38 C
Phnom Penh

អង្គការសិទ្ធិមនុស្ស​​៖ ការ​ផ្តន្ទាទោស​ពី​បទ​ភេរវកម្ម​​បង្ហាញ​ពី​ការ​ជ្រៀត​ជ្រែក​របស់​លោក​​ ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​លើក​​ឡើង​​កាល​ពី​ម្សិលមិញ​មុន​​ពេល​ប្រកាស​សាល​​ក្រម​ក្នុង​សវនាការ​នៅ​ថ្ងៃ​នេះ​ថា  ការ​ចោទ​ប្រកាន់​មនុស្ស​១៣​នាក់​ដែល​ត្រូវ​បាន​កាត់​ទោស​កាល​ពីខែ​មុន​​ពីបទ​រៀប​ចំ​ផែន​ការ​ផ្តួល​រំលំ​​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន នោះ​ គឺជា​រឿង​នយោ​បាយ​ ហើយ​​គួរ​តែ​ដក​​បទ​ចោទ​ប្រកាន់​​នេះ​​។

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​លើក​ឡើង​​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ មិន​មាន​​ភ័ស្តុ​តាង​គួរ​ឲ្យ​ទុក​ចិត្ត​​ចំពោះការ​កាត់​ទោស​មនុស្ស​ទាំង​នេះ​​ពី​បទ​ល្មើស​នេះ​ទេ​។​បុរស​ប្រាំ​មួយ​នាក់​ក្នុង​ចំណោម​បុរស​ទាំង​​នេះ​កំពុង​ត្រូវ​បាន​កាត់​ទោស​កំបាំង​មុខ​ចំពោះ​បទ​ល្មើស​​ដែល​គេ​ចោទ​ថា បាន​រៀប​ចំ​នៅ​ក្នុង​ប្រទេស​ថៃ​ ហើយ​នៅ​ទី​នោះ​អាជ្ញាធរ​ថៃ​បាន​ចាប់​ខ្លួនមនុស្ស​ប្រាំ​ពីរ​នាក់​កាល​ពីខែ​មីនា​ ឆ្នាំ​២០១៣​ និង​បាន​បញ្ជូន​មក​​កម្ពុជា​វិញ​។

លោក​ ប្រែត​ អាដាម នាយក​ប្រចាំ​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​បាន​មាន​​ប្រសាសន៍​ថា “ ការ​ផ្តន្ទាទោស​ចុង​ចោទ​ទាំង​១៣​នាក់​នេះ​មិ​ន​មាន​ភ័ស្តុ​តាង​គ្រប់​គ្រាន​់​ទេ​ ប៉ុន្តែ បង្ហាញ​ពី​ការ​ត្រួតត្រា​របស់​លោក​ ហ៊ុន​ សែន លើ​តុលាការ​កម្ពុជា​ដើម្បី​ធ្វើ​ឲ្យ​គណ​បក្ស​ប្រឆាំង​ចុះខ្សោយ​​ជាមួយ​ការ​ចោទ​ប្រកាន់​មិន​ពិត​។ មិន​គួរ​មាន​ការ​ផ្តន្ទាទោស​នរណាម្នាក់​ឲ្យជាប់​ពន្ធនាគារ​ដើម្បី​បម្រើ​​របៀប​វារៈនយោបាយ​របស់​ ហ៊ុន សែន ទេ​”។

រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ដែល​​​​គេ​ចោទ​ថា មនុស្ស​ទាំង​នេះ​ជាស​មាជិក​នោះ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពីខែ​ធ្នូឆ្នាំ​២០១២​ដោយ​អ្នក​ប្រឆាំង​ជន​ជាតិ​ខ្មែ​រ​ម្នាក់​រស់​នៅក្នុង​ប្រទេស​ដាណឺម៉ាក ហើយ​បាន​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ភ្លាមៗ​ ដែល​ភាគ​​ច្រើន​ធ្វើ​​​តាម​​អីុន​ធើណិត​ ដើម្បី​​ទាមទារ​​ឲ្យមានការ​ទម្លាក់​​លោក​ ហ៊ុន​ សែន​ ចេញ​ពី​អំណាច​។

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អះ​អាង​ថា លោក ហ៊ុន សែន​ បង្ហាញ​ពីការ​ជាប់​ពាក់​ព័ន្ធ​របស់​លោក​​នៅ​ក្នុង​រឿង​នេះ​កាល​ពីឆ្នាំ​មុន​​ដែល​នៅពេល​នោះលោក​បាន​ប្រកាស​នៅ​ខែ​ឧសភា​ថា សមាជិក​​គណបក្ស​សង្គ្រោះ​ជាតិ​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុម​​ភេរវករ​បីក្រុម​ រួម​ទាំង​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ផង​។

លោក​បន្ត​ថា “ ក្រុម​មួយ​ទៀត​ដែល​សមា​ ជិក​របស់​ក្រុម​នេ​ះ​ ​យើង​បាន​ចាប់ខ្លួន​ជាមួយ​នឹង​ភ័ស្តុ​តាង​នោះ​ គឺ​រណ​សិរ្ស​រំដោះ​ជាតិ​ខ្មែរ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថៃ​​ ហើយ​ត្រូវ​បាន​រដ្ឋា​ភិ​បាល​ថៃ​និរទេស​មក​វិញ​”។

លោក​ អាដាម បានមាន​ប្រសាសន៍​កាល​​ពីម្សិលមិញ​ថា ការ​លើក​ឡើង​របស់​លោក​ ហ៊ុន សែន គឺជា​ការ​ប៉ុនប៉ង​ដើម្បី​ចោទ​គណ​បក្ស​ប្រឆាំង​ដដែល​ៗថា មាន​គំនិត​ហិង្សា​ជ្រុល​និយម​។លោក​បាន​បន្ថែម​ថា “ភ័ស្តុ​តាង​ ដែល​បង្ហាញ​នៅ​តុលាការ​បង្ហាញ​ច្បាស់​ថា ផែន​ការ​នេះ​ត្រូវ​បាន​ប្រឌិត​ឡើង​ ហើយ​គួរ​តែ​លើ​ក​លែង​បទ​ចោទ​ប្រកាន់ទាំ​ងនេះ​”។

អំឡុង​ពេល​បើក​សវនាការ​រយៈ​ពេល​មួយ​ថ្ងៃ​​ដើម្បី​ជំនុំ​ជម្រះ​រឿង​ក្តី​បុរស​ទាំង​នេះ​​កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​មីនា មេធាវី​ម្នាក់​ដែល​តំណាង​ឲ្យ​ក្រុម​នេះ​បាន​ឲ្យដឹង​ថា សាក្សី​របស់​នគរបាល​ផ្តល់​ភ័ស្តុ​តាង​មិន​គ្រប់​គ្រាន់​​​ចំពោះ​ការ​ភ្ជាប់​ជន​សង្ស័យ​ទាំង​នេះ​ទៅ​នឹង​ផែន​ការ​ភេរវកម្មជាក់​ស្តែង​ណាមួយ​ឡើយ​។

ចៅ​ក្រម​ត្រូវ​បាន​ប្រាប់​ថា ​នគរបាល​មាន​ឯកសារ​បង្ហាញ​ពី​​កំហុស​​របស់​បុរស​ទាំង​នេះ​ ​​មែន ប៉ុន្តែ​វា​ជា​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​​នគរ​​បាល​។ អង្គការ​សិទ្ធិ​​ជន​ជាតិ​​ភាគ​តិច​ក៏​បាន​បង្ហាញ​ពី​កង្វល់របស់ខ្លួន​ចំពោះបុរស​ទាំង​១៣​នាក់​ដែ​ល​មាន​បុរស​ប្រាំមួយ​នាក់​​គឺជា​ខ្មែរ​ក្រោម​ ហើយ​បាន​​លើក​ឡើង​​ថា ​​អាជ្ញា​ធរ​បាន​ទទួល​​ចម្លើយ​សារភាព​អំពី​ផែនការ​នេះ​​​​ដោយសារ​​ការធ្វើ​ទារុណ​កម្ម​។

​លោក​ ផៃ​ ស៊ី​ផាន អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ រដ្ឋ​មន្ត្រី​​មាន​ប្រសាសន៍​ថា ការ​​ចោទ​ ប្រកាន់​​ពី​​ការ​​ជ្រៀត​​ជ្រែក​​របស់​លោក​​ ហ៊ុន សែន គឺ​គ្មាន​​មូល​ដ្ឋាន​​ទេ​។ លោក​ថ្លែង​​​ថា “ យើង​បាន​​ដឹង​ជាច្រើន​ពីមេធាវី​ថា ប្រសិន​​បើ​​យើង​​នាំ​នរណា​​ម្នាក់​ឡើ​ង​​តុលា​ការ ​​​យើង​​ត្រូវ​មាន​​​ភ័ស្តុ​តាង​​គ្រប់​​គ្រាន់​​។ តុលាការ​ធ្វើ​សេចក្តី  ស​ម្រេច​​​​តាម​​ការ​ងារ​របស់​​ពួក​គាត់​ ពួក​គាត់​មិន​ស្តាប់​នាយក​រដ្ឋមន្ត្រី​ទេ​”៕​គឹមហឿន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស