27 C
Phnom Penh

នគរបាល​រឹបអូស​សារធាតុ​គីមី​ធ្វើ​សាប៊ូ​ក្លែង​ក្លាយ​៣០​តោន​ និង​ចាប់​ខ្លួនជនជាតិចិន​​ម្នាក់នៅ​ខេត្ត​កណ្តាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ នគរ​បាល​បាន​បង្ក្រាប​​​​​នូវ​អ្វី​ដែល​ពួកគេ​ជឿ​ថា ជា​ប្រតិបត្តិការ​ផលិត​​​សាប៊ូខុស​ច្បាប់​មួយ​ ដោយរឹបអូស​បាន​សារ​ធាតុ​គីមី​ខុស​ច្បាប់​៣០​តោន និង​ចាប់​ខ្លួន​ជន​ជាតិ​ចិន​ម្នាក់​នៅ​ក្នុង​ខេត្ត​កណ្ដាល​។

យោងតាម​លោកឧត្តមសេនីយ៍​ត្រី ឡុង ស្រេង ប្រធាន​នាយក​ដ្ឋាន​នគរ​បាល​សេដ្ឋ​កិច្ច​នៃក្រសួង​មហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា សារ​ធាតុគីមី​ដែលដាក់នៅក្នុងធុងឈើធំៗពណ៌​ខៀវ ​​ត្រូវ​​បាន​រក​ឃើញ​នៅ​ក្នុង​ឃ្លាំង​មួយ​​ដែល​ជា​របស់​អ្នក​ជំនួញ​ជនជាតិ​ចិនម្នាក់​នៅ​ក្នុង​ឃុំ​ស្វាយរលំ ស្រុក​ស្អាង។ លោក​បានមានប្រសាសន៍ថា “សារធាតុ​គីមីទាំង​នេះ​កំពុង​ត្រូវ​ប្រើ​ដើម្បីធ្វើ​សាប៊ូ​លក់​នៅ​តាម​ទីផ្សារ​ក្នុងទី​ក្រុង ដែល​យើង​បាន​ចំណាយ​ពេល​ស៊ើប​អង្កេត​រយៈ​ពេល​ជាង​១០​ថ្ងៃ​”។

​កន្លង​មក នគរ​បាល​បានរកមធ្យោបាយ​ដោះស្រាយជាមួយ​មេក្រុម​​ផលិត​គ្រឿង​សម្អាង​ខុស​ច្បាប់ និង​សាប៊ូ ដែល​ប្រើ​សារ​ធាតុ​​គីមី​ ដែល​អាច​បណ្ដាល​ឲ្យស្បែករោល​កន្ទួល ឬ​​បញ្ហា​សុខភាព​ផ្សេងទៀត។

លោកឧត្តមសេនីយ៍ត្រី ឡុង ស្រេង បាន​បដិសេធ​មិន​ប្រាប់​ឈ្មោះអ្នក​ជំនួញ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ​ដោយបាន​លើកឡើង​​ថា ការ​ស៊ើប​អង្កេត​ទើប​តែ​ចាប់​ផ្ដើម​នៅឡើយ​។ ប៉ុន្តែ​លោក​បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​នេះកំពុង​​តែ​ធ្វើប្រតិបត្តិ​ការ​ និង​ផលិត​សាប៊ូ​ក្លែង​ក្លាយ​ដោយ​ខុស​ច្បាប់​ ដោយ​គ្មាន​ការ​អនុញ្ញាត​។ ជាមួយ​នឹង​ធុងដាក់សារធាតុគីមី​​ នគរ​បាល​បាន​រក​ឃើញ​ប្រអប់​ជា​ច្រើន​មាន​និមិត្ត​សញ្ញា​ម៉ាក​ក្លែង​ក្លាយ​​ដែល​ពួកគេ​ជឿ​ថា សាប៊ូក្លែង​ក្លាយដែលគេ​យកទៅ​លក់​។​ លោក​បានមានប្រសាសន៍ថា “ក្រុម​ហ៊ុន​នេះ​កំពុង​តែ​ចែក​ចាយ​ នាំចូល និង​នាំចេញ​ និង​​ស្តុក​ទុកសារធាតុគីមី​”។

លោកឧត្តមសេនីយ៍ត្រីបានមានប្រសាសន៍បន្ថែមទៀត​ថា “នេះ​ជា​ការ​ធ្វើ​​អាជីវ​កម្ម​ខុស​ច្បាប់​មួយ​ដោយ​គ្មាន​ការ​អនុ​ញ្ញាត​ពីក្រសួង​ឧស្សាហកម្ម​នោះ​​​។ មាន​ន័យ​ថា ក្រុម​ហ៊ុន​​​នេះ​​ធ្វើ​អាជីវកម្ម​ដោយ​ខុស​ច្បាប់​ និង​គ្មាន​ការ​អនុញ្ញាត​។​គ្មាន​ការ​អនុញ្ញាត​សោះ​ឡើយ​”។

លោក​ឧត្តម​សេនីយ៍​ត្រី ឡុង ស្រេង បាន​មាន​​ប្រសាសន៍​ថា សារធាតុគីមីយ៉ាង​តិច​បី​ឬ​បួន​ប្រភេទ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ឃ្លាំង​នេះ​ ក៏ប៉ុន្តែ​ថា នគរ​បាល​មិនទាន់ដឹងច្បាស់​លាស់​​​ថា វា​ជា​អ្វីនោះ​ទេ​។

លោកឧត្តមសេនីយ៍ត្រី បាន​មាន​ប្រសា​សន៍​​ថា “ពេល​នេះ​សហការី​របស់​ខ្ញុំ​កំពុ​ង​តែ​ធ្វើ​តេស្ត​នៅ​ទីពិសោធន៍​ទៅលើ​សារធាតុគីមី​ទាំង​​នោះ ដែល​មាន​ទាំង​សារធាតុ​រាវ និង​រឹង​នាំ​ចូល​ពីប្រទេស​ចិន និង​ប្រទេស​វៀត​ណាម នេះ​បើ​យោង​តាម​សម្តី​សារភាព​របស់​បុរស​ជនជាតិ​ចិន​រូប​​នេះ​”។

លោក ឡុង ស្រេងបាន​ឲ្យដឹង​​បន្ថែម​ទៀត​​ថា ជន​សង្ស័យ​កំពុង​តែ​ត្រូវ​បាន​នគរ​បាល​​សាក​សួរ​ ហើយ​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ឆាប់ៗ​នេះដើម្បីសាក​សួរ ហើយ​ប្រឈម​​​នឹង​ការ​ចោទ​ប្រកាន់​។

ប្រតិបត្តិការ​ឆ្មក់​ចូលចាប់​នេះ​គឺ​ជា​ការ​ប្រឹង​ប្រែង​រួម​មួយ​រវាង​នគរ​បាល​សេដ្ឋកិច្ច និង​នគរ​បាល​ប៉ុស្តិ៍។លោក អុិន សុង អនុ​ប្រធាន​នាយក​ដ្ឋាន​​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហា​ផ្ទៃ មាន​ប្រសាសន៍​ថា ក្រុម​មន្ត្រី​នៅ​ទី​នោះ​​ក៏​នឹង​វាយ​តម្លៃ​ថា តើ​សារ​ធាតុ​គីមីនេះ​អាច​ត្រូវ​បាន​​ប្រើ​ដើម្បី​ផលិត​គ្រឿង​ញៀន​ដែរ​ឬយ៉ាងណា​។

​កន្លង​មក នគរ​បាល​បានរកមធ្យោបាយ​ចាត់​ការ​ក្រុម​​ផលិត​គ្រឿង​សម្អាង​ខុស​ច្បាប់ និង​សាប៊ូ ដែល​ប្រើ​សារ​ធាតុ​​គីមី​ ដែល​អាច​បណ្ដាលឲ្យស្បែករោល​កន្ទួល ឬ​​បញ្ហា​សុខ​ភាព​​ផ្សេងទៀត។

គិតត្រឹមឆ្នាំ២០១០​អាជីវកម្ម​គ្រឿង​សម្អាង​ក្លែង​ក្លាយ​ត្រូវ​បានមន្ត្រី​សុខា​​ភិបាល​ចាត់ទុកថា គ្មាន​ការ​ត្រួត​ពិនិត្យ​​​ក្នុង​ប្រទេ​ស​កម្ពុជា​។ ក្នុង​ប្រតិបត្តិការ​ឆ្មក់​ចាប់មួយ​ក្នុង​ចំណោមប្រតិបត្តិ​ការ​​ឆ្មក់​ចាប់​មួយចំនួន​នៅ​ឆ្នាំនោះ ក្រុម​អ្នក​ផលិត​ផលិត​ផល​ក្លែង​ក្លាយ​បាន​ប្រាប់​នគរ​បាល​ថា ពួកគេ​រក​ស៊ី​អស់រយៈ​ពេល​១៣​ឆ្នាំ​ហើយ​ ដោយ​ផលិតម៉ាក​សាប៊ូ​ក្លែង​ក្លាយ​​​ចំនួន​ប្រាំពីរម៉ាក​ ម៉ាក​ទឹក​អប់​ក្លែង​ក្លាយ​ចំនួន​បី ព្រមទាំង​ឡេ និងក្រែម៕ ប៊ុននី​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស