កាលពីម្សិលមិញ ក្រសួងមហាផ្ទៃនៃប្រទេសរុស្ស៊ីបានឲ្យដឹងថា ខ្លួនបានរៀបចំសំណើធ្វើបត្យាប័នថ្មីសម្រាប់អតីតមហាសេដ្ឋីជនជាតិរុស្ស៊ីឈ្មោះ សេរហ្គេ ប៉ូឡុនស្គី (Sergei Polonsky) ដែលបច្ចុប្បន្នរស់នៅក្នុងរាជធានីភ្នំពេញ។
ប្រទេសរុស្ស៊ីបានលើកយកកំណើននៃបទចោទប្រកាន់អតីតអ្នកអភិវឌ្ឍអចលនវត្ថុនៅទីក្រុងមូស្គូរូបនេះ។ កាលពីដើមឆ្នាំនេះ តុលាការកម្ពុជាបានច្រានចោលសំណើបត្យាប័នមុន ពីប្រទេសរុស្ស៊ី។ កាលពីខែមីនា អតីតមហាសេដ្ឋី ប៉ូឡុនស្គី ត្រូវបានចោទប្រកាន់ថា បានយកប្រាក់ជាង៤,១លានដុល្លារហើយរត់គេចខ្លួន ពីសមាជិកវិនិយោគក្នុងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានមួយនៅជាយទីក្រុងមូស្គូ ដែលមានឈ្មោះថា Rublyovskaya Riviera។
បទចោទប្រកាន់ទាំងនេះត្រូវបានធ្វើឡើងរយៈពេលប្រាំមួយខែបន្ទាប់ពី ប៉ូឡុនស្គី ត្រូវបានចោទប្រកាន់ថា បានរត់គេចខ្លួនដោយយកប្រាក់ប្រហែល១៧៦លានដុល្លារពីវិនិយោគិននៅក្នុងគម្រោងសាងសង់លំនៅដ្ឋានមិនទាន់បញ្ចប់ដាច់ដោយឡែកមួយនៅទីក្រុងមូស្គូ។
សេចក្តីប្រកាសមួយដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រក្រសួងមហាផ្ទៃនេះ មានខ្លឹមសារថា “ ទាក់ទងទៅនឹងករណីប្រែប្រួលនៃចំនួនបទចោទប្រកាន់ សេរហ្គេ ប៉ូឡុនស្គី នាយកដ្ឋានស៊ើបអង្កេតនៃក្រសួងមហាផ្ទៃរុស្ស៊ី បានរៀបចំសំណើថ្មីសម្រាប់ធ្វើបត្យាប័នជនត្រូវចោទនៅប្រទេសរុស្ស៊ីរូបនេះ”។
សេចក្តីប្រកាសនេះបានលើកឡើងទៀតថា ឯកសារផ្សេងៗដែលពាក់ព័ន្ធនឹងការធ្វើបត្យាប័ននេះ ត្រូវបានបញ្ជូនទៅអគ្គព្រះរាជអាជ្ញានៅប្រទេសរុស្ស៊ី។ ប្រទេសរុស្ស៊ីបានដាក់សំណើដំបូងសុំធ្វើបត្យាប័ន ប៉ូឡុនស្គី ក៏ប៉ុន្តែ សំណើនេះត្រូវបានច្រានចោលដោយសាលាឧទ្ធរណ៍ក្នុងខែមករា។
នៅពេលនោះ មន្ត្រីតុលាការបានលើកឡើងថា ជនជាប់ចោទឈ្មោះ ប៉ូឡុនស្គី ត្រូវតែប្រឈមនឹងការចោទប្រកាន់ពីបទពាក់ព័ន្ធក្នុងករណីវាយដំអ្នករត់ទូកខ្មែរប្រាំមួយនាក់នៅសមុទ្រខេត្តព្រះសីហនុ កាលពីខែធ្នូឆ្នាំ២០១២។
ក៏ប៉ុន្តែ តុលាការកំពូលបានបើកសវនាការបណ្តឹងឧទ្ធរណ៍ប្រឆាំងសេចក្តីសម្រេចតុលាការជាន់ទាបថា មិនធ្វើបត្យាប័នជនជាប់ចោទឈ្មោះ ប៉ូឡុនស្គី តាមសំណើរបស់អគ្គព្រះរាជអាជ្ញា នេះបើយោងតាមប្រសាសន៍របស់លោក ហា៊ន រិទ្ធ ព្រះរាជអាជ្ញាសាលាឧទ្ធរណ៍។ តុលាការកំពូលត្រូវបានរំពឹងថានឹងចេញសាលក្រមនៅដំណាច់ខែមេសា។
លោក រិទ្ធ បានលើកឡើងកាលពីម្សិលមិញថា លោកមិនដឹងពីសំណើលើកទី២របស់ប្រទេសរុស្ស៊ីសម្រាប់ការធ្វើបត្យាប័ននេះ។ លោកបានមានប្រសាសន៍ថា “ខ្ញុំមិនទាន់បានទទួលលិខិតពីប្រទេសរុស្ស៊ីនៅឡើយទេ”។
លោក ស្វាយ តុញ ចៅក្រមសាលាដំបូងខេត្តព្រះស៊ីហនុ បានឲ្យដឹងកាលពីម្សិលមិញថា ករណីវាយដំពាក់ព័ន្ធនឹងឈ្មោះ ប៉ូឡុនស្គី ត្រូវបានពន្យារពេលដោយមិនមានការកំណត់ការបរិច្ឆេទសម្រាប់សវនាការបន្ទាប់ទេ។
លោកបានមានប្រសាសន៍ថា “ករណីនេះត្រូវបានពន្យារពេលកាលពីខែមីនា ពីព្រោះមេធាវីរបស់ជនជាប់ចោទមានការរវល់។ ហើយករណីនេះមិនមានការកំណត់កាលបរិច្ឆេទសម្រាប់សវនាការថ្មីទេ”។
លោកឧត្តមសេនីយ៍ឯក កែវ វាន់ថន ប្រធានការិយាល័យទីភ្នាក់ងារនគរបាលអន្តរជាតិ Inter-pol ប្រចាំប្រទេសកម្ពុជា បានលើកឡើងផងដែរថា លោកមិនបានដឹងសំណើលើក ទី២របស់ប្រទេសរុស្ស៊ីទេ។ លោកបានមានប្រសាសន៍ថា “ខ្ញុំមិនដឹងអំពីរឿងនេះទេ”។ អ្នកនាំពាក្យជនជាប់ចោទឈ្មោះ ប៉ូឡុនស្គី ឲ្យដឹងថា ជនជាប់ចោទរូបនេះនឹងឆ្លើយតបទៅនឹងសំណើរបស់រុស្ស៊ីថ្ងៃនេះ៕ សុធា