33 C
Phnom Penh

អង្គការ​នានា​ជំរុញ​ឲ្យ​ធនាគារ​ ADB ពិគ្រោះ​យោបល់​ជាមួយ​ប្រជា​ជន​រង​គ្រោះ​ដោយ​សារ​គម្រោង​ផ្លូវ​ដែក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ក្រៅ​រដ្ឋាភិបាល​ជិត​៣០​បាន​សរ​សេរ​លិខិត​ផ្ញើ​ជូន​ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) ដើម្បី​ទាមទារ​ឲ្យ​ធនាគារ​នេះ​បង្ហាញ​សេចក្តី​ព្រាង​ផែន​ការ​​របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​នេះ​ ក្នុង​គោល​បំណង​ជួយ​ប្រជា​ជន​គ្រួសារ​ខ្មែរ​ដែល​រង​គ្រោះ​ដោយ​សារ​ការ​បណ្តេញ​ចេញ​ពី​តំបន់​ផ្លូវ​ដែក​នានា​ ក្នុង​សេចក្តី​ប៉ុនប៉ង​បើក​ផ្លូវ​សម្រាប់​គម្រោង​ស្តារ​ផ្លូវ​ដែក​ក្រោម​មូលនិធិ​របស់​ធនាគារ​នេះ​។

អង្គការ​ទាំងនោះ​ក៏​ចង់​ឲ្យ​ធនាគារ​នេះ​បង្ហាញសេចក្តី​លម្អិត​បន្ថែម​ទៀត​​នៅ​ក្នុង​ផែន​​​ការ​សម្រេច​ចុង​ក្រោយ​ ឲ្យ​ប្រជា​ជន​ទាំង​នោះ​បាន​ឃើញ​ច្បាស់​។

ប្រជាជន​ប្រហែល​១.០០០​គ្រួសារ​​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​លំនៅ​ដ្ឋាន​របស់​ខ្លួន​ដែល​ពួក​គាត់​បាន​សង់​ នៅ​លើ​និង​នៅ​ក្បែរ​ផ្លូវ​រថភ្លើង​ដែល​ត្រូវ​បាន​ទុក​ចោល​ជា​យូរ​មក​​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ប្រជា​ជន​ភាគ​ច្រើន​ត្រូវ​បាន​បញ្ជូន​ទៅ​ទី​តាំង​លំនៅ​ដ្ឋាន​ថ្មី​ ជា​ហេតុ​បណ្តាល​ឲ្យ​ពួក​គេ​ទទួល​រង​សម្ពាធ​ឲ្យ​ខ្ចីបុល​គេ​ដើម្បី​សង់​លំនៅ​ដ្ឋាន​។

កាល​ពី​ពេល​ថ្មីៗ​នេះ​ធនាគារ​ ADB បាន​បញ្ចប់​ការ​ធ្វើ​សេចក្តីព្រាង​ផែន​ការ​មួយ​ បន្ទាប់​ពី​​ប្រឈម​នឹង​ការ​ស្តី​បន្ទោស​សម្រាប​់​កំហុស​របស់​ខ្លួន​។ ក៏ប៉ុន្តែ​ធនាគារ​នេះ​បាន​បដិសេធ​មិន​បង្ហាញ​ច្បាប់​ថត​ចម្លង​នៃ​ផែន​ការ​នោះ​ឲ្យ​ប្រជា​ជន​​ដែល​មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​ធ្វើ​សេចក្តី​ព្រាង​ផែន​ការ​នេះ​ បាន​ឃើញ​ទេ​។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​របស់​ខ្លួន​ កាល​​ពី​ថ្ងៃ​សុក្រ​​ ដែល​ត្រូវ​បាន​ផ្ញើ​ជូន​លោក​ តាក់​កេហ៊ី​កុក ណាកាវ (Takehiko Nakao) ប្រធាន​ធនាគារ​ ADB និង​ជា​ប្រធានក្រុម​ប្រឹក្សា​ភិបាល​​ធនាគារនេះ​ អង្គការ​ចំនួន​២៧​បាន​លើក​ឡើង​​ថា​ ធនាគារ​នេះ​កំពុង​ខ្វះ​គោលនយោបាយ​របស់​ខ្លួន​ទាក់​ទង​នឹង​ការ​បង្ហាញ​ព័ត៌មាន​ឲ្យ​សាធារណ​ជន​បាន​ឃើញ​។

អង្គការ​ទាំង​នោះ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នេះ​​ថា “គួរ​ឲ្យ​សោក​ស្តាយ​​ធនាគារ ADB បាន​ខក​ខាន​ការ​ទទួល​ខុស​ត្រូវ​ជា​ថ្មី​ម្តង​ទៀត​​នៅ​ក្នុង​ដំណើរ​នៃ​ការ​ដាក់​ចេញ​​នូវ​សកម្មភាព​ដោះ​ស្រាយ​”  សម្រាប់​ជន​រង​គ្រោះ​ដោយ​សារ​ការ​បណ្តេញ​ចេញ​។

សេចក្តី​ថ្លែង​ការណ៍​ដដែល​មាន​ខ្លឹមសារ​បន្ត​​ទៀត​ថា “ធនាគារ​ ADB គ្រាន់​តែ​បាន​បញ្ជាក​់​​ថា ខ្លួន​នឹង​ចែក​រំលែក​ផែន​ការ​របស់​ខ្លួន​ និង​ទទួល​យក​យោបល់​នៅ​ពេល​ដែល​ផែន​ការ​នោះ​ត្រូវ​បាន​ដាក់​ជូន​ក្រុមប្រឹក្សា​ភិបាល​របស់​​ធនាគារ​ ADB ។​ យើង​បារម្ភ​ថា ចំណុច​នេះ​អាច​​​ធ្វើ​ឲ្យ​ប្រជា​ជន​រង​គ្រោះ​នឹង​លែង​មាន​ឱកាស​​​ដាក់​ឥទ្ធិពល​ទៅ​លើ​វិធានការ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​លំបាក​នានា​ដែល​ពួក​គាត់​បាន​ប្រឈម​មុខ​ និង​ឆ្លង​កាត់​”។

អង្គការ​ក្រៅ​រដ្ឋាភិបាលដែល​​បាន​ចុះ​ហត្ថ​លេខា​លើ​សេចក្តី​ថ្លែង​ការណ៍​នេះ​រួម​មាន​ទាំង​​អង្គការ​ ក្លូប​ល វីតណេស (Global Witness) ក្រុម​​ការ​ងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន​ (Housing Rights Task Force) និង​អង្គការ​សមធម៌​កម្ពុជា​ (Equitable Cambodia) ផងដែរ​។

អង្គការ​ទាំង​នោះ​បាន​លើក​​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​​ដដែល​ថា “យើង​ខ្ញុំ​សូម​​ស្នើ​ឲ្យ​លោក​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ធនា​គារ​ ADB ធានាថា​ គណៈ​គ្រប់​គ្រង​របស់​ខ្លួន​នឹង​បង្ហាញ​សេចក្តី​ព្រាង​ផែន​ការ​សកម្មភាព​ដោះ​ស្រាយ​របស់​ខ្លួន​… និង​ផ្តល់​ឱកាស​សម​ស្រប​​សម្រាប់​កិច្ច​ពិភាក្សា​ពិគ្រោះ​យោបល់​ដ៏​មាន​ន័យ​ជាមួយ​ប្រជា​ជន​រង​ផល​ប៉ះ​ពាល់​ និង​តំណាង​របស់​ពួកគាត់​”។  ធនាគារ​ ADB មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើសុំ​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​ទេ​។

ប្រជា​ជន​ខ្លួន​ឯងផ្ទាល់​​បាន​ដាក់​សំណើ​​ស្រដៀង​​គ្នា​នេះ​ជូន​ធនាគារ​ ADB កាល​ពី​ថ្ងៃ​ពុធ​ សប្តាហ៍​មុន​ និង​បាន​គំរាម​​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​មុខ​ការិយាល័យ​ធនាគារ​នេះ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ប្រសិន​បើ​ពួកគាត់​មិន​ទទួល​បាន​​សេចក្តី​ចម្លង​នៃ​ផែនការ​សកម្មភាព​នោះ​ក្នុង​រយៈពេល​ប្រាំ​ពីរ​ថ្ងៃ​ទេ​នោះ​។ ពួកគាត់​បាន​ចោទ​ប្រកាន់​លោក​ អេរិច ស៊ីចវិក​ (Eric  Sidgwick) នាយក​ប្រចាំ​ប្រទេស​នៃធនាគារ​ ADB ថា​បាន​ក្បត់​ពាក្យ​សន្យា​​ដែល​លោក​បាន​លើក​ឡើង​កាល​ពី​ខែ​កុម្ភៈ​ថា លោក​នឹង​បង្ហាញ​ឲ្យ​ប្រជា​ជន​ទាំងនេះ​ឃើញ​​ផែន​ការ​នោះ​ មុន​ពេល​បញ្ជូន​ទៅដល់​ក្រុមប្រឹក្សា​ភិបាល​នៃ​ធនា​គារ​នេះ​។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​នោះ​ លោក​ ស៊ីចវិក បាន​បដិសេធ​មិន​ឆ្លើយ​តប​ទៅ​នឹង​​សេចក្តី​ទាម​ទារ​នេះ។ លោក​បាន​លើក​ឡើង​ថា ប្រជា​ជន​ទាំង​នោះ​នឹង​ត្រូវ​បាន​ពិគ្រោះ​​យោបល់​​ជា​មួយពី​​ផែន​ការ​នេះ​ ក៏​ប៉ុន្តែ​លោក​​​មិន​បាន​បញ្ជាក់ថា​ តើ​កិច្ច​ពិគ្រោះ​យោបល់​នោះ​នឹង​ធ្វើ​ឡើង​នៅ​ពេល​ណា​ទេ​៕ សុធា 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស