33.3 C
Phnom Penh

គណៈ​កម្មាធិការ​ជាតិរៀប​ចំ​ការ​បោះ​ឆ្នោត​ណែនាំ​មិន​ឲ្យ​មាន​ការ​ប្រមាថ​ពេល​ឃោសនា​បោះ​ឆ្នោត​​ក្រុម​ប្រឹក្សា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិរៀបចំការ​បោះ​ឆ្នោត (គ.ជ.ប.) បានចេញសេចក្ដីណែនាំមួយ​កាល​ពីថ្ងៃសៅរ៍ ប្រាប់​​គណបក្ស​នយោបាយ​​អំពី​ខ្លឹម​សារ​នៃ​ការ​ឃោសនា​បោះ​ឆ្នោត​​អំឡុង​​​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​​ពីរ​សប្ដាហ៍​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត​ ក្រុង ស្រុក ខណ្ឌ នៅថ្ងៃ​ទី​១៨ ខែ​ឧសភា។

កាលពីដើម​ខែ​នេះ លោក សម រង្ស៊ី ប្រធាន​​គណបក្ស​ប្រឆាំង​បានប្រកាស​ថា គណបក្ស​សង្គ្រោះជាតិនឹង​ប្រើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នេះ ដើម្បី​ចាប់​ផ្ដើម​​ធ្វើ​មហាបាតុ​កម្ម​ឡើងវិញ​។​គួរ​រំលឹកថា មហា​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​​ត្រូវ​បាន​រដ្ឋាភិបាល​ហាម​ឃាត់​​តាំង​ពី​ដើម​ខែមករាមក​។

សេចក្ដីណែនាំ​របស់​ គ.ជ.ប. បង្គាប់​គណ​បក្ស​នយោបាយ​កុំឲ្យ​ប្រើ​ការ​ឃោសនា​បោះ​ឆ្នោត​នេះ​ ដើម្បីប្រមាថ​អ្នក​នយោបាយ​ ឬ​គណបក្ស​ដទៃ​ និយាយ​ពី​បទ​ល្មើស​ និង​អំពើ​ហិង្សា​ពីមុន ប្រើ​ភាសា​អសីលធម៌ ឬ​ញុះ​​​ញង់ រើស​អើង​​​ ឬសាបព្រោះ​​ការ​ភ័យ​ខ្លាច​ ដែល​អាច​ធ្វើ​ឲ្យ​ខូច​សណ្ដាប់​ធ្នាប់​សង្គម ក្នុង​រូប​ភាព​ណា​មួយឡើយ​។

សេចក្ដីណែនាំ​របស់ គ.ជ.ប. លើក​ឡើង​ថា “គណបក្ស​នយោបាយ​ បេក្ខជន ឬ​តំណាង​​នៃ​គណបក្ស​នយោបាយ​មិន​ត្រូវ​ធ្វើ​​ឲ្យ​សកម្ម​ភាព​​នៃ​ការ​​ឃោស​នា​​បោះ​ឆ្នោត​​ក្លាយ​ទៅ​​ជា​​សកម្ម​ភាព​បាតុកម្ម​ប្រឆាំង​តវ៉ា​​ឡើយ​”។

សេចក្ដីណែនាំនេះ​លើក​ឡើង​ទៀត​ថា “គណបក្ស​នយោបាយ​ បេក្ខជន​ ឬតំណាង​​នៃ​គណ​បក្ស​នយោបាយ​ មិន​ត្រូវ​ប្រើ​ភាសា​ ឬ​និយាយ​​​ដៀម​ដាម​ប្រមាថ​មើ​ល​ងាយ​​ដល់​គណបក្ស​នយោបាយ​ ឬ​បេក្ខជន ឬ​តំណាង​គណ​​បក្ស​នយោបាយ​ណាមួយ​ឡើយ​”។

យោងតាម​សេចក្ដីណែនាំនេះ​ឲ្យ​ដឹង​ថា អ្នក​នយោបាយ​​មិន​ត្រូវ​លើក​ឡើង​ជា​ពាក្យ​សំដី​​ ឬ​ជា​លាយ​លក្ខណ៍អក្សរ​ ​ដោយ​យក​ព្រឹត្តិការណ៍​គួរ​ឲ្យ​តក់​ស្លុត​ពីអតីត​កាល​មក​ដំណាល​​ ដូច​ជា​ឃាត​កម្ម ការ​វាយ​​​ដំ​ ការ​រំលោភ​ ឬ​ការ​​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​​​របស់​​ជន​ណា​ម្នាក់ ឬក្រុម​ណាមួយ​​”។

គ.ជ.ប. លើកឡើង​ថា អ្នក​នយោបាយ​ ឬ​អ្នកគាំទ្រ​ណាមួយ​ដែល​បំពាន​សេចក្ដីណែនាំ​នេះត្រូវ​ទទួលខុស​ត្រូវ​ចំពោះមុខ​ច្បាប់​។

លោក ទេព នីថា អគ្គលេខាធិការ​គ.ជ.ប. ​បាន​មាន​ប្រសាសន៍​ថា ការ​ប៉ុន​ប៉ង​របស់​គណ​បក្ស​សង្គ្រោះជាតិ​ដើម្បីធ្វើ​បាតុកម្ម​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ គឺ​ជា​​ការ​បំពាន​សេចក្ដីណែនាំនេះយ៉ាង​ច្បាស់​។ លោក ទេព នីថា មិនពន្យល់ប្រាប់ថា នឹង​អនុ​វត្ត​​សេចក្ដីណែនាំនេះ​ដោយរបៀប​ណា​ឡើយ​។

លោកស្រី មូរ សុខហួរ តំណាង​រាស្ត្រ​គណ​​បក្ស​សង្គ្រោះជាតិ ​​មាន​ប្រសាសន៍ថា គណ​បក្ស​សង្គ្រោះជាតិ នឹង​នៅ​តែ​ហែក្បួន​នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា ដូច​ការ​គ្រោងទុក​ដដែល​ ទោះ​​បីជា​​មាន​សេចក្ដីណែនាំនេះ​ក៏ដោយ​ ហើយ​លោកស្រី​មាន​ប្រសាសន៍​ថា សេចក្ដី​ណែ​នាំ​នេះ​បំពាន​សិទ្ធិ​ជួប​ជុំគ្នា និង​សិទ្ធ​ិបញ្ចេញ​មតិ​​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​។

លោក ជាម យៀប តំណាង​រាស្ត្រ និងជា​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច បានមាន​ប្រសាសន៍​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​នឹង​គោរព​សេចក្ដីណែនាំ​របស់​គ.ជ.ប. ដែល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះការ​​ដាក់​សុទ្ធ​តែ​ជា​សមាជិករបស់​គណបក្ស​កាន់អំណាច​។

លោក​បានមាន​ប្រសាសន៍​ថា គណបក្ស​ប្រជា​ជន​កម្ពុជា នឹង​ចែក​ជូន​កម្មវិធី​នយោ​បាយ​របស់​ខ្លួន​ទៅឲ្យអ្ន​ក​បោះឆ្នោត​ដើម្បី​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​មិន​រិះគន់​គណបក្ស​ដទៃ​ឡើយ​។

កាលពីចុងខែធ្នូ និង​ដើម​ខែមករា អ្នក​គាំទ្រ​​គណបក្ស​សង្គ្រោះជាតិ​រាប់​ម៉ឺននាក់​បាន​ហែ​ក្បួន​តាម​ផ្លូវ​ ដើម្បី​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះចេញពី​អំណាច និង​បោះ​ឆ្នោត​ថ្មី​។

ការ​ធ្វើ​បាតុកម្ម​ទាំង​នោះ​បាន​បញ្ចប់​បន្ទាប់​ពី​សន្តិសុខ​ខណ្ឌ​បាន​បណ្ដេញ​អ្នក​គាំទ្រ​គណ​បក្សប្រឆាំង​ចេញពី​ទីលាន​ប្រជា​ធិបតេយ្យ​ដោយ​ហិង្សា​កាលពីថ្ងៃ​ទី​៤ ខែមករា។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ ក្រសួង​មហាផ្ទៃ បាន​ដាក់​បម្រាម​មិន​ឲ្យមានការ​ជួប​ជុំគ្នា​ជា​សាធារណៈ​ដែល​ត្រូវ​បានអនុវត្ត​តាមតែ​អំពើ​ចិត្ត​ចាប់​តាំង​​​ពីពេល​នោះមក​៕​គឹម​ហឿន​ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស