35 C
Phnom Penh

ក្រុមហ៊ុន​កូរ៉េ​ចរចា​ជាមួយ​សាលារាជ​ធានី​ជា​ថ្មី​​ បន្ទាប់​ពី​សេវាកម្ម​រថយន្ត​ក្រុង​សាធារណៈ​ជួបការ​លំបាក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ប្រធាន​ក្រុមហ៊ុន​តាក់ស៊ី​កូរ៉េ​ខាង​ត្បូង​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​តាក់​ស៊ី​កូរ៉េ​ខាង​ត្បូង​បាន​ត្រឡប់​ទៅ​ចរចា​ជាមួយ​សាលា​រា​ជ​ធានី​ជា​ថ្មី​ ដើម្បីប្រជែង​​យកកិច្ច​សន្យា​ផ្តល់​​សេវាកម្ម​រថយន្ត​​ក្រុង​សាធារណៈ​ពី​ក្រុមហ៊ុន​ចិន​​​ដែល​ដំបូង​ឡើយ​ខ្លួន​​ប្រ​ជែងមិន​ឈ្នះ​​។

លោក​ ឆយ ដេយ៉ុង (Choi Dae Yong) ប្រធាន​​ក្រុមហ៊ុន​តាក់​ស៊ី​ Trans-Choice របស់​កូរ៉េ​ខាង​ត្បូង​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញថា ក្រុមហ៊ុន​របស់​លោក​កំពុង​ចរចា​ជាមួយ​សាលា​រាជធានី​ ដើម្បី​ទទួល​បាន​កិច្ច​សន្យា​ផ្តល់​សេវា​កម្ម​រថយន្ត​ក្រុង​សាធារណៈ​។ លោក​​បាន​ប៉ាន់​​ប្រមាណ​ថា ​វា​អាច​​ចំណាយ​ពេល​រហូត​ដល់​ទៅ​ប្រាំមួយ​ខែ​ ដើម្បី​ធ្វើ​ឲ្យ​រថយន្ត​ចំនួន​៥០​គ្រឿង​មាន​ចរាចរណ៍​តាម​ផ្លូវ​ចំនួន​ប្រាំ​មួយ​ខ្សែ​ដែល​ត្រូវ​បាន​ពង្រីក​បន្ថែម​។

លោក​ ដេយ៉ុង​ បាន​មាន​ប្រសាសន៍​ដោយ​​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិតបន្ថែម​ថា​ “វា​​​កំពុង​ស្ថិត​ក្រោម​ការ​ចរចា​ ប៉ុន្តែ​យើង​ត្រូវ​ការ​រៀប​ចំ​ខ្សែ​រត់​បន្ថែម​ ហេតុដូច្នេះ​យើង​ត្រូវ​ការ​ពេល​វេលា​”។

ក្រុមហ៊ុន​ Global (Cambodia) Trade Development ដែល​ក៏​ជា​ក្រុមហ៊ុន​គ្រប់​គ្រង​ក្រុមហ៊ុន​តាក់​ស៊ី​ម៉ែត្រ​ក្នុង​រាជ​ធានី​ភ្នំពេញ​ដែរ​នោះ​បាន​ចាប់​ផ្តើម​ប្រតិបត្តិ​ការផ្តល់​សេវាកម្ម​រថយន្ត​ក្រុង​សាធារណៈ​ជា​លើ​កដំបូង​ក្នុង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ខែ​មីនា​ បន្ទាប់​ការ​សាក​ល្បង​រយៈពេល​មួយ​ខែ​​នៅ​លើ​ផ្លូវ​តែ​មួយ​ខ្សែ​របស់​ទី​ភ្នាក់​ងារ​​​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ទទួល​បាន​ជោគជ័យ​។

ប៉ុន្តែ​នៅ​ក្នុង​សប្តាហ៍​នេះ​ក្រុមហ៊ុន​បាន​ប្រគល់​ប្រតិបត្តិ​ការ​​ទៅ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​វិញ​ ដោយ​មិន​បាន​ពង្រីក​ខ្សែ​រត់​បន្ថែម​​ឡើយ ក្រៅ​ពី​ខ្សែ​រត់​ដំបូង​តាម​បណ្តោយ​មហាវីថី​ព្រះ​មុនីវង្ស​​​។ កាល​ពី​ម្សិល​មិញ​ លោក​​ លឹម​ អានឌ្រេ នាយក​​​ប្រតិបត្តិ​ក្រុម​ហ៊ុន​នេះ​ពន្យល់​បាន​ត្រឹម​តែ​ថា វា​គឺ​ដោយ​សារ​តែ​ “ បញ្ហា​បច្ចេក​ទេស​”។

ក្រុមហ៊ុន​ Global Trade Development នេះ​ទទួល​បាន​កិច្ច​សន្យា​ដោយ​ពុំ​ចាំ​បាច់​មាន​ដំណើរ​​​ការ​ដេញ​ថ្លៃ​ជា​សាធារណ​ៈ​នោះ​ឡើយ​។ ក្រុមហ៊ុននេះ​ទទួល​បាន​កិច្ច​សន្យា​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ផ្ទាល់​មាត់​ដែល​ក្រុមហ៊ុន​នេះ​ព្រម​ព្រៀង​បោះ​ទុន​ក្នុង​ទឹក​ប្រាក់​ចំនួន​១​២​លាន​ដុល្លារ​សម្រាប់​រយៈពេល​៥​ឆ្នាំ​។

លោក​ ឡុង​ ឌី​ម៉ង​់​ អ្នក​នាំ​ពាក្យ​សាលារាជ​ធានី​បាន​ឲ្យ​ដឹង​​ ក្រុមហ៊ុន ​Global Trade Development ឥឡូវនេះ​ចង់​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ឧបត្ថម្ភធន​នៅ​ក្នុង​ការផ្តល់​សេវាកម្ម​រថយន្ត​ក្រុង​សាធារណៈ​នេះ​។ កាល​ពី​ខែមុន​ លោក​ ប៉ា សុជាតិ​វង្ស​ អភិបាល​រាជ​ធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា ការ​ដែល​ពុំ​ចាំ​បាច់​មាន​ដំណើរ​​​​ការ​ដេញ​ថ្លៃ​ជា​សាធារណៈ​នេះ​គឺ​ដោយ​សារ​តែ​ក្រុមហ៊ុន​  ​Global Trade Development  គឺ​ជា​ក្រុមហ៊ុន​តែ​មួយ​គត់​ដែល​ត្រៀម​ខ្លួនរា៉ប់រង​ការ​ចំណាយ​ទាំង​ស្រុង​នៅ​ក្នុង​គម្រោង​នេះ​។

លោក​ ឡុង ឌី​ម៉ង​់​ បាន​មាន​ប្រសាសន៍​ថា “ មាន​លក្ខខណ្ឌ​មួយ​ចំនួន​ជាប់​ទាក់​ទិន​នឹង​រឿង​ដែល​ក្រុមហ៊ុន​នេះ​បា​ន​ស្នើ​ឲ្យ​សាលា​រាជ​ធានី​ផ្តល់​ឧបត្ថម្ភធន​ ដែល​សាលា​រាជ​ធានី​មិនអាច​ធ្វើ​តាម​បាន​”។ លោក​បាន​បន្ថែម​ថា លោក​មិនដឹង​អំពី​បញ្ហា​ថា តើេ​ក្រុមហ៊ុន​តាក់​ស៊ី​ Trans-Choice របស់​កូរ៉េ​ខាង​ត្បូង​នឹ​ង​ទទួល​បាន​កិច្ច​សន្យា​នេះ​ឬ​យ៉ាង​ណានោះ​ទេ។​​

នៅ​ក្នុង​កិច្ច​សម្ភាស​មួយ ​កាល​ពី​ខែ​មុន​ លោក​ ដេ​យ៉ុង​ បាន​សម្តែង​ការ​ខក​ចិត្ត​​ចំពោះ​​​​រឿង​ដែល​សាលា​រាជធានី​មិន​ព្រម​ផ្តល​់​កិច្ច​សន្យាផ្តល់​សេវាកម្ម​រថយន្ត​ក្រុង​សាធារណៈ​មក​ឲ្យ​ក្រុមហ៊ុន​របស់​លោក​។ ទោះ​បី​ជា​ក្រុមហ៊ុន​នេះ​បាន​បោះ​ទុន​ត្រឹម​តែ​៥លាន​ដុល្លារ​ក៏ដោយ​ ក៏​​​សំណើរបស់​ក្រុម​ហ៊ុន​នេះ​មាន​ការ​គាំ​ទ្រ​ពី​រដ្ឋាភិបាល​ក្រុង​ ប៊ូសាន នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ដែល​មាន​ប្រព័ន្ធ​ដឹក​ជញ្ជូន​ដ៏​ទំនើបដែរ។

លោក​ ដេយ៉ុង​ បាន​ប្រសាសន៍​ថា “ក្រុង​ប៊ូសាន​ និង​រាជ​ធានី​ភ្នំពេញ​មានទំនាក់​ទំនង​មិត្ត​ភាព​នឹងគ្នា​ ហើយ​ក្រុង​ប៊ូសាន​មាន​ការ​ភ្ញាក់​ផ្អើ​ល​យ៉ាង​ខ្លាំង​ដោយ​យល់​ព្រ​ម​ផ្តល់​បទពិសោធ​​ទាំង​អស់​ដែល​ខ្លួន​មាន​ក្នុង​វិស័យ​​​ដឹក​ជញ្ជូន​។ លើស​ពីនេះទៅ​ទៀត​ សមាគម​រថយន្ត​ក្រុង​ ក្រុង​ប៊ូសាន​ នឹង​ផ្តល់​រថយន្ត​ក្រុង​ទំនើប​ៗ​មក​ឲ្យ​យើង​”។

ស្រប​ពេល​នោះ​ លោក​ លឹម​ អាន​ឌ្រេ​ បាន​បដិសេធ​ថា ក្រុមហ៊ុន​របស់​លោក​មិន​បានបោះ​បង់​ចោល​កិច្ច​សន្យា​ផ្តល់​សេវា​កម្ម​រថយន្ត​ក្រុង​សាធារណៈ​នោះ​ទេ​។ លោក​បាន​លើក​ឡើង​ថា ការ​សម្រេច​ថា​ តើ​ត្រូវ​បន្ត​​ប្រតិបត្តិ​ការ​ឡើង​វិញ ឬ​​ក៍​អត់​នោះ​ នឹង​ត្រូវ​ធ្វើ​ឡើង​ក្រោយ​ចូល​ឆ្នាំ​ខែ​ប្រពៃណី​ជាតិ​។ លោក​បាន​បន្ថែមថា គោល​បំណង​របស់​ក្រុម​ហ៊ុន​កូរ៉េ​ ដែល​ចង់​ប្រជែងយក​កិច្ច​សន្យា​នេះ​មិន​ធ្វើ​ឲ្យ​លោក​ព្រួយ​បារម្ភ​នោះ​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “​ វា​គឺ​ជា​រឿង​របស់​គេ​”៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស