28 C
Phnom Penh

​សាលា​ដំបូង​រាជធានី​ភ្នំពេញផ្តន្ទាទោស​​ភរិយា​ឧកញ៉ាពី​បទ​ធ្វើ​ទារុណកម្ម​លើ​ក្មេង​ស្រី​ជំទង់​ពីរនាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​បាន​បើក​សវនាការ​រឿង​ក្តី​ភរិយា​អាយុ​៥០​ឆ្នាំ​របស់​អ្នក​ជំនួញ​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម​្ភ​មួយ​រូប​ ក្រោម​បទ​ចោទ​ប្រកាន់​ថា បាន​ធ្វើ​ទារុ​​ណកម្ម​លើ​ក្មេង​ស្រី​ពីរនាក់​ ដែល​មាន​ការ​អះ​​អាងថា ​ជា​កូន​ចិញ្ចឹម​របស់​ជន​ជាប់​ចោទ​ ​តាំង​ពី​ជាង​មួយ​ទសវត្សរ៍​មុន​។

ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ សោម ផល្លី អាយុ​២០​ឆ្នាំ​ និង​ម្នាក់​ទៀតឈ្មោះ​ សំ សុគន្ធា អាយុ​​១៨​ឆ្នាំ​ បាន​រត់​គេច​ពី​លំនៅ​ដ្ឋាន​របស់​​លោក វ៉េង តិចឡា កាលពី​ខែកុម្ភៈ​ ឆ្នាំ​២០១៣ បន្ទាប់​ពី​រង​ការ​វាយ​ដំ​ ធ្វើ​ទារុណ​កម្ម​ និង​ឃុំ​ទុក​អស់​រយៈពេល​ច្រើន​ឆ្នាំ​ នេះបើ​យោង​តាម​សេច​​​​ក្តី​អះ​អាង​របស់​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​។

កញ្ញា ផល្លី បាន​ប្រាប់​តុលាការ​ថា “ខ្ញុំ​ខំ​រត់​គេច​ចេញ​ពី​ផ្ទះ​ពីរ​ដង នៅ​ពេល​ខ្ញុំត្រូវ​បាន​គេ​​ធ្វើ​ទារុណកម្ម។ ខ្ញុំ​ត្រូវ​គេ​វាយ​នឹង​ប្រដាប់​ព្យួរ​​ខោអាវ​ និង​ត្រូវ​គេ​ឃុំ​ទុក​នៅ​ក្នុង​ផ្ទះ​”។ ជន​រង​គ្រោះ​រូប​នេះ​បាន​និយាយ​បន្ថែម​​ទៀត​ថា នៅ​ពេល​ជន​ជាប់​ចោទ​ឈ្មោះ លី ពៅ បាន​យក​នាង​ និង​កញ្ញា សុគន្ធា ទៅ​ចិញ្ចឹម​នាង​មាន​អាយុ​ប្រាំ​ពីរ​ឆ្នាំ។

ជន​រង​គ្រោះ​ឈ្មោះ សុគន្ធា បាន​និយាយ​ថា “ ​ពេល​លោកស្រី​ ពៅ មិន​ពេញ​ចិត្ត​ការ​ងារ​របស់​ពួកយើងនៅ​ក្នុង​ផ្ទះ​ យើង​តែង​តែ​រង​ទារុណកម្ម​”។  ជនរងគ្រោះ​បាន​និយាយ​បន្ត​ថា “គាត់​មិន​ឲ្យ​យើង​ទៅ​រៀន​ទេ ទើប​ឥឡូវ​ហ្នឹង​ពួក​យើង​មិន​ចេះ​អក្សរ​ទេ”។​ បន្ទាប់​ពី​ក្មេង​ស្រី​ទាំង​ពីរ​បាន​រត់​គេច​ខ្លួន​កាលពី​ឆ្នាំ​មុន ពួកគេ​បាន​ស្វែង​រក​ជំនួយ​ពី​នគរបាល​នៅ​ខណ្ឌ​ទួល​គោក។

លោក ពុទ្ធ ធាវី មេធាវី​ការពារក្តី​របស់​ជន​ជាប់​ចោទ​ឈ្មោះ ពៅ បាន​លើក​ឡើង​ថា ក្មេង​​ស្រី​ទាំង​ពីរ​ប្រៀប​ដូច​ជា​កូន​ស្រី​របស់​កូន​ក្តី​របស់​លោក​។ លោក​បាន​មាន​ប្រសាសន៍ថា “គាត់​មិន​បាន​ធ្វើ​ទារុណកម្ម​ពួកគេ​ទេ…។ ខ្ញុំ​បដិសេធ​បទចោទ​ប្រកាន់​នេះ​ និង​ស្នើ​ឲ្យ​ដក​បទ​​ចោទ​ប្រកាន់​ទាំង​នេះ​​ចេញ​”។

លោក កោ វណ្ណឌី ប្រធាន​​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ បាន​ឲ្យ​ដឹង​ថា សាល​ក្រម​នឹង​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា។ ជន​ជាប់​ចោទ​​ឈ្មោះ ពៅ កំពុង​រត់​គេច​ខ្លួន​៕ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស