មូលនិធិពិភពលោកដើម្បីប្រយុទ្ធប្រឆាំងជំងឺអេដស៍ របេង និងជំងឺគ្រុនចាញ់ បានកំណត់ផ្តល់ប្រាក់ចំនួន១៤៨,៨លានដុល្លារមកឲ្យប្រទេសកម្ពុជាសម្រាប់ប្រើប្រាស់ក្នុងរយៈពេលបីឆ្នាំក្រោយ បន្ទាប់ពីមូលនិធិនេះបានធ្វើកំណែទម្រង់មូលនិធិរបស់ខ្លួននៅទូទាំងពិភពលោក។
មូលនិធិនេះត្រូវបានបែងចែកទៅផ្នែកនីមួយៗដូចជា ៧៥,៣លានដុល្លារសម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺអេដស៍ ១៥,៦លានដុល្លារសម្រាប់ជំងឺរបេង ៤៩,៣លានដុល្លារសម្រាប់ជំងឺគ្រុនចាញ់ និង៨,៥លានដុល្លារសម្រាប់ប្រើដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល។
លោក ស៊ន ពិសិដ្ឋ ជំនួយការរបស់លោក អៀង ម៉ូលី ប្រធានគណៈកម្មាធិការសម្របសម្រួលប្រចាំប្រទេសរបស់មូលនិធិពិភពលោក និងជាអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអតីតប្រធានមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងថា ការព្រមព្រៀងលើកមុន មូលនិធិពិភពលោកបានយល់ព្រមផ្តល់ថវិកាមកឲ្យប្រទេសកម្ពុជាចំនួនប្រហែល១៤៥លានដុល្លារសម្រាប់ប្រើប្រាស់រហូតដល់ឆ្នាំ២០១៦ ប៉ុន្តែឥឡូវនេះបានបន្ថែមរយៈពេលប្រើប្រាស់មួយឆ្នាំទៀត។
លោក ពិសិដ្ឋ បានមានប្រសាសន៍ថា “ការផ្លាស់ប្តូរនេះ គឺទាក់ទិននឹងរយៈពេលនៃការប្រើប្រាស់ថវិកា។ [ពីមុន] មូលនិធិពិភពលោកបានព្រមព្រៀងផ្តល់ថវិកាប្រហែល១៤៥លានដុល្លារសម្រាប់ការប្រើប្រាស់រយៈពេលពីរឆ្នាំ ប៉ុន្តែឥឡូវមូលនិធិនេះបានបន្ថែមរយៈពេលរហូតដល់ទៅជាងបីឆ្នាំ” ។
លោក ម៉ូលី ដែលបានក្លាយជាប្រធានគណៈកម្មាធិការសម្របសម្រួលប្រចាំប្រទេសរបស់មូលនិធិពិភពលោក កាលពីខែមករា បានលើកឡើងថា ការកាត់បន្ថយមូលនិធិនេះ គឺដោយសារតែអ្នកទទួលជំនួយក្នុងស្រុកមិនអាចចំណាយប្រាក់ដែលមូលនិធិពិភពលោកបានផ្តល់ឲ្យ កាលពីឆ្នាំមុនៗអស់។ លោក ម៉ូលី បានមានប្រសាសន៍ថា “ដោយសារតែយើងប្រើប្រាស់អស់ត្រឹមតែ៦០ភាគរយនៃថវិកាដែលមូលនិធិពិភពលោកបានផ្តល់ឲ្យយើង ហេតុដូច្នេះមូលនិធិពិភពលោកកាត់បន្ថយថវិកា”។
ជាផ្នែកនៃអន្តរកាលឆ្ពោះទៅរកកំណែទម្រង់មូលនិធិថ្មីរបស់ខ្លួន មូលនិធិពិភពលោកបានត្រួតពិនិត្យឡើងវិញនូវចំនួនទឹកប្រាក់ដែលផ្តល់ទៅឲ្យប្រទេសនីមួយៗ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺផ្សេងៗ។ មូលនិធិពិភពលោកបានលើកឡើងថា ការផ្តល់ថវិកាសម្រាប់ប្រយុទ្ធប្រឆាំងជំងឺផ្សេងៗ គឺសុទ្ធតែលើសបរិមាណ។
នៅក្នុងប្រទេសកម្ពុជាមូលនិធិដែលផ្តល់សម្រាប់ប្រយុទ្ធប្រឆាំងជំងឺអេដស៍ គឺវាច្រើនហួសគួរឲ្យកត់សម្គាល់ រីឯថវិកាសម្រាប់ប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់និងរបេង ក៏ច្រើនហួសដែរ។
ជាជាងផ្តល់មូលនិធិសម្រាប់ប្រយុទ្ធប្រឆាំងជំងឺផ្សេងៗជាក់លាក់ណាមួយ កំណែទម្រង់ថ្មីរបស់មូលនិធិពិភពលោក បានផ្តោតលើចំនួនទឹកប្រាក់សរុបដែលផ្តល់ទៅឲ្យប្រទេសមួយ។ ប៉ុន្តែមូលនិធិពិភពលោក បានអនុញ្ញាតឲ្យមានការបត់បែនទាក់ទិននឹងថាតើថវិកានឹងត្រូវយកទៅចំណាយដោយរបៀបណា។
បន្ទាប់ពីមូលនិធិពិភពលោក បានចេញរបាយការណ៍មួយកាលពីឆ្នាំមុនដែលរកឃើញថា មានការប្រព្រឹត្តអំពើពុករលួយខ្លាំងនៅក្នុងវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា មូល និធិពិភពលោក បានផ្អាកការផ្តល់ថវិកាទៅឲ្យមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ព្រោះប្រធានមជ្ឈមណ្ឌលនេះត្រូវបានគេសង្ស័យថា ទទួលបានប្រាក់ជាង៤០០.០០០ដុល្លារពីកិច្ចសន្យាផ្គត់ផ្គង់មុង។
លោក ម៉ូលី បានលើកឡើងថា ការកាត់បន្ថយថវិកាសម្រាប់ការប្រើប្រាស់នៅឆ្នាំក្រោយៗនេះមិនជាប់ទាក់ទិនរបាយការណ៍ដែលពាក់ព័ន្ធនឹងមន្ត្រីក្រសួងសុខាភិបាល និងអង្គការក្រៅរដ្ឋាភិបាលដែលទទួលបន្ទុកបែងចែកថវិកាបានពីមូលនិធិពិភពលោក។ លោក ម៉ូលី បានបន្ថែមទៀតថា “ [ការកាត់បន្ថយថវិកា] គឺមិនពាក់ព័ន្ធនឹងបញ្ហានេះទេ”៕ ស៊ុយឈាង