26 C
Phnom Penh

លោក​​​ ហ៊ុន សែន​​​ និង​​​លោក​​​ សម រង្ស៊ី មិន​​​បាន​​​​​ព្រម​​​ព្រៀង​​​គ្នា​​​លើ​​​កាល​​​បរិច្ឆេទ​​​បោះឆ្នោត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​ ហ៊ុន សែន និង​​​លោក​​​ សម រង្ស៊ី​​​ ប្រធាន​​​គណ​​​បក្ស​​​ប្រឆាំង​​​ មិន​​​បាន​​​ឈាន​​​ដល់​​​ការ​​​ព្រម​​​ព្រៀង​​​​​​គ្នា​​​ទេ​​​លើ​​​កាល​​​បរិច្ឆេទ​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​លើក​​​ក្រោយ​​​ ប៉ុន្តែ​​​បាន​​​​​​បញ្ជាក់​​​​​​ជា​​​ថ្មី​​​ម្ដង​​​ទៀត​​​​​​ថា នៅ​​​សល់​​​តែ​​​ចំណុច​​​​​​តូច​​​​​​មួយ​​​ចុង​​​ក្រោយ​​​​​​​​​ប៉ុណ្ណោះ​​​​​​ដែល​​​ធ្វើ​​​ឲ្យ​​​រាំង​​​​​​ស្ទះ​​​​​​ការ​​​ព្រម​​​ព្រៀងគ្នា​​​​​​ដើម្បី​​​បញ្ចប់​​​​​​ស្ថានភាព​​​ជាប់​​​គាំង​​​ផ្នែក​​​​​​នយោបាយ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​។

លោក​​​ សម រង្ស៊ី បាន​​​ថ្លែង​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ ថា លោក​​​ទាំង​​​ពីរ​​​​​​​​​អាច​​​នឹង​​​​​​​​​បង្ហាញ​​​មុខ​​​នៅ​​​ចំពោះ​​​ព្រះភក្ត្រ​​​ព្រះ​​​មហាក្សត្រ​​ ​នរោត្តម​​​ សីហមុនី​​​ នៅ​​​ថ្ងៃ​​​នេះ​​​​​​ដើម្បី​​​ចុះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​បញ្ចប់​​​​​​ការ​​​​​​​​​ធ្វើ​​​ពហិការ​​​របស់​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មិន​​​ទទួល​​​យក​​​អាសនៈ​​​សភា​​​របស់​​​ខ្លួន​​​ ប្រសិន​​​បើ​​​លោក​​​ និង​​​លោក​​​ ហ៊ុន​​​ សែន​​​ ព្រម​​​ព្រៀង​​​គ្នា​​​លើ​​​កាល​​​បរិច្ឆេទ​​​បោះ​​​ឆ្នោត​​​​​​នៅ​​​​​​ថ្ងៃ​​​នេះ​​​។

នៅ​​​ក្នុង​​​សុន្ទរកថាមួយ​​​​​​ថ្លែង​​​​​​ក្នុង​​​ពិធី​​​ប្រគល់​​​សញ្ញាបត្រ​​​នៅ​​​​​​វិទ្យា​​​ស្ថាន​​​​​​ជាតិ​​​អប់​​​រំ​​​​​​​​​ កាល​​​ពី​​​ព្រឹកម្សិលមិញ​​​ លោក​​​ ហ៊ុន សែន​​​ បញ្ជាក់​​​ថា ​​​លោក​​​ សម រង្ស៊ី ពិត​​​ជា​​​បាន​​​លើក​​​ឡើង​​​ដូច្នេះ​​​មែន​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា តាម​​​ពិត​​​លោក​​​ទាំង​​​ពីរ​​​បានព្រម​​​ព្រៀង​​​គ្នា​​​រួច​​​ហើយ​​​​​​អំឡុង​​​​​​ពេល​​​​​​សន្ទនា​​​​​​​​តាម​​​ទូរស័ព្ទ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​​​​ ថា​​​លើក​​​​​​កាល​​​បរិច្ឆេទបោះ​​​ឆ្នោត​​​​​​លើក​​​ក្រោយ​​​​​​ពី​​​ខែ​​​កក្កដា ឆ្នាំ​​​២០១៨ ទៅ​​​ធ្វើ​​​​​​នៅ​​​ខែ​​​កុម្ភៈ​​​ ឆ្នាំ​​​២០១៨ វិញ​​​។

លោក​ ហ៊ុន សែន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ពេល​​​នេះ​​​​​​ គឺ​​​​​​រង់ចាំ​​​តែ​​​ការ​​​សម្រេច​​​​​​របស់​​​លោក​​​ កឹម សុខា អនុប្រធាន​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដែល​​​បច្ចុប្បន្ន​​​កំពុង​​​ធ្វើ​​​ដំណើរ​​​ទស្សនកិច្ច​​​នៅ​​​​​​សហគមន៍​​​​​​ខ្មែរ​​​នានា​​​​​​​​​ក្នុង​​​សហរដ្ឋ​​​អាេមរិក​​​​​​ប៉ុណ្ណោះ​​​ ដើម្បី​​​បញ្ចប់​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​​​​។

លោក​​​ សម រង្ស៊ី​​​ បាន​​​ច្រាន​​​ចោល​​​កា​​​រ​​​អះអាង​​​របស់​​​លោក​​​ ហ៊ុន​​​ សែន​​​ ភ្លាម​​​ៗ​​​តាម​​​ទូរ​​​ស័ព្ទ​​​។ នៅ​​​ក្នុង​​​​​​សន្និសីទ​​​កាសែត​​​មួយ​​​​​​​​​កាល​​​ពី​​​រសៀល​​​ម្សិលមិញ​​​​​​ លោក​​​បាន​​​​​​បញ្ជាក់​​​ថា ពេល​​​នេះ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​​​​មាន​​​ជំហរ​​​ទទួល​​​យក​​​​​​ការ​​​បោះឆ្នោតមួយ​​​​​​​​​​​​ធ្វើ​​​ឡើង​​​នៅ​​ខែ​​​កក្កដា ឆ្នាំ​​​២០១៧។​​​

លោក​​​ សម រង្ស៊ី បានមាន​​​ប្រសាសន៍​​​ថា “មិន​​​ទាន់​​​មាន​​​ការ​​​ព្រម​​​ព្រៀង​​​គ្នា​​​​​​ទូលំទូលាយ​​​នៅ​​​ឡើយ​​​ទេ។ គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​​​​ទទួល​​​យក​​​ការ​​​បោះឆ្នោត​​​​​​​​​នីតិកាល​​​ក្រោយ​​​​​​ដែល​​​​​​​​​ធ្វើ​​​ឡើង​​​នៅ​​​ខែ​​​កុម្ភៈ​​​ ឆ្នាំ​​​២០១៨។ យើង​​​​​​បាន​​​ឆ្លើយ​​​តប​​​ទៅ​​​វិញ​​​​​​​​​ថា វា​​​មិន​​​គ្រប់​​​គ្រាន់​​​ទេ។ យើង​​​ចង់​​​បាន​​​កា​​​រ​​​បោះឆ្នោត​​​​​​ឆាប់​​​​​​រហ័ស​​​ជាង​​​នេះ​​​ យ៉ាង​​​ហោច​​​ណាស់​​​​​​ក៏​​​មុន​​​មួយ​​​ឆ្នាំ​​​ដែរ។ ដំបូង​​​ឡើ​​​ង​​​យើង​​​​​​សុំ​​​ឲ្យ​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​​​​នៅ​​​​​​ពាក់​​​កណ្ដាល​​​អាណត្តិ​​ គឺ​​​​​​​​​​នៅ​​​ដើម​​​ឆ្នាំ​​​២០១៦”។

លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា លោក​​​​​​និង​​​លោក​​​ ហ៊ុន​​​ សែន​​​ នឹង​​​សម្របសម្រួល​​​គ្នា​​​លើ​​​​​​កាល​​​បរិច្ឆេទ​​​​​​បោះឆ្នោត​​​​​​ថ្មី​​​​​​ “នៅ​​​ប៉ុន្មាន​​​ថ្ងៃ​​​ ឬ​​​ប៉ុន្មាន​​​សប្ដាហ៍​​​ខាង​​​មុខ​​​”។ ប៉ុន្តែ​​​​​​លោក​​​បាន​​​មាន​​​​​​ប្រសាសន៍​​​ថា លោក​​​នឹងមិន​​​ជួប​​​​​​​​​​​​ជាមួយ​​​​​​​​​លោក​​​ ហ៊ុន សែន​​​ នៅ​​​ចំពោះ​​​​​​ព្រះភក្ត្រ​​​ព្រះ​​​មហា​​​ក្សត្រ​​​​​​​​​ដោយ​​​គ្មាន​​​វត្ត​​​មាន​​​​​​​​​របស់​​​​​​លោក​​​ កឹម សុខា ឡើយ​​​។​​​

លោក​​​​​​មាន​​​ប្រសាសន៍​​​ថា “គណបក្ស​​​របស់​​​​​​យើង​​​មាន​​​ស្នូល​​​ប្រជាធិបតេយ្យ​​​ ដូច្នេះ​​​​​​នៅ​​​​​​ពេល​​​យើង​​​​​​ចង់​​​ធ្វើ​​​អ្វី​​​មួយ​​​ត្រូវ​​​តែ​​​មាន​​​​​​ហត្ថ​​​លេខា​​​របស់​​​​​​លោក​​​ កឹម​​​ សុខា ដែល​​​ជា​​​អនុ​​​ប្រធាន​​​ និង​​​រូប​​​ខ្ញុំ​​​ជា​​​ប្រធាន​​​​​​។ ប្រសិន​​​​​​បើ​​​យើង​​​គិត​​​ពី​​​បេះដូង​​​របស់​​​​​​យើង​​​​​​ លោក​​​ កឹម សុខា និង​​​ខ្ញុំ​​​ គឺ​​​ជា​​​មនុស្ស​​​តែ​​​មួយ​​​”។

លោក​​​ សម រង្ស៊ី បាន​​​បដិសេធ​​​មិន​​​​​​ឆ្លើយ​​​បំភ្លឺ​​​ទេ​​​ នៅ​​​ពេល​​​​​​គេ​​​សាកសួរ​​​ថា​​​ តើ​​​លោក​​​នឹង​​​​​​ជំនួស​​​តំណែង​​​លោក​​​ ហេង​​​ សំរិន​​​ ប្រធាន​​​កិត្តិ​​​យស​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា ​​​​​​ជា​​​ប្រធាន​​​រដ្ឋ​​​សភា​​​ ជា​​​ផ្នែក​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​ជាមួយ​​​​​​លោក  ហ៊ុន សែន ឬ​​​យ៉ាង​​​ណា​​​។

លោក​​​ សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​អាច​​​បញ្ជាក់​​​រឿង​​​នោះ​​​បាន​​​​​​​​​ទេ”​​​ ដោយ​​​លោក​​​​​​ទទួល​​​ស្គាល​​​់​​​ថា តំណែង​​​ប្រធាន​​​រដ្ឋ​​​សភា​​​​​​មាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​​​​​​​សេចក្ដី​​​ព្រាង​​​​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ជាមួយ​​​លោក ហ៊ុន សែន។​​​  លោក​​​​​​ថ្លែង​​​​​​ថា “នោះ​​​មិន​​​មែន​​​ជា​​​បញ្ហា​​​ទេ​​​ យើង​​​ចង់​​​ឲ្យ​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​​​​ឆាប់​​​រហ័ស​​​”។

លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន បាន​​​ថ្លែង​​​ទៅ​​​កាន់​​​​​​ក្រុម​​​និស្សិត​​​សាកលវិទ្យាល័យ​​​នៅ​​​ឯ​​​វិទ្យាស្ថាន​​​ជាតិ​​​អប់រំ​​​​​​ ដោយ​​​បន្ទោស​​​លោក​​​ កឹម សុខា មិន​​​មែន​​​លោក​​​ សម រង្ស៊ី ទេ ប្រសិន​​​បើ​​​គ្មាន​​​​​​​​​ការ​​​​​​ព្រម​​​ព្រៀង​​​គ្នា​​​នោះ​​​។

លោក​​​ ហ៊ុន សែន​​​​​​ បានមាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​​​​សម្រុះ​​​សម្រួល​​​​​​ជាមួយ​​​លោក​​​ សម រង្ស៊ី​​​ លើ​​​បញ្ហា​​​ធ្វើ​​​​​​កំណែទម្រង់​​​​​​គណៈ​​​កម្មាធិ​​​ការ​​​ជាតិ​​​​​​រៀប​​​ចំ​​​ការ​​​បោះឆ្នោត​​​​​​ហៅ​​​កាត់​​​ថា គ.ជ.ប.  និងការ​​​​​​លើក​​​​​​​​​កាល​​​បរិច្ឆេទ​​​​​​បោះឆ្នោត​​​​​​ក្រុម​​​ប្រឹក្សា​​​​​​ឃុំ​-​​សង្កាត់​​​លើក​​​ក្រោយ​​​ពី​​​ខែ​​​កក្កដា ឆ្នាំ​​​២០១៧​​​ ទៅធ្វើ​​​នៅ​​​​​​ខែកុម្ភៈ​​​ ឆ្នាំ​​​២០១៧វិញ​​​។

លោក​​​ ហ៊ុន សែន​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “[លោក​​​ សម រង្ស៊ី]​​​ បាន​​​ព្រម​​​ព្រៀង​​​ហើយ​​​​​​លើ​​​បញ្ហា​​​នេះ​​​។ ប៉ុន្តែ​​​លោក​​​ សម រង្ស៊ី បាន​​​សុំ​​​ពេល​​​ខ្ញុំ​​ខ្លះ​​​ដើម្បី​​​​​​​​​​ពិភាក្សា​​​ជាមួយ​​​​​​អនុប្រធាន​​​របស់​​​គាត់​​​ គឺ​​​លោក​​​ កឹម សុខា ដែល​​​ពេល​​​នេះ​​​កំពុង​​​​​​នៅ​​​អាមេរិក​​​ ហើយ​​​និយាយ​​​ថា គាត់​​​នឹង​​​​​​ខំ​​​ប្រឹង​​​​​​ស្នើ​​​សុំ​​​ឲ្យ​​​លោក​​​ កឹម សុខា វិល​​​ត្រឡប់​​​ពី​​​អា​​​មេរិក​​​វិញ​​​​​​ឲ្យ​​​បាន​​​ទាន់​​​ពេល​​​នៅ​​​ថ្ងៃ​​​ទី​​​១១ ខែ​​​មេសា​​​”។

លោក​​​ ហ៊ុន សែន​​​ បានមាន​​​ប្រសាសន៍​​​ទៀត​​​ថា “យើង​​​​​​ចាំបាច់​​ត្រូវ​​​ស្នើ​​​សុំ​​​ទៅ​​​​​​ព្រះ​​​មហា​​​ក្សត្រ​​​ ពីព្រោះ​​​ព្រះ​​​អង្គ​​​មាន​​​ពេល​​​ជួប​​​​​​យើង​​​នៅ​​​ម៉ោង​​​៩ព្រឹក​​​ ដោយ​​​សារ​​​​​​​​​ព្រះ​​​អង្គ​​​ក៏​​​មាន​​​​​​​​​រាជ​​​កិច្ច​​​ផ្សេង​​​ទៀត​​​​​​ដែរ​​​​​​។ គាត់​​​​​​ [លោក​​​ សម រង្ស៊ី] ត្រូវ​​​​​​ការ​​​ពេល​​​មួយ​​​ម៉ោង​​​ ដើម្បី​​​ពិភាក្សា​​​ជា​​​មួយ​​​អនុប្រធាន​​​របស់​​​គាត់​​​ ប៉ុន្តែ​​​​​​ខ្ញុំ​​​បាន​​​ប្រាប់​​​គាត់​​​ថា ឯកឧត្តម​​​ជាប្រធាន​​​ [គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​]​​​ ដូច្នេះ​​​សូម​​​ឯកឧត្តម​​​ប្រាប់​​​ទៅ​​​គាត់​​​​​​ [លោក​​​ កឹម សុខា] ទៅ​​​ កុំ​​​ឲ្យ​​​រឹង​​​ពេក​​​”។

នៅ​​​ត្រង់​​​ចំណុច​​​នេះ​​​ លោក​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា ការ​​​ព្រម​​​ព្រៀង​​​ ដើម្បី​​​បញ្ចប់​​​​​​ការ​​​​​​ជាប់​​​គាំង​​​​នេះ​​​​​​ហាក់​​​​​​ដូច​​​ជា​​​ចប់​​​ទៅ​​​ហើយ​​​​​​។

លោក​​​​​​បាន​​​ពន្យល់​​​ថា “ខ្ញុំ​​​បាន​​​ប្រាប់​​​​​​គាត់​​​ឲ្យ​​​ទាក់ទង​​​ទៅ​​​ឯកឧត្តម​​​ ស ខេង [រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​​​​មហាផ្ទៃ] ហើយ​​​នៅ​​​ពេល​​​ល្ងាច​​​​​​ឯកឧត្តម​​​ ស ខេង​​​ បាន​​​ប្រាប់​​​ខ្ញុំ​​​ថា ឯកឧត្តម​​​ កឹម សុខា មិន​​​បាន​​​យល់​​​ព្រម​​​ទេ​​​។ ប្រសិន​​​បើ​​​គ្មាន​​​កា​​​រចុះ​​​ហត្ថ​​​លេខា​​​ វា​​​មិន​​​មែន​​​ជា​​​​​​កំហុស​​​របស់​​​​​​ ហ៊ុន សែន​​​ ឬ​​​គណបក្សប្រជាជន​​​​​​​​​ទេ ហើយ​​​វា​​​​​​ក៏មិន​​​មែន​​​ជា​​​កំហុស​​​របស់​​​លោក​​​ សម រង្ស៊ី ឬ​​​ក្រុម​​​ការងារ​​​របស់​​​លោក​​​ សម រង្ស៊ី ដែរ។ វា​​​ជា​​​កំហុស​​​របស់​​​ឯកឧត្ត​​​ម កឹម សុខា”។

លោក​​​ ហ៊ុន សែន​​​ បាន​​​ក្រើន​​​រំឭក​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​កុំ​​​ឲ្យ​​​ព្យាយាម​​​កែប្រែខ្លឹម​​​សារ​​​នៃ​​​អ្វី​​​ដែល​​​​​​​​​បាន​​​​​​និយាយ​​​គ្នា​​​នៅ​​​ក្នុង​​​ការ​​​សន្ទនា​​​​​​តាម​​​ទូរស័ព្ទ​​​រវាងរូប​​​​​​លោក និង​​​លោក​​​ សម រង្ស៊ី ពីព្រោះ​​​លោក​​​ក៏​​​បាន​​​ថត​​​​​​កា​​​រ​​​សន្ទនា​​​​​​នោះ​​​​​​​​​ទុក​​​ដែរ​​​។

ដើម្បី​​​បញ្ជាក់​​​រឿង​​​នេះ​​​​​​ លោក ហ៊ុន សែន​​​បាន​​​ចាក់សំឡេង​​​សន្ទនា​​​​​​ដកស្រង់​​​ចេញ​​​ពី​​​​​​​​​ការ​​​សន្ទនា​​​តាម​​​ទូរស័ព្ទ​​​រយៈ​​​ពេល​​​៤៤​​​នាទី​រវាង​​​រូប​​​លោក​​​ និង​​​លោក​​​ សម រង្ស៊ី ​​​​​កាល​​​ពីថ្ងៃ​​​ពុធ​​​ ដែល​​​នៅ​​​ក្នុង​​​នោះ​​​លោក​​​បាន​​​​​​ហៅ​​​លោក សម រង្ស៊ី ​​​ថា “ឯកឧត្តម​​​”។

ខ្សែ​​​អាត់​​​សំឡេង​​​ដែល​​​លោក​​​ ហ៊ុន សែន​​​បាន​​​ចាក់​​​ យើង​​​អាច​​​ស្ដាប់​​​ឮ​​​លោក​​​ សម រង្ស៊ី មាន​​​ប្រសាសន៍​​​ទៅ​​​កាន់​​​លោក ហ៊ុន សែន ថា “សួស្ដី​​​ តើ​​​សម្ដេច​​​​​​​​​សុខសប្បាយ​​​ទេ?”។ លោក ហ៊ុន សែន​​​ បាន​​​ឆ្លើយ​​​តប​​​ថា “សុខ​​​សប្បាយ​​​ទេ ខ្ញុំ​​​ទើប​​​មក​​​ពី​​​លេង​​​ហ្គុលហ្វ៍”។

លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​​​​ថា “ជិត​​​ដល់​​​ពេលចូល​​​ឆ្នាំ​​​ហើយ ​​​ខ្ញុំ​​​សូម​​​​​​ជូន​​​ពរ​​​សម្ដេច​​​ឲ្យ​​​មាន​​​សុខភាព​​​ល្អ”។

លោក ហ៊ុន សែន បាន​​​គំរាម​​​ចាក់​​​​​​ខ្សែ​​​អាត់​​​សំឡេង​​​​​​នៃ​​​ការ​​​សន្ទនា​​​គ្នា​​​នេះ​​​បន្ថែម​​​​​​ទៀត​​​​​​ប្រសិន​​​បើ​​​​​​​​​មាន​​​​​​ជម្លោះ​​​​​​​​​ដោយ​​​សារ​​​ខ្លឹម​​​សារ​​​​​​​​​នៃ​​​ការ​​​សន្ទនា​​​នេះ​​​។

កិច្ច​​​ព្រម​​​ព្រៀង​​​មួយ​​​រវាង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ នឹង​បញ្ចប់​​​​​​ការ​​​ធ្វើ​​​ពហិការ​​​របស់​​​គណបក្ស​​​ប្រឆាំង​​​មិន​​​ព្រម​​​ចូល​​​សភា ដែល​​​មាន​​​​​​១២៣​​​អាសនៈ​​​ ដែល​​​បាន​​​ចាប់​​​ផ្ដើម​​​កាល​​​ពី​​​ខែ​​​កញ្ញា នៅ​​​ពេល​​​​​​ព្រះ​​​មហាក្សត្រ​​​ នរោត្តម​​​ សីហមុនី យាង​​​ធ្វើ​​​ជា​​​អធិបតី​​​ក្នុង​​​ពិធី​​​ស្បថ​​​ចូល​​​កាន់​​​មុខ​​​តំណែង​​​របស់​​​​​​តំណាង​​​រាស្ត្រ​​​ជាប់​​​​​​ឆ្នោត​​​​​​៦៨​​​រូប​​​​​​របស់​​​គណបក្ស​​​​​​ប្រជា​​​ជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​។

គណបក្ស​​​សង្គ្រោះជាតិ​​​​​​​​​លើក​​​ឡើង​​​ថា ការ​​​​​​បោះឆ្នោត​​​​​​ជាតិ​​​​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៨ ខែ​​​កក្កដា មាន​​​ភាព​​​មិន​​​ប្រក្រតី​​​គ្រប់​​​កន្លែង​​​​​​ក្រោម​​​កា​​​រ​​​រៀប​​​ចំ​​​របស់​​​គ.ជ.ប.​​​ដែល​​​គ្រប់​​​គ្រង​​​​​​ដោយ​​​​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ ហើយ​​​បាន​​​​​​ទាម​​​ទារ​​​​​​ការ​​​បោះឆ្នោត​​​ឡើង​​​វិញ​​​។

កាល​​​ពី​​​ឆ្នាំ​​​មុន​​​លោក​​​ សម រង្ស៊ី និង​​​លោក​​​ កឹម​​​ សុខា បាន​​​ដឹកនាំ​​​មហាបាតុកម្ម​​​ ដែល​​​បាន​​​​​​ពុះពោ​​​រ​​​ខ្លាំង​​​បំផុត​​​​​​កាល​​​ពី​​​ចុង​​​ខែ​​​​​​ធ្នូ ដោយ​​​​​​មាន​​​​​​ប្រជា​​​ពលរដ្ឋ​​​​​​ហែក្បួន​​​​​​រហូត​​​ដល់​​​ទៅ៥០.០០០​​​​​​នាក់​​​ ដើម្បី​​​អំពាវនាវ​​​ឲ្យ​​​លោក​​​ ហ៊ុន សែន ចុះ​​​ចេញ​​​ពី​​​តំណែង​​​​​​។

កាល​​​ពី​​​ដើមខែ​​​មករា  រដ្ឋាភិបាល​​​បាន​​​​​​បង្ក្រាប​​​​​​ដោយ​​​ហិង្សា​​​​​​​​​លើ​​​បាតុកម្ម​​​ ហើយ​​​បាន​​​បាញ់​​​ស្លាប់​​​មនុស្ស​​​ប្រាំ​​​នាក់​​​​​​ដែល​​​ចូល​​​រួមក្នុង​​​កូដកម្ម​​​ទូទាំង​​​ប្រទេស​​​របស​​​់​​​កម្មករ​​​កាត់​​​ដេរ​​​​​​។ ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក ​​​​​​រដ្ឋាភិបាល​​​បាន​​​​​​ចេញ​​​បម្រាម​​​​​​​​​ទូទៅ​​​​​​មួយ​​​មិន​​​ឲ្យ​​​មាន​​​ការ​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​នៅ​​​តាម​​​ទីសាធារណៈក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ប៉ុន្តែ​​​​​​បម្រាម​​​នេះ​​​ត្រូវ​​​បាន​​​​​​អាជ្ញា​​​ធរ​​​អនុវត្ត​​​តាម​​​តែ​​​អំពើ​​​ចិត្ត​​​​​​។

លោក​​​ សម រង្ស៊ី បានបញ្ជាក់​​​​​​​​​តាម​​​ទូរស័ព្ទ​​​​​​ជា​​​ថ្មី​​​ម្ដង​​​ទៀត​​​​​​​​​កាល​​​ពី​​​យប់​​​មិញ​​​ថា លោក​​​សង្ឃឹម​​​ថា លោក​​​នឹង​​​ទទួល​​​បាន​​​​​​ដំណឹង​​​ពី​​​លោក​​​ ហ៊ុន សែន​​​ ឬ​​​លោក​​​ ស ខេង​​​ ​​​នៅ​​​ប៉ុន្មាន​​​ថ្ងៃ​​​ខាង​​​មុខ​​​នេះ​​​ ដើម្បី​​​ពិភាក្សា​​​គ្នា​​​​​​បន្ថែម​​​ទៀត​​​​​​​​​ស្វែង​​​រក​​​ដំណោះស្រាយ​​​បញ្ចប់​​​​​​ស្ថាន​​​ភាព​​​ជាប់​​​គាំង​​​ផ្នែក​​​​​​​​​នយោបាយ​​​។ មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​បើក​​​ទ្វារ​​​ចំហ​​​​​​ចាំ​​​ស្វាគមន៍​​​ជា​​​និច្ច​​​”៕សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស