40.9 C
Phnom Penh

ក្រុម​សិទ្ធិ​មនុស្ស​៖ ច្បាប់​ឧក្រិដ្ឋកម្ម​អីុន​ធើណិត​ជា​វិធី​បំបាត់​សំឡេង​របស់​សកម្ម​ជន​នៅ​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​បន្ទាប់​ពី​ច្បាប់​ថត​ចម្លង​ច្បាប់​ឧក្រិដ្ឋកម្ម​អីុន​ធើ​ណិត​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធ​អីុន​ធើ​ណិត​កាលពី​ម្សិលមិញ​ថា ច្បាប់របស់​ប្រទេស​កម្ពុជា​​នេះ​អាច​នឹង​ដាក់​ទោស​ដល់​អ្នក​ដែល​ប្រើ​ប្រាស់​អីុន​ធើណិតដើម្បី​ផ្សព្វ​ផ្សាយ​ទស្សន​​នយោ​បាយ​ប្រឆាំង និង​សំឡេង​ត្អូញ​ត្អែរ​អំពី​គណបក្ស​ប្រជាជន​កម្ពុជា​។

យោង​តាម​ច្បាប់​នេះ​ អ្នក​ដែល​ផ្សព្វ​ផ្សាយ​​ខ្លឹម​សារ​អត្ថបទ​នៅ​លើ​អីុន​ធើណិតដែល​បង្ខូច ឬ​បន្ទាប​តម្លៃ​របស់​រដ្ឋាភិបាល នឹង​ប្រឈមនឹង​ការ​ជាប់​ពន្ធនាគារ​ និង​ការ​ផាក​ពិន័យ​។ ច្បាប់​នេះ​ក៏​បាន​បង្កើត​ស្ថាប័ន​ជាន់​ខ្ពស់​មួយ​ដែល​មាន​សមាជិក​គណៈកម្មាធិការ១៤​នាក់​ផង​ដែរ។ ស្ថាប័ន​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជាគណៈកម្មាធិការ​ជាតិ​ប្រឆាំង​ឧក្រិដ្ឋកម្ម​អីុន​ធើ​ណិត ក្រោម​ការ​ដឹក​នាំ​របស់​​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន និង​លោក​ឧបនាយក​រដ្ឋ​មន្ត្រី សុខ អាន ក្នុង​ការ​ត្រួត​ពិនិត្យ​ដំណើរការ​អនុ​វត្ត​ច្បាប់​នេះ និង​ប្រតិបត្តិការ​ស៊ើប​អង្កេត​។

លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេក​ទេស​អង្គការ​លីកាដូ បាន​មាន​ប្រសាសន៍​ថា “មាត្រា​នេះ​​មាន​ភាព​តឹង​រឹុង​ចំពោះ​សេរី​ភាព​បញ្ចេញ​មតិ​ សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ និង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​។ ប្រសិន​បើ​យើង​មើល​ទៅ​ប្រទេស​ចិន​ គេ​រឹត​បន្តឹង និង​ត្រួត​ត្រា​យោបល់​របស់​ប្រជាជន​។ យើង​មិន​ចង់​ឲ្យ​មាន​ច្បាប់​នេះ​ក្នុង​ប្រទេស​កម្ពុជាទេ ពីព្រោះ​កម្ពុជា​ជា​សង្គម​ប្រជាធិបតេយ្យ​”។

ច្បាប់​នេះ​បាន​បង្ហាញ​បទ​ល្មើស​ស្តង់ដារ​នាពេល​បច្ចុប្បន្ន​ ដូចជា​ ចារកម្ម​ទិន្នន័យ​ ការ​លួច​បន្លំ​ពាក់​ព័ន្ធ​នឹង​ម៉ាស៊ីន​កុំព្យូទ័រ និង​រូ​ប​អាស​គ្រាមកុមារ​ជាដើម​​។ ក៏​ប៉ុន្តែ មាត្រា​២៨​ចែង​អំពី​​ខ្លឹមសារ​ និង​គេហទំព័រ​ដែល​អង្គការ​សិទ្ធិ​មនុស្ស​នានា​មាន​ចង្ងល់​ទាក់​ទង​នឹង​ច្បាប់​នេះ។

លោកស្រី ចក់ សុភាព នាយក​ប្រតិបត្តិមជ្ឈ​មណ្ឌល​​សិទ្ធិ​មនុស្ស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា “នេះគឺ​ជា​បញ្ញត្តិចែង​ច្បាស់​មួយ​ដែល​មាន​ផល​វិបា​ក​​ធ្ងន់​ធ្ងរ​ទៅ​លើ​សេរី​ភាព​បញ្ចេញ​មតិ​នៅ​ក្នុង​​ប្រទេស​កម្ពុជា​”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “មាត្រា​២៨​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​វាយ​ប្រហារ​សកម្មជន​សិទ្ធិ​មនុស្ស​ ឬក៏​គណ​បក្ស​ប្រឆាំង​។ ឧទាហរណ៍​ អ្នក​ប្រើ​ប្រាស់​អីុន​ធើណិត​ជាច្រើន​មាន​យោបល់​រិះ​គន់​យ៉ាង​ច្រើន​ និង​លែង​​​ស្តាប់​គណបក្ស​តែ​មួយ​ទៀត​ហើយ។ ពួកគេ​មាន​គំនិត​របស់​ពួក​គេ​សម្រាប់​បញ្ចេញ​”។

មាត្រា​២៨​បង្ហាញ​ពី​បទ​ល្មើស​ជាច្រើន​ដែល​មាន​បំណង​បោះ​ពុម្ព​ផ្សាយ​ខ្លឹមសារ​។ បទ​ល្មើស​មួយ​ផ្តោត​ទៅ​លើ​ការ​បោះ​ពុម្ព​ផ្សាយ​ព័ត៌មាន ដែល​ត្រូវ​បាន“ចាត់​ទុក​ថា មិន​ពិត​ និង​ជា​ការ​បង្ខូច​ ឬ​ក៏​បន្ទាប​តម្លៃ​របស់​ទីភ្នាក់​ងារ​រដ្ឋាភិបាល​ ក្រសួង​ នាយកដ្ឋាន​ មន្ទីរ​ ស្ថាប័ន​ ថ្នាក់​ជាតិ​ ឬ​មូលដ្ឋាន”។

បទ​ល្មើស​ផ្សេង​ៗទៀត​មាន​ដូចជា ខ្លឹមសារ​ដែល​ចាត់​ទុក​ថា បន្ទាប​តម្លៃ​​ប្រទេស​កម្ពុជា​ ញុះញង់​ប្រជាជន​ទូទៅ​ និង​បង្ក​អសន្តិសុខ​ និង​អស្ថិរភាព​។  ទោះ​បីជា​យ៉ាងណា  មាត្រា​នេះ​មិន​មាន​ចំណុច​យោងជាក់​លាក់​ទាក់​ទង​នឹង​បណ្តាញ​សង្គម​ដែល​កាល​ពី​ឆ្នាំ​មុន​បាន​ក្លាយ​ជា​ច្រក​ផ្សព្វ​ផ្សាយ​ដ៏​ពេញ​និយម​ក្នុង​ចំណោម​សកម្ម​ជន​ក្នុង​ស្រុក​ និង​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​។

បទ​ល្មើស​នីមួយ​ៗ​អាច​មាន​ការ​ដាក់​ទោស​ជន​ល្មើស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ​ទៅ​បី​ឆ្នាំ​ និង​ផាក​ពិន័យ​ជា​ប្រាក់២.០០០.០០០លាន​រៀល​ ឬ​៥០០ដុល្លារ​​ ទៅ​៦.០០០.០០០លាន​រៀល​ ឬ​១.៥០០ដុល្លារ។

ក៏​ប៉ុន្តែ ការ​កំណត់​អំពើ​ឧក្រិដ្ឋ​ នឹង​អាស្រ័យ​ទៅ​លើ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​អីុន​ធើណិត​។ ច្បាប់​នេះ​ចែង​ថា “មន្ត្រី​គណៈ​កម្មា​ធិការ​ជាតិប្រឆាំងឧក្រិដ្ឋកម្ម​អីុន​ធើណិត​ដែល​ត្រូវ​បាន​តែង​តាំង​ជា​នគរបាល​យុត្តិធម៌​ ទទួល​បន្ទុក​ប្រតិបត្តិការ​ស៊ើប​អង្កេតបទ​ល្មើស​ឧក្រិដ្ឋកម្ម​អីុន​ធើណិត”។

ច្បាប់​នេះ​​ចែងទៀត​ថា គណៈកម្មាធិការ​នេះ​ “នឹងបញ្ជូន​ព័ត៌មាន​ទាំង​អស់​ទៅ​ព្រះ​រាជ​អាជ្ញា​ដើម្បី​ចាត់​វិធានការ​បន្ថែម​ទៀត​​ឲ្យ​សម​ស្រប​តាម​បញ្ញត្តិនៃក្រម​នីតិព្រហ្ម​ទណ្ឌ​”។

លោក អ៊ូ បញ្ញារិទ្ធ​ ប្រធាន​នាយក​ដ្ឋាន​ព័ត៌​មាន និង​សន្តិសុខ​បច្ចេកវិទ្យា​​គមនាគមន៍​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ និង​សមាជិក​មួយ​រូប​ក្នុង​គណៈកម្មាធិការ​នេះ​មិន​អាច​ទំនាក់​ទំនង​សុំ​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​។

លោក ផៃ ស៊ីផាន ជាអ្នក​នាំពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​​ បាន​បដិសេធមិន​ធ្វើ​អត្ថាធិ​ប្បាយ​ ពីព្រោះ​ច្បាប់​នេះ​មិន​ទាន់​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​នៅ​ឡើយ​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​អាន​វាដែរ ប៉ុន្តែ មិន​ទាន់​ចេញ​ជា​សាធារណៈ​នៅ​ឡើុយ​ទេ។ វា​គ្រាន់​តែ​ជាពាក្យ​និយាយ​តៗ​គ្នា​ប៉ុណ្ណោះ”៕ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស