស័យ​ ឈីណេមេវណូកូ ដែល​សុំ​ឲ្យ​នាង​​​​ស្ពាយ​យក​ទៅ​ប្រទេស​អូស្ត្រាលី​។

នាង​បាន​និយាយថា “ខ្ញុំ​មិន​ដឹង​ថា សាក់​កាដូ​នេះ​មាន​គ្រឿង​ញៀន​ឡើយ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​មាន​គ្រឿង​ញៀន​ នៅ​ពេល​​​នគរ​បាល​​បាន​មក​ចាប់​ខ្លួន​ខ្ញុំ​នៅ​ឯ​អាកាស​យាន​ដ្ឋាន​ ហើយ​បាន​ឲ្យ​ខ្ញុំ​បើ​ក​សាក់​កាដូនោះ​”។

ជន​សង្ស័យ​ ថាយល័រ​ បាន​លើក​ឡើង​ទៀត​ថា សាក់​កាដូ​នេះ​ត្រូវ​ សាវ៉ារីណូ​ ដែល​ជា​មិត្ត​ស្រី​របស់​ ឈីណេមេវណូកូ​ បាន​ប្រគល់ ​ឲ្យ​នាង​អំឡុង​ពេល​នោះ​។ សាវ៉ារីណូ​ បាន​និយាយ​​កាល​ពី​ម្សិល​មិញ​ថា​ នាង​បាន​ស្ពាយ​សាក់​កាដូ​នេះ​ឲ្យ​ ឈីណេមេវ​ណូកូ​ ហើយ​ក្រោយ​មក​បាន​ប្រគល់​ទៅ​ឲ្យ​ជន​សង្ស័​យ​ ថាយល័រ ប៉ុន្តែ​នាង​មិន​បាន​ដឹង​ថា ក្នុង​សាក់​កាដូនោះ​មាន​ថ្នាំ​ញៀន​ឡើយ​៕​ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស