នគរបាលបាននិយាយថា កាលពីថ្ងៃសៅរ៍ កូនមន្ត្រីរដ្ឋាភិបាលម្នាក់បានគេចខ្លួនពីកន្លែងគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តកណ្ដាល ដែលបានបណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងបណ្ដាលឲ្យមនុស្សពីរនាក់ទៀតបាត់បង់ជើងម្ខាង។
យោងតាមនគរបាលមូលដ្ឋានបានឲ្យដឹងថា ឯក សុវណ្ណារ៉ា កូនលោក ឯក ក្រឹត អតីតស្នងការនគរបាលខេត្តកណ្ដាល ដែលឥឡូវនេះជាទីប្រឹក្សានៅក្រសួងមហាផ្ទៃ បានបើករថយន្តបុកម៉ូតូមួយគ្រឿងដែលមានមនុស្សជិះបីនាក់ ពេលកំពុងធ្វើដំណើរតាមផ្លូវជាតិលេខ៨ ពីភ្នំពេញទៅខេត្តព្រៃវែង ។
យោងតាមលោក ម៉ែន សុខឿន អធិការនគរបាលស្រុកខ្សាច់កណ្ដាល បានឲ្យដឹងថា នគរបាលអនុញ្ញាតឲ្យលោក សុវណ្ណារ៉ា ប៉ះកង់រថយន្ត Lexus ដែលបែករបស់គាត់មុនពេលគាត់បើកគេចចេញពីកន្លែងកើតហេតុ។
លោក សុខឿន មានប្រសាសន៍ថា “ជនបង្កបានសុំអនុញ្ញាតប៉ះកង់រថយន្តសិន ហើយបាននិយាយថា គាត់នឹងដោះស្រាយបញ្ហានេះនៅពេលក្រោយ។ ប៉ុន្តែគាត់បានគេចខ្លួនបន្ទាប់ពីប៉ះកង់នោះរួច។
លោកបានបន្ថែមថា “ លោក សុវណ្ណារ៉ា បានបើកយ៉ាងលឿន និងប៉ុនប៉ងបុកប៉ូលិសយើងទៀតនៅពេលយើងព្យាយាមឃាត់រថយន្តនោះ ក្រោយពីជននេះនិងមនុស្សដែលជិះរថ យន្តជាមួយគាត់បានប៉ះកង់នោះរួច”។
គ្រោះថ្នាក់នេះបានធ្វើឲ្យឈ្មោះ ដោក ម៉េង អាយុ២៨ឆ្នាំ វ៉ាន់ ចាន់ អាយុ២៨ឆ្នាំ និង យ៉ន តែង៉ោ អាយុ៣០ឆ្នាំ ដែលសុទ្ធតែជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកខ្សាច់កណ្ដាល បានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ មនុស្សទាំងបីនាក់ត្រូវកាត់ជើងឆ្វេងលើជង្គង់។
យោងតាមឪពុកមាររបស់គាត់បានឲ្យដឹងថា កាលពីព្រឹកម្សិលមិញ ឈ្មោះ ដោក ម៉េង ដែលជាអ្នកបើកម៉ូតូបានស្លាប់ ដោយសាររងរបួសធ្ងន់។
លោក សុវណ្ណារ៉ា ជាអនុប្រធាននគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ក្នុងខេត្តស្វាយរៀង បានឲ្យនាមប័ណ្ណរបស់គាត់ទៅនគរបាលនៅកន្លែងកើតហេតុ ប៉ុន្តែបានគេចខ្លួនមុនពេលបញ្ចប់ការធ្វើរបាយការណ៍ផ្លូវការ។
លោក សុខឿន បានមានប្រសាសន៍ថា ជនសង្ស័យរូបនេះមានពេលរហូតដល់ថ្ងៃក្រោយចូលឆ្នាំខ្មែរ ដើម្បីចូលមកដោះស្រាយបញ្ហានេះ បើមិនដូច្នោះទេ នគរបាលនឹងស្វែងរកចាប់ខ្លួនគាត់។ លោក សុខឿន មានប្រសាសន៍ថា “ យើងស្គាល់អត្តសញ្ញាណជនបង្កហើយ ព្រោះគាត់បានឲ្យនាមប័ណ្ណគាត់មកយើង ដូច្នេះ យើងអាចរកអាសយដ្ឋានផ្ទះរបស់គាត់ឃើញ”។
លោកបានមានប្រសាសន៍ថា “យើងនឹងបញ្ជូនករណីនេះទៅឲ្យតុលាការសម្រេចតាមច្បាប់ក្រោយថ្ងៃចូលឆ្នាំ ប្រសិនបើមិនចូលមកដោះស្រាយបញ្ហានេះទេ”។
កាលពីខែវិច្ឆិកា ឆ្នាំមុន អាជ្ញាធរខេត្តកណ្ដាលមិនបានដោះស្រាយករណីបុកហើយរត់ ក្រោយពីរថយន្តដែលលោក ជាម យៀប សមាជិកសភាគណបក្សប្រជាជនជិះ បានបុកគ្នាចំពីមុខជាមួយម៉ូតូមួយគ្រឿងធ្វើ ឲ្យស្ត្រីម្នាក់ស្លាប់ និងប្ដីរបស់គាត់រងរបួសធ្ងន់។
នៅពេលនោះ លោក ជាម យៀប បានអះអាងថា លោកមិនខុសទេ ពីព្រោះលោកមិនមែនជាអ្នកបើកបររថយន្តនោះ និងបានប្រាប់ពីហេតុផលចំពោះការបើកគេចចេញពីកន្លែងកើតហេតុ ដោយសារខ្លាចមានការបង្កអំពើហិង្សាពីក្រុមមនុស្សទាំងនោះ ប្រសិនបើគាត់ស្ថិតនៅកន្លែងកើតហេតុ។
មាត្រា ៣៦ នៃច្បាប់ចរាចរណ៍ផ្លូវគោក ចែងថា ក្នុងករណីបង្កគ្រោះថ្នាក់ចរាចរណ៍ “អ្នកបើកបរ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ដែលជាប់ពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរាចរណ៍ និងអ្នកឈរមើលត្រូវតែបញ្ឈប់យានជំនិះនោះភ្លាម ហើយរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬនគរបាលចរាចរ”។ យោងតាមច្បាប់នេះ “ការចាកចេញពីកន្លែងកើតហេតុត្រូវហាមឃាត់ បើគ្មានការអនុញ្ញាតពីនគរបាលចរាចរ”៕ គឹមហឿន