ផ្នែកទាំងពីរនៃស្ពានជ្រោយចង្វាទី២ត្រូវបានភ្ជាប់គ្នាកាលពីម្សិលមិញនៅក្នុងពិធីមួយក្រោមអធិបតីភាពរបស់លោក ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ លោក ត្រាំ អីុវតឹក បានលើកឡើងថា ស្ពានដែលឧបត្ថម្ភដោយចិននេះនឹងត្រូវបញ្ចប់ត្រឹមខែកញ្ញា។

លោក អីុវតឹក បានមានប្រសាសន៍នៅក្នុងពិធីនោះថា “ការចំណាយលើការសាងសង់ស្ពាននេះគឺមានទឹកប្រាក់ចំនួន២៧,៥លានដុល្លារ ហើយថវិកាគឺបានមកពីសាធារណរដ្ឋប្រជាមានិតចិន និងរដ្ឋាភិបាលកម្ពុជា”។
ក្រុមហ៊ុនសាជីវកម្មសាងសង់ស្ពាននិងផ្លូវថ្នល់របស់ចិនកំពុងមើលការខុសត្រូវលើការសាងសង់ស្ពានប្រវែង២៧៥ម៉ែត្រដែលធ្វើឲ្យគ្រួសារមួយចំនួនរស់នៅក្បែរស្ពាននេះត្រូវបណ្តេញចេញ ឬក៏ឲ្យផ្លាស់ទីតាំងថ្មី។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹងបញ្ហាទាំងនេះ ហើយលោកបានលើកឡើងថា លោកចង់ថ្លែងអំណរគុណដល់ “ប្រជាពលរដ្ឋដែលរស់នៅក្បែរស្ពាន និងដែលបានចាកចេញពីផ្ទះរបស់ខ្លួន” ដើម្បីជួយសម្រួលដល់ការសាងសង់។
កម្មករដែលស្លៀកឯកសណ្ឋានពណ៌ខៀវមានស្លាកសញ្ញា CRBC បានចាក់ និងធ្វើឲ្យ ស៊ីម៉ង់ត៍រាបស្មើនៅផ្នែកចុងក្រោយនៃកំណាត់ស្ពានដោយធ្វើឲ្យការសាងសង់ដែលបានចាប់ផ្តើមប្រហែលជាពីរឆ្នាំកន្លះមកហើយត្រូវបានបញ្ចប់។ បន្ទាប់មកការងារបានចាប់ផ្តើមនៅលើច្រាំងទន្លេសាបក្នុងសង្កាត់ចំនួនពីរក្នុងខណ្ឌឫស្សីកែវ។
កម្មករសំណង់ម្នាក់ ឈ្មោះ ទូច ណាង បាននិយាយថា ការតភ្ជាប់ផ្នែកទាំងពីរនៃស្ពាននេះ មានន័យថា ការងារនៅដំណាក់កាលចុងក្រោយអាចចាប់ផ្តើមបានហើយ។ គាត់បាននិយាយទៀតថា “យើងបានតភ្ជាប់ផ្នែកចុងក្រោយដែលមានប្រវែងពីរម៉ែត្រនៅថ្ងៃនេះ ហើយយើងចាប់ផ្តើមចាក់ប៉េតុងស្ពាន បន្ទាប់ពីសាងសង់របងស្ពានរួច”៕ ស៊ុយឈាង
(រាយការណ៍បន្ថែមដោយ Lauren Crothers)