33 C
Phnom Penh

ច្បាប់​ឧក្រិដ្ឋកម្ម​អីុន​ធើណិត​ចម្លង​ពី​សន្ធិសញ្ញាអឺរ៉ុប​ឆ្នាំ​២០០១

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទី​ប្រឹក្សា​រាជរដ្ឋាភិបាល​នៃ​​ព្រះ​រាជាណា​ចក្រ​​​កម្ពុជា​ ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ផ្នែក​ជាច្រើននៅ​ក្នុងសេចក្តី​ព្រាង​ច្បាប់​ឧក្រិដ្ឋ​កម្ម​អីុន​ធើណិត​របស់​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ចម្លង​ស្ទើរ​តែ​ទាំង​ស្រុង​ពី​សន្ធិសញ្ញា​អឺរ៉ុប​ឆ្នាំ​២០០១ស្តី​ពី​ឧក្រិដ្ឋកម្ម​អីុន​ធើណិត។

លោក ភូ លីវូត (Phu Leewood) ដែល​ជា​ទី​ប្រឹក្សា​រាជរដ្ឋាភិបាល​ ផ្នែក​បច្ចេក​វិទ្យា​ព័ត៌​មាន ​បាន​ឲ្យ​ដឹង​ថា ផ្នែក​មួយ​ចំនួន​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​ចម្លង​ទាំង​ស្រុង​ពី​សន្ធិសញ្ញា​ឆ្នាំ​២០០១​ស្តី​ពី​ឧក្រិដ្ឋកម្ម​អីុន​ធើណិតដែល​ត្រូវ​បាន​អនុម័ត​ដោយ​ក្រុម​ប្រឹក្សា​អឺរ៉ុប​។

លោក លីវូត បាន​មាន​ប្រសាសន៍​ថា “ រដ្ឋ​សភា​មិន​អាច​អនុម័ត​ច្បាប់​នេះ​បាន​ទេ​។ មាន​អ្នក​ចម្លង​ច្បាប់​នេះ​ចេញ​ពី​សន្ធិសញ្ញា​អឺរ៉ុប​ និង​បក​ប្រែ​ ហើយ​បន្ទាប់​មក​គ្រាន់​តែ​ដាក់​ចំណង​ជើង​ច្បាប់​ប៉ុណ្ណោះ”។ គួរ​រំឭកដែរ​​ថា លោក លីវូត ធ្លាប់​ចំណាយរយៈ​​ពេល​មួយ​ទស​វត្សរ៍​​ធ្វើ​ជា​អគ្គលេខា​ធិការ​អាជ្ញាធរជាតិ​ទទួល​បន្ទុក​កិច្ច​ការ​អភិវឌ្ឍន៍​វិស័យ​បច្ចេក​វិទ្យា​ គមនាគមន៍ ព័ត៌មាន​វិទ្យា​ (NiDA)។

បើ​បៀប​ធៀប​ឯកសារ​ច្បាប់​ទាំង​ពីរ​នេះ ឃើញ​ថា ផ្នែក​មួយ​ចំនួន​នៃ​ច្បាប់​ឧក្រិដ្ឋកម្ម​អីុន​ធើណិតកម្ពុជា ដូចជា មាត្រា​ដែល​ចែង​ពី​រូប​អាសគ្រាម​កុមារ​ និង​ការ​ប្រើ​ប្រាស់​គ្រឿង​អេឡិច​ត្រូនិក​ខុស​គោល​ដៅ​ជាដើម ត្រូវ​បាន​ចម្លង​ដោ​យ​ផ្ទាល់​ចេញ​ពី​សន្ធិ​សញ្ញា​នោះ​។ មាន​ចំណុច​ខុស​គ្នា​តែ​មួយ​គត់​គឺ​ថា ច្បាប់​កម្ពុជា​បន្ថែម​ទណ្ឌកម្ម​ទៅ​លើ​បទ​ល្មើស​។

លោក លីវូត បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ​សេចក្តី​ព្រាង​ច្បាប់​នេះ​ហាក់​ដូចជា​ត្រូវ​បាន​បង្កើត​ឡើង​ និង​ព្រាង​ដោយ​មនុស្ស​ដែល​មាន​ចំណេះ​ដឹង​បន្តិច​បន្តួច​អំពី​ព័ត៌មាន​វិទ្យា។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទាក់​ទង​នឹង​ច្បាប់​នេះ​ថា “មើល​ទៅ​​​ដូច​ជា​ ប្រជា​ជន​ខ្មែរ​ ជា​ឧក្រិដ្ឋជន​ទៅ​ហើយ​”។

ផ្នែក​មួយ​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​របស់​កម្ពុជា ដែល​មិន​ត្រូវ​បាន​ចម្លង​ចេញ​ពី​សន្ធិ​សញ្ញា​ស្តី​ពី​ឧក្រិដ្ឋកម្ម​អីុន​ធើណិតគឺ​មាត្រា​២៨​ដែល​មាន​ភាព​ចម្រូង​ចម្រាស​ ពីព្រោះ​មាត្រា​នេះ​អនុញ្ញាត​ឲ្យ​ការ​ដាក់​ទោស​ជន​ណា​ដែល​បង្ខូច​ ឬក៏​បន្ទាប​តម្លៃ​របស់​រដ្ឋាភិបាល​។

ច្បាប់​នេះ​ក៏​បាន​បង្កើត​ស្ថាប័ន​មួយ​ដែល​មាន​សមាជិក​គណៈកម្មាធិការ​១៤នាក់​ផង​ដែរ គឺ​គណៈកម្មាធិការ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ឧក្រិដ្ឋកម្ម​អីុន​ធើណិត ក្រោម​ការ​ដឹក​នាំ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោកឧបនាយក​រដ្ឋ​មន្ត្រី សុខ អាន ក្នុង​ការ​ត្រួត​ពិនិត្យ​ដំណើរ​ការ​អនុវត្ត​ច្បាប់​នេះ។

នៅ​ពេល​ចូល​ជា​ធរមាន​ ច្បាប់​ឧក្រិដ្ឋកម្ម​អីុន​ធើណិតនេះទំនង​ជាការ​ពារ​រដ្ឋាភិបាល​ជា​ជាង​ប្រជាជន​ខ្មែរ​ នេះ​បើ​យោង​តាម​ប្រ​សា​ស​ន៍​របស់​អតីត​ប្រធាននាយកដ្ឋាន​​ឧក្រិដ្ឋ​កម្ម​កំុព្យូទ័រ​នៃ​ក្រសួង​យុត្តិធម៌​​សហរដ្ឋ​អាមេរិក​។

លោក ម៉ាក រ៉ាច (Mark Rasch) អតីត​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ បាន​មាន​ប្រសាសន៍​ថា “វា​គឺជារឿង​មួយ​សម្រាប់​នាយក​ប្រតិបត្តិ​កំណត់​គោល​នយោបាយ​ទាំង​មូល​ ក៏​ប៉ុន្តែ ការ​ចាត់​ឲ្យ​គាត់​សម្រេច​ចិត្ត​ថា​ អ្វី​ទៅ​ជា​បទ​ឧក្រិដ្ឋ​ គឺ​ជា​រឿង​មិន​ធម្មតាមួយ​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “វា​នាំ​ឲ្យ​មាន​ការ​ឆ្លៀត​ឱកាស​យក​ច្បាប់​នេះ​ទៅ​ប្រើ​ប្រាស់​ក្នុង​ការ​ការពារ​រដ្ឋបាល​ មិន​មែន​ការពារ​ប្រទេស​ជាតិ​ទេ​”។ គួរ​បញ្ជាក់​ថា លោក រ៉ាច បច្ចុប្បន្ន​ជា​ប្រធាន​មន្ត្រី​សន្តិ​សុខ​​ព័ត៌មាន​ឯក​ជន​ និង​ទិន្នន័យ​ នៅ​ក្រុម​ហ៊ុន​ប្រតិបត្តិការ​វិទ្យាសាស្ត្រ​អន្តរជាតិ​ (Science Applications International Corp.) ដែលបាន​ចុះ​កិច្ច​សន្យា​ម៉ៅការ​ជាមួយ​រដ្ឋាភិបាល​អាមេរិក​ និង​មាន​មូលដ្ឋាន​នៅ​រដ្ឋ​វើជីនៀ។

លោក រ៉ាច ក៏​បាន​បន្ថែម​ទៀត​ថា និយម​ន័យ​នៅ​ពាក្យ​បទ​ល្មើស​ និង​ទោស​ មិន​មាន​ភាព​ច្បាស់​លាស់​ទេ​ ក៏​ប៉ុន្តែ លោក​ទទួល​ស្គាល់​ថា ពាក្យ​បច្ចេក​ទេស​ច្បាប់​​អាច​មាន​ន័យ​ខុស​គ្នា​ក្រោម​ច្បាប់​កម្ពុជា​។ លោក​បាន​មាន​ប្រសាសន៍​ថា “មាន​ចំណុច​ប្លែក​ជា​ច្រើន​។

ការប្រើ​ប្រាស់​ម៉ាស៊ីន​កុំព្យូទ័រ​ដោយ​គ្មានការ​អនុញ្ញាត​គឺ​ជា​បទ​ល្មើស​ដែល​ត្រូវ​ជាប់​ពន្ធនាគារប្រាំ​មួយ​ខែ​ទៅ​បី​ឆ្នាំ ក៏​ប៉ុន្តែ ប្រសិន​បើ​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​កុំ​ព្យូទ័រ​ដោយ​មាន​បំណង​យក​ទិន្នន័យ​នៅ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​ ជន​ល្មើស​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល​ប្រាំ​ឆ្នាំ​។

តើ​យើង​​ប្រើ​ម៉ាស៊ី​ន​កុំ​ព្យូទ័រ​ដោយ​របៀប​ណា?​ ហើយ​តើ​យើង​ប្រើ​កុំ​ព្យូទ័រ​ដោយ​គ្មាន​ការ​អនុញ្ញាត​ដែល​មិន​មាន​វិធានការ​ការពារ​សន្តិសុខ​កំុព្យូទ័រដែល​ជា​បទ​ល្មើស​ជាប់​ពន្ធនា​គារ​​​១២​ឆ្នាំ ដោយ​របៀប​ណា?”៕ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស