26 C
Phnom Penh

​មូល​និធិពិភព​លោក​កាត់​ផ្តាច់​ជំនួយហិរញ្ញវត្ថុ​ដល់​អង្គការ ​មេឌីកាំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មូលនិធិពិភព​លោក​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​​ជំងឺ​អេដស៍ របេង​ និងគ្រុនចាញ់​បាន​កាត់​ផ្តាច់​មូល​និធិ​ទាំង​អស់​ដល់​អង្គការ​ មេឌីកាំ ដោយ​សារ​​មិន​ព្រម​កែ​ទម្រង់​បន្ទាប់​ពីមាន​រឿង​អាស្រូវ​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​​ដែល​​ធ្វើ​ឲ្យ​​អង្គការ​មួយនេះ​ស្ទើរ​តែ​ដួល​រលំ​ទៅ​ហើយ​។

នៅ​ពេល​ដែល​មូលនិធិពិភព​លោកចេញ​​របាយ​ការណ៍​របស់​ខ្លួន​កាល​ពី​ចុង​ឆ្នាំ​មុន​បង្ហាញ​ពី​អំពើ​ពុក​រលួយ​ដែល​បាន​កើតឡើង​ជាច្រើន​ឆ្នាំ​នៅ​ក្នុង​ក្រសួង​សុខាភិបាល​នោះ​​ អង្គការ​​ មេឌីកាំ ក៏​​បាន​រងការ​ចោទថា បាន​ប្រើ​ថវិកា​​របស់​មូលនិធិពិភព​លោកដើម្បី​បើក​ប្រាក់ខែ​ឲ្យ​បុគ្គលិក​ពីរ​នាក់​ ប៉ុន្តែ តួនាទី​នោះ​មិនមាន​ទេ​។ ទោះបីជា​អង្គការ​ មេឌីកាំ បដិសេធ​​ការ​ចោទ​ប្រកាន់​នេះ​ក៏ដោយ​ ក៏​អង្គការ​នេះ​បាន​សង​លុយ​ចំនួន​២០.៧២៥​ដុល្លារ​ទៅ​​​ឲ្យ​មូល​និធិ​ពិភព​​លោក​វិញដែរ​ចាប់​តាំង​ពីពេល​នោះ​មក​។

នៅ​ក្នុង​អីុ​ម៉េល​មួ​យ​នាពេល​ថ្មីៗ​នេះ​​ផ្ញើ​ជូន​​អង្គការ​ដែល​មាន​សមា​ជិក​ចំនួន​១០០​របស់​ខ្លួន ហើយ​គេ​ទទួល​បាន​ច្បាប់​ចម្លង​នៃ​អីុម៉េល​នោះកាល​ពីម្សិលមិញ លោក សីុន សុ​មុនី​ នាយក​អង្គការ​ មេឌីកាំ បាន​ប្រកាស​​ពី​ការ​សម្រេច​កាត់​ផ្តាច់​ជំនួយ​របស់​មូល​និធិ​ពិភព​លោក ដែល​​​មាន​សុពល​ភាព​ភ្លាមៗ​ចាប់​ពី​ថ្ងៃទី​៤​ ខែ​មេសា ឆ្នាំ​២០១៤។

លោក សុមុនី បាន​សរសេរ​​តាម​​អីុ​ម៉េល​នោះថា  ពេល​នេះ​ អង្គការ​នេះ​មាន​ថវិកា​ជា​​​ថ្លៃ​សមាជិក​ភាព​ប្រហែល​៣០.០០០​ដុល្លារ​​ប៉ុណ្ណោះ​​ ជា​ថវិកា​មួយ​ផ្នែក​តូចក្នុង​ចំណោម​ថវិកា​ចំនួន​៨០០.០០០ដុល្លារ​របស់​ខ្លួន​។

លោក សុមុនី បានមាន​ប្រសាសន៍ថា អង្គការ​ មេឌីកាំ ត្រូវ​ការ​តែ​១៣០.០០០​ប៉ុណ្ណោះ​ដើម្បី​រក្សា​ការ​ងារ​សំខាន់​ៗ​របស់​ មេឌីកាំ​​ឲ្យដំណើរ​ការ​ ហើយ​បាន​អំពាវ​នាវ​ឲ្យ​សមាជិក​របស់​អង្គការ​នេះ​ចូល​រួម​ប្រជុំ​បន្ទាន់​មួយ​ភ្លាមៗ​ បន្ទាប់ពី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដើម្បីរក​វិធី​​​ឈាន​​ឲ្យដល់​គោល​ដៅ​នោះ​ និង​ធ្វើ​ឲ្យ​ មេឌីកាំ​ នៅ​ដំណើរ​ការ​បាន​។

អីុ​ម៉េល​នោះ​មិនបាន​ប្រាប់​ពី​មូល​ហេតុ​របស់​មូលនិធិពិភព​លោក​​​ចំពោះ​ការ​កាត់​ផ្តាច់​ជំនួយ​ដល់​អង្គការ​ មេឌីកាំ​ទេ​។ កាល​ពីម្សិលមិញ គេ​មិន​អាច​ទាក់​ទង​លោក សុមុនី សុំ​ការ​អត្ថាធិប្បាយ​បាន​ឡើយ​​។

លោក សេត ហ្វេសសុន​ អ្នក​នាំពាក្យ​​មូលនិធិពិភព​លោក​​បានមាន​ប្រសាសន៍​ថា អង្គការ​ មេឌីកាំ បាត់​បង់​ថវិកាជំនួយ​របស់​ខ្លួន​ដោយសារ​អង្គការ​នេះមិន​ព្រម​កែ​ទម្រង់​។ លោក​សរសេរ​តាម​អីុម៉េល​ថា “បន្ទាប់​ពី​ចេញ​ផ្សាយ​​របាយការណ៍​របស់​​មូល​និធិពិភព​លោក​​កាល​ពីខែ​វិច្ឆិកា ឆ្នាំ​២០១៣​ មូលនិធិ​ពិភព​លោក​បាន​ព្យាយាម​រក​កិច្ច​ព្រម​ព្រៀង​ជាមួយ​អង្គការ មេឌីកាំ ដើម្បី​រក​ដៃ​គូ​សំខាន់​ៗ​​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​ជួយ​ធ្វើ​កំណែ​ទម្រង់​ឲ្យបាន​ទូលំទូលាយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​​ខែ​ខាង​មុខ​នេះ​”។

លោក​បាន​លើកឡើង​ថា “មេឌីកាំ មិន​បាន​ព្រម​ព្រៀង​តាម​សំណើ​របស់​មូល​និធិ​ពិភព​លោក​ទេ ហើយ​​នៅ​តែ​រក្សា​ទុក​ក្រុម​ដឹក​នាំ​របស់​ខ្លួន​ដដែល​។​ ដូច្នេះ​មូល​និធិពិភព​លោកបាន​សម្រេច​ឈប់​ផ្តល់​ជំនួយ​​ហិរញ្ញវត្ថុ​ដល់​អង្គ​ការ មេឌីកាំ​ ហើយ​ងាកទៅធ្វើ​ការ​ជាមួយ​ដៃគូ​ផ្សេង​វិញ​”។

​នៅក្នុង​ប្រទេស​នីមួយ​ៗ ដែ​ល​ខ្លួន​បាន​ផ្តល់​ជំនួយ​ ​មូល​និធិពិភព​លោក​ប្រើ​ប្រាស់​គណៈ​កម្មាធិការ​ដែល​មាន​សមាស​ភាព​មក​ពី​មន្ត្រី​រដ្ឋាភិបាល​ និង​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​​សម្រាប់​ជួយ​ឃ្លាំ​មើល​​លុយ​របស់​ខ្លួន​។

លោក សុខ ធីម សមាជិក​គណៈកម្មាធិការ​នៅកម្ពុជា​បានមាន​ប្រសាសន៍ថា អង្គការ​ មេឌីកាំ បាន​រៀប​រាប់​ពី​មូល​ហេតុ​ចំពោះ​ការ​កាត់​ផ្តាច់​ជំនួយ​នេះ​នៅក្នុង​អីុ​ម៉េល​ដែល​ផ្ញើ​ចេញ​ជាក្រុម​មួយ​ទៀត​នៅ​សប្តាហ៍​នេះ​។

យោង​តាម​អីុ​ម៉េល​នោះ​ លោក​បាន​​លើក​ ឡើង​ថា “ ​មូល​និធិពិភព​លោក​បាន​ស្នើ​សុំ​ឲ្យ​​អង្គការ​ មេឌីកាំ កែលម្អ​ការ​គ្រប់​គ្រង​ហិរញ្ញ វត្ថុ ​និងរចនាសម្ព័ន្ធរបស់ខ្លួន ប៉ុន្តែ អង្គការ​​នេះ​មិន​ព្រម​ធ្វើ​តាម​ទេ​​ដូច្នេះ​​មូល​និធិពិភព​លោក​​បានឆ្លើយ​តប​ថា “ប្រសិន​បើ​អស់​លោក​​មិន​ព្រម​ទេ​ យើង​ឈប់​ឲ្យលុយ​ហើយ”។

លោក​ ធីម បានមាន​ប្រសាសន៍ថា លោក​ គិត​ថា អ្នក​ផ្តល់​ជំនួយ​ផ្សេង​ទៀត​នឹង​មិន​មក​ជួយ​សង្គ្រោះ​អង្គការ​ មេឌីកាំ ទេ​ប្រសិន​បើ​អង្គការ​នេះ​មិន​កែទម្រង់​។លោក​បានមាន​ប្រសាសន៍​ថា “វា​ពិបាក​និយាយ​។​បើ​មិន​មាន​​ការ​កែ​ទម្រង់​ទេ​ខ្ញុំ​មិន​ដឹង​ថា តើ​ពួក​គេ​អាច​បញ្ចុះ​បញ្ចូល​សមាជិក​​បាន​​ឬអត់ទេ​”។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះអង្គ​ការ​​ មេឌីកាំ គឺជា​អង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​ធំៗ​បី​នៅ​កម្ពុជា​ដែល​តំណាង​ឲ្យ​ផល​ប្រយោជន៍​ របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ឯកិច្ច​ប្រជុំ​​ថ្នាក់​កំពូល​របស់​រដ្ឋាភិបាល​ជាមួយ​អ្នក​ផ្តល់​ជំនួយ​​បរទេស​របស់ខ្លួន​។

លោក ធីម ដែល​ជា​ប្រធាន​គណៈកម្មាធិ​ការ​​សុខាភិបាល​កម្ពុជា​ ជា​អង្គការ​មួយ​​ផ្តោត​ទៅលើ​ការ​ប្រយុទ្ធ​ប្រឆាំងជំងឺ​របេង​ និង​​មេរោគ​ហីុវបានមាន​ប្រសាសន៍ថា អាច​មាន​​ផល​លំបាក​ធ្ងន់​ធ្ងរ​សម្រាប់​វិស័យ​រដ្ឋាភិបាល​​ប្រសិន​បើ​អង្គការ​ មេឌីកាំ មិន​ដំណើរ​ការ​។

លោក​បានមាន​ប្រសាសន៍ថា “អង្គការ​ មេឌីកាំ រៀបចំសារ​សម្រាប់​ឲ្យ​យើង​ផ្ញើ​ជូន​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ និង​សហគមន៍​អន្តរ​ជាតិ​ពាក់​ព័ន្ធ​នឹង​តម្រូវការ​របស់​យើង​។ជា​លក្ខណៈ​​ឯក​ជន​​ អង្គការ​ក្រៅ​រដ្ឋាភិបាល​មិន​មាន​អំណាច​ច្រើន​ទេ​”។

ថ្វីបើ​មាន​ការ​បង្ហាញ​​​​ឯកសារ​ជាច្រើន​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​នៅក្នុង​របាយ​ការណ៍​របស់​​មូល​និធិពិភព​លោក​ក៏​ដោយ​​ ក៏​តុលាការ​កម្ពុជា​មិន​បាន​​ផ្តន្ទាទោស​បុគ្គល​ជាប់​​ពាក់​ព័ន្ធ​ណាមួយ​ឡើយ​។​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​នៅ​ពេល​ថ្មី​ៗ​នេះ​បាន​អះអាង​ថា មិន​មាន​ភ័ស្តុ​តាង​​សម្រាប់​ចោទ​ប្រកាន់​​​​មន្ត្រី​សុខា​ភិ​បាល​ទេ​ ប៉ុន្តែ មន្ត្រី​ជាន់​ខ្ពស់​ម្នាក់ទៀត​នៅ​អង្គភាព​នេះបាន​និយាយ​ថា បុគ្គលិ​ក​ត្រូវ​បាន​ណែ​នាំ​មិន​ឲ្យ​​សើុប​អង្កេត​៕ គឹមហឿន

(រាយការណ៍​បន្ថែម​ដោយ​ អូន​ ភាព)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស