អ្នកនាំពាក្យរដ្ឋាភិបាលលើកឡើងថា លោក អានីល វ៉ាដវ៉ា (Anil Wadhwa) អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌាបានជួបពិភាក្សាជាមួយលោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជាកាលពីម្សិលមិញ ហើយបានសន្យាផ្ដល់ឥណទានជាច្រើនលានដុល្លារតាមការស្នើសុំរបស់លោក ហោ ណាំហុង។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតថា លោក ហោ ណាំហុង ក៏បានពិភាក្សាអំពីស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជាដែរអំឡុងជំនួបរបស់លោកជាមួយ លោក អានីល វ៉ាដវ៉ា។
លោក កុយ គួង បានមានប្រសាសន៍ថា លោក ហោ ណាំហុង បានប្រាប់ទៅលោក អានីល វ៉ាដវ៉ា ថា “ស្ថាប័នទាំងអស់របស់រដ្ឋាភិបាលកំពុងដំណើរការយ៉ាងរលូន ហើយកំណើនសេដ្ឋកិច្ចកំពុងរីកចម្រើនបានល្អ”។ លោកបានបន្តថា ពេលនោះលោក ហោ ណាំហុង បានស្នើសុំថវិកាដើម្បីបង្ហើយការដំឡើងបណ្ដាញបញ្ជូនអគ្គិសនីមួយរវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។
លោកថ្លែងថា “ឥណ្ឌាបានជួយយើង៣០លានដុល្លាររួចហើយ ប៉ុន្តែវាមិនទាន់បញ្ចប់នៅឡើយទេ។ លោកឧបនាយករដ្ឋមន្ត្រី បានស្នើសុំឥណទាន២០លានដុល្លារបន្ថែមដើម្បីបង្ហើយគម្រោងនេះ”។ លោក ហោ ណាំហុង ក៏បានស្នើសុំ៣៧លានដុល្លារសម្រាប់គម្រោង “អភិវឌ្ឍន៍ធនធានទឹក” មួយនៅក្នុងខេត្តកំពង់ស្ពឺផងដែរ។
លោក កុយ គួង បានមានប្រសាសន៍ទៀតថា “ពាក់ព័ន្ធនឹងគម្រោងនេះ លោកអនុរដ្ឋមន្ត្រី [លោក អានីល វ៉ាដវ៉ា] បានមានប្រសាសន៍ថា លោកនឹងចុះកិច្ចព្រមព្រៀងមួយនៅសប្ដាហ៍ក្រោយ”៕សុខុម