យោងតាមព្រះរាជក្រឹតមួយចុះព្រះហត្ថលេខាកាលពីថ្ងៃទី៦ ខែមេសា បានឲ្យដឹងថាតាមរយៈច្បាប់ថ្មីដែលមានគោលបំណងកែទម្រង់ប្រព័ន្ធតុលាការ ឧត្តមក្រុមប្រឹក្សាអង្គចៅក្រមបានប្រកាសផ្លាស់ប្តូរតំណែងចៅក្រមនិងមន្ត្រីតុលាការ ដោយមានមន្ត្រីចំនួន៧៨រូបត្រូវបានតែងតាំង ឬផ្ទេរ។
យោងតាមលោក សំ ប្រជាមានិត ប្រធានខុទ្ទកាល័យរបស់ក្រសួងយុត្តិធម៌បានឲ្យដឹងថា ការផ្លាស់ប្តូរការងារ ដែលរាប់បញ្ចូលចៅក្រមនិងព្រះរាជអាជ្ញាជាន់ខ្ពស់នៅតុលាការកំពូល សាលាឧទ្ធរណ៍និងសាលាដំបូងខេត្តគឺជាការប្តូរគ្នាតាមនិយាមមួយរបស់ចៅក្រមនិងព្រះរាជអាជ្ញា ក្នុងគោលបំណងកម្ចាត់អំពើពុករលួយ។
លោកបានមានប្រសាសន៍ថា “វាជារឿងធម្មតាទេ ពីព្រោះចៅក្រមនិងព្រះរាជអាជ្ញាមិនអាចធ្វើការលើសពីរយៈពេលបួនឆ្នាំ[នៅក្នុងតួនាទីដដែល] ទេ។ ដូច្នេះត្រូវតែផ្លាស់ប្តូរ”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “ក៏ប៉ុន្តែការផ្លាស់ប្តូរដោយឧត្តមក្រុមប្រឹក្សាអង្គចៅក្រមក្នុងការផ្ទេរតួនាទីរបស់ចៅក្រម ក៏ជាផ្នែកនៃដំណើរការកែទម្រង់ស៊ីជម្រៅនៅក្នុងប្រព័ន្ធតុលាការរបស់រដ្ឋាភិបាលអាណត្តិទី៥”។
ការផ្លាស់ប្តូរភាគច្រើនបំផុតនេះ គឺនៅក្នុងតុលាការកំពូល។ លោក ជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានផ្លាស់ឲ្យទៅកាន់មុខតំណែងជាអនុប្រធានតុលាការកំពូល។ លោក និល ណុន ប្រធានសាលាដំបូងខេត្តសៀមរាប ក៏ត្រូវបានតែងតាំងជាអនុប្រធានតុលាការជាន់ខ្ពស់បំផុតរបស់កម្ពុជាផងដែរ។
លោក ជីវ កេង បានបញ្ជាក់កាលពីម្សិលមិញថា លោកត្រូវបានដំឡើងឋានៈ និងបានមានប្រសាសន៍ថា ការផ្ទេរតំណែងនេះគ្មានអ្វីប្លែកទេ។ លោកថ្លែងថា “ វាជាភារកិច្ចនិងកាតព្វកិច្ចរបស់ខ្ញុំ ហើយវាជារឿងធម្មតាទេ”។
លោក សេង នាង ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ចាំង ស៊ីណាត លោកសែម សកុឡា និងលោក តែ សំអាង កា្លយជាចៅក្រមរបស់តុលាការកំពូល។
ចៅក្រមប្រាំរូបឡើងទៅសាលាឧទ្ធរណ៍រាប់ទាំងលោក ស៊ិន វិសាល ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ និងលោកចៅក្រម អុិន វ៉ាន់វិបុល ប្រធានសាលាដំបូងខេត្តកណ្តាល។ លោកចៅក្រម វ៉ាន់វិបុល បានមានប្រសាសន៍កាលពីម្សិលមិញថា “នៅពេលរដ្ឋបញ្ជាឲ្យខ្ញុំទៅធ្វើការនៅកន្លែងណាមួយ យើង នឹងទៅធ្វើការនៅទីនោះ”។
ក្នុងចំណោមមន្ត្រី៥៩រូបដែលត្រូវបានផ្ទេរនិងដំឡើងតួនាទីនៅកម្រិតសាលាដំបូងខេត្តនិងសាលាដំបូងរាជធានី ក៏មានលោក អាំង ម៉ាល់ឌី ប្រធានសាលាដំបូងខេត្តបន្ទាយជ័យដែលនឹងកាន់តួនាទីជាប្រធានថ្មីនៃសាលាដំបូងរាជធានីភ្នំពេញផងដែរ៕ ប៊ុននី