លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរបស់ប្រទេសព្រុយណេ និងបានជំរុញឲ្យប្រទេសសម្បូរប្រេងនេះទិញអង្ករកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
លោក កុយ គួង អ្នកនាំពាក្យរបស់ក្រសួងការបរទេសបានមានប្រសាសន៍ថា “សង្ឃឹមថា កិច្ចប្រជុំជាមួយលោក េសក ហ្វាឌីឡា សេក អាម៉ាត (Shaikh Fadilah Shaikh Ahmad) នឹងជំរុញឲ្យប្រទេសព្រុយណេ បង្កើនតួលេខនាំចូលអង្កររបស់ខ្លួនឲ្យច្រើនជាង៣.០០០តោន។
លោកបានមានប្រសាសន៍ថា “កាលពីឆ្នាំទៅ អង្ករ៣.០០០តោនត្រូវបាននាំចេញទៅប្រទេសព្រុយណេ ហើយឯកឧត្តមឧបនាយករដ្ឋមន្ត្រី [ហោ ណាំហុង] បានជំរុញឲ្យប្រទេស ព្រុយណេ ទិញអង្ករថែមទៀត”។
នៅអំឡុងកិច្ចប្រជុំ លោក សេក អាម៉ាតបានលើកឡើងថា ចំនួនភ្ញៀវទេសចរមកពីប្រទេសព្រុយណេដែលមកលេងប្រទេសកម្ពុជា បានកើនឡើង ប៉ុន្តែលោកបានបន្ថែមថា ប្រទេសនានាគួរតែបង្កើតជើងហោះហើរផ្ទាល់។
លោក កុយ គួង បានមានប្រសាសន៍ថា “ឯកឧត្តមឯកអគ្គរាជទូតនឹងពិចារណាជើងហោះហើរផ្ទាល់មកកាន់ប្រទេសកម្ពុជា ពីព្រោះកម្ពុជានិងប្រទេសព្រុយណេ គឺជាសមាជិកអាស៊ាន”៕ ប៊ុននី