មន្ត្រីម្នាក់បានដឹងថា កាលពីម្សិលមិញប្រជាពលរដ្ឋចំនួនប្រាំបីគ្រួសារដែលជាប់ពាក់ព័ន្ធក្នុងវិវាទដីធ្លីមួយនៅក្នុងខេត្តកំពង់ឆ្នាំង ជាមួយអ្នកស្រី ជា ខេង ភរិយារបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បាននាំគ្នាដើរចេញពីជំនួបប្រជុំមួយ ដែលត្រូវបានរៀបចំនៅឯការិយាល័យរដ្ឋបាលស្រុករបស់ពួកគាត់ដើម្បីដោះស្រាយ ជម្លោះនេះ។
លោក ហ៊ុល ចាន់ថូ អភិបាលស្រុកកំពង់ត្រឡាច បានមានប្រសាសន៍ថា ជំនួបនេះត្រូវបានធ្វើឡើងដើម្បីពិភាក្សាពីលទ្ធភាពក្នុងការបង់សំណងឲ្យគ្រួសារប្រជាពលរដ្ឋដែលពាក់ព័ន្ធក្នុងវិវាទដីធ្លីជាមួយក្រុមហ៊ុន KDC Interna-tional របស់អ្នកស្រី ជា ខេង តាំងពីក្រុមហ៊ុននេះចូលកាន់កាប់ដីស្រែចម្ការ១៤៥ហិកតាក្នុងឆ្នាំ២០០៧។
លោកបានមានប្រសាសន៍ថា “យើងបានអញ្ជើញប្រជាជនទាំងនោះមកជួបប្រជុំគ្នាដើម្បីដោះស្រាយបញ្ហានេះនៅថ្ងៃនេះ ក៏ប៉ុន្តែពួកគាត់មិនស្ដាប់គណៈកម្មាធិការនេះទេ ហើយពួកគេបានដើរចេញពីជំនួបប្រជុំនេះពីព្រោះពួកគេមិនសប្បាយចិត្តនឹងគោលការណ៍សំណងនេះឡើយ”។
លោក ចាន់ថូ ដែលបានចូលរួមជំនួបប្រជុំនេះដែរបានលើកឡើងថា ក្នុងចំណោមប្រជាពលរដ្ឋ៥២គ្រួសារដែលពាក់ព័ន្ធនឹងជម្លោះនេះ មាន៣៥គ្រួសារ បានយល់ព្រមលើដំណោះស្រាយមួយរួចហើយ។
លោក ចាន់ថូ បានឲ្យដឹងថា “យើងកំពុងតែព្យាយាមស្វែងរកដំណោះស្រាយមួយសម្រាប់ប្រជាជនដែលនៅសេសសល់ទាំងនេះ ក៏ប៉ុន្តែយើងប្រឈមនឹងបញ្ហាមួយ ពីព្រោះគ្រួសារខ្លះគ្មានបំណងដោះស្រាយបញ្ហាជាមួយយើងទេ”។ លោកបានបន្ថែមថា លោកគិតថា មានគេកំពុងលើកទឹកចិត្តគ្រួសារទាំងនេះមិនឲ្យសហការជាមួយអាជ្ញាធរឡើយ។
ឈ្មោះ រាជ សីមា អាយុ៤៣ឆ្នាំ ដែលមានដីមួុយហិកតា ពាក់ព័ន្ធក្នុងជម្លោះនេះបានមានប្រសាសន៍ថា គ្រួសាររបស់លោកបានដើរចេញពីជំនួបប្រជុំកាលពីម្សិលមិញ ដោយសារតែការផ្ដល់សំណងតិចពេក។
លោក សីមា បានឲ្យដឹងថា លោកជឿថា ដីដែលមានបញ្ហាមានតម្លៃ១០.០០០ដុល្លារក្នុងមួយហិកតា ក៏ប៉ុន្តែថា ក្រុមហ៊ុន KDC ផ្ដល់ប្រាក់ឲ្យគ្រួសារនីមួយៗពីតែមួយលានរៀលទៅប្រាំមួយលានរៀល (ឬប្រហែល២៥០ដុល្លារទៅ១.៥០០ដុល្លារ) ៕ ប៊ុននី