យោងតាមមន្ត្រីមូលដ្ឋានបានឲ្យដឹងថា ការផ្ទុះមីនកប់ក្នុងដីនៅក្នុងខេត្តកោះកុង និងខេត្តកំពតកាលពីថ្ងៃច័ន្ទ និងថ្ងៃអង្គារ បានបណ្ដាលឲ្យបុរសម្នាក់ និងក្មេងស្រីវ័យជំទង់ម្នាក់រងរបួសជាទម្ងន់។
លោក ឈីម និន ប្រធាននគរបាលព្រំដែនខេត្តបានមានប្រសាសន៍ថា កាលពីថ្ងៃអង្គារក្មេងស្រី សួត ម៉ាទីម៉ាស់ អាយុ១៤ឆ្នាំបានឡើងដើមឈើមួយដើមនៅក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ជិតព្រំដែនថៃ។ នៅពេលលោតចុះពីដើមឈើវិញ នាងក៏ជាន់ត្រូវមីនមួយគ្រាប់បណ្ដាលឲ្យផ្ទុះ។
វរសេនីយ៍ទោ ឈីម និន បានមានប្រសាសន៍ថា នគរបាលព្រំដែនដែលឈរជើងនៅក្បែរនោះបានធ្វើប្រតិបត្តិការក្រោយពីឮសំឡេងផ្ទុះ ហើយបានប្រទះឃើញកុមារីរងគ្រោះស្រែកយំនៅនឹងគល់ឈើ។ ក្មេងស្រីរូបនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត ដើម្បីទទួលការព្យាបាល ដោយសារតែជើងរបស់នាងរងរបួសជាទម្ងន់នៅក្នុងហេតុការណ៍ផ្ទុះមីននោះ។
ក្នុងករណីដោយឡែកពីគ្នា ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត នៅក្បែរព្រំដែនប្រទេសវៀតណាម លោក ឆាយ សឿន ដែលមានវ័យ៥៣ឆ្នាំ បានរងរបួស ខណៈពេលកំពុងដុតវាលប្ញស្សីនៅចម្ងាយប្រហែល១គីឡូម៉ែត្រពីផ្ទះរបស់គាត់។
យោងតាមលោក សីុម នៅ អធិការរងស្រុកបានឲ្យដឹងថា នៅពេលវាលប្ញស្សីនោះកំពុងឆេះងំនៅឡើយគាត់បានអូសដើមប្ញស្សីពីរដើមកាត់ទីវាលនោះ ហើយពេលនោះមីនកាប់ក្នុងដីមួយគ្រាប់ក៏បានផ្ទុះឡើង។ លោកបានមានប្រសាសន៍ទៀតថា ការផ្ទុះនេះបើមិនបណ្ដាលមកពីកម្ដៅភ្លើងទេនោះ ក៏បណ្ដាលមកពីប្ញស្សីលោក ឆាយ សឿន បានអូសកាត់ដែរ។
បុរសជាកសិកររូបនេះបានរងរបួសចំហៀងខ្លួនខាងស្ដាំ និងខ្នងដោយសារតែអំបែងគ្រាប់មីន ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមួយក្បែរនោះនៅក្នុងប្រទេសវៀតណាម៕ សុខុម