លោក ម៉ៅ ពៅ ដែលត្រូវបានដកចេញតួនាទីរបស់លោកជាស្នងការនគរបាលខេត្តព្រះវិហារក្នុងឆ្នាំ២០១២ បន្ទាប់ពីបាញ់បោះនៅសណ្ឋាគារមួយនៅខេត្តសៀមរាប ត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តត្បូងឃ្មុំ ដែលទើបបង្កើតថ្មី។
លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បានឲ្យដឹងកាលពីម្សិលមិញថា លោកនឹងរង់ចាំ រហូតដល់ពេលបោះឆ្នោតក្នុងខែឧសភា ដើម្បីទទួលការងារនេះ។
លោក ម៉ៅ ពៅ បានមានប្រសាសន៍ថា “ខ្ញុំត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តត្បូងឃ្មុំ ក៏ប៉ុន្តែយើងកំពុងរង់ចាំរហូតដល់ពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង/រាជធានី ស្រុក/ខណ្ឌ នៅក្នុងខែឧសភាមកដល់។ ខ្ញុំមិនទាន់ចូលកាន់តួនាទីនៅឡើយទេ”។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសមួយកាលពីថ្ងៃទី៤ ខែ មេសា ដើម្បីតែងតាំងលោក ម៉ៅ ពៅ ឲ្យចាប់ផ្តើមកសាងកម្លាំងនគរបាលនៅក្នុងខេត្តដែលទើបបង្កើតថ្មីនេះ។
សេចក្តីប្រកាសនេះមានខ្លឹមសារដូច្នេះថា “សេចក្តីសម្រេចនេះនឹងប្រគល់ភារកិច្ចដល់លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ដើម្បីចូលរួមជាមួយក្រុមការងារ និងមន្ត្រីរាជការក្នុងការបង្កើតរដ្ឋបាលនគរបាលខេត្តត្បូងឃ្មុំ”។
លោក ម៉ៅ ពៅ បានបាត់បង់ការងារកន្លងមក ជាស្នងការនគរបាលខេត្តព្រះវិហារក្នុងខែតុលា ឆ្នាំ២០១២ បន្ទាប់ពីត្រូវបានចាប់ខ្លួនដោយនគរបាលខេត្តសៀមរាប និងជាប់ឃុំមួយយប់ដោយសារបាញ់បោះបួនទៅប្រាំមួយគ្រាប់នៅខាងក្នុងសណ្ឋាគារមួយ។
យោងតាមលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានឲ្យដឹងថា លោក ម៉ៅ ពៅ ផឹកស្រវឹងជោកជាមួយសហការីនគរបាល ហើយក៏មានការឈ្លោះប្រកែកគ្នាផ្ទុះឡើង។
ក្រោយរំលងអាធ្រាត្របន្តិច លោក ពៅបានបាញ់ពិដាននិងទ្វារសណ្ឋាគារ។បន្ទាប់ពីលោក ម៉ៅ ពៅ ត្រូវបានដោះលែង លោកសត ណូឌី ស្នងការនគរបាលខេត្តសៀមរាបបានមានប្រសាសន៍ថា លោកបានដកហូតយកកាំភ្លើងរបស់គាត់ “ព្រោះគាត់ខឹងមេឃ”។
ខេត្តត្បូងឃ្មុំត្រូវបានបង្កើតឡើងដោយកាត់ពាក់កណ្តាលភាគខាងកើតនៃខេត្តកំពង់ ចាមកាលពីខែមករា។ ខេត្តថ្មីនេះរាប់បញ្ចូលស្រុកទាំងអស់ប្រាំ ដែលគណបក្សប្រជាជន កម្ពុជាឈ្នះការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រឆ្នាំ២០១៣។ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងទទួលបានសំឡេងភាគច្រើននៅក្នុងស្រុកចំនួន១២ដែលពេលនេះបង្កើតជាខេត្តកំពង់ចាម។
កាលពីចុងខែមករា ទីស្តីការគណៈរដ្ឋ មន្ត្រីបានប្រកាសថា លោក ប្រាជ្ញ ច័ន្ទ ត្រូវផ្លាស់ពីតួនាទីរបស់លោកជាអភិបាលខេត្តបាត់ដំបង ទៅកាន់តួនាទីជាអភិបាលខេត្តត្បូងឃ្មុំវិញ៕ ប៊ុននី