សកម្មជនប្រឆាំងការបណ្តេញចេញបានលោតរំលងភ្លើងនិងមើលព្រះសង្ឃបោកក្អមទឹកនៅក្នុងពិធីមួយមុនពេលចូលឆ្នាំថ្មីក្នុងរាជធានីភ្នំពេញកាលពីម្សិុលមិញ ដោយសង្សឹមថា នឹងបណ្តេញឧបទ្រពចង្រៃចេញពី បុរសចំនួន២៣នាក់ ដែលប្រឈមនឹងការផ្តន្ទាទោសនៅចុងខែនេះពីបទពាក់ព័ន្ធរបស់ខ្លួនក្នុងសកម្មភាពតវ៉ារបស់កម្មកររោងចក្រកាត់ដេរនាពេលកន្លងមក។
សមាជិកសហជីព សកម្មជន និងកម្មកររោងចក្រកាត់ដេរចំនួន២៣នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២និងទី៣ ខែមករា អំឡុងការតវ៉ាដែលបានបញ្ចប់ភ្លាមៗ នៅពេលកងរាជអាវុធហត្ថបានបាញ់ប្រហារទៅលើមនុស្សមួយក្រុម ដោយធ្វើឲ្យមនុស្សចំនួន ប្រាំនាក់ស្លាប់ និងជាច្រើននាក់រងរបួស។
គួរបញ្ជាក់ថា សកម្មភាពតវ៉ានោះមានគោលបំណងទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករកាត់ដេរ។ បុរសចំនួន២៣នាក់ ដែលក្នុងនោះពីរនាក់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យមានការប្រើអំពើហិង្សា និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ហើយគ្រោងនឹងត្រូវបានផ្តន្ទាទោសនៅថ្ងៃទី២៥ខែមេសា។
អ្នកស្រី ទេព វន្នី ជាសកម្មជនម្នាក់ក្នុងចំណោមសកម្មជនទាំងនោះមានប្រសាសន៍ថា “ក្រោយចូលឆ្នាំខ្មែរ យើងចង់ឲ្យរដ្ឋាភិបាលដឹកនាំប្រទេសប្រកបដោយគុណសម្បត្តិនិងយុត្តិធម៌ដើម្បីបម្រើប្រទេសជាតិនិងគោរពសិទ្ធិមនុស្ស។យើងចង់ឲ្យមានការដោះលែងមនុស្សចំនួន២១នាក់”។
អ្នកចូលរួមពិធីនេះបានលោតរំលងបីដងលើក្អមមានភ្លើងតូចមួយ។បន្ទាប់មក ព្រះសង្ឃ២៣អង្គបានបោកក្អមទឹកចំនួន២៣ ទៅនឹងដី ដែលតំណាងឲ្យឧបទ្រពចង្រៃពីជនជាប់ចោទទាំងនេះ។
ព្រះតេជគុណ កែវ សុម៉ាលី ជាសង្ឃមួយអង្គក្នុងចំណោមសង្ឃទាំងនោះ បានមានសង្ឃដិកាថា “យើងចាត់ទុកថា ក្អមមានទឹកតំណាងឲ្យឧបទ្រពចង្រៃ ហើយនៅពេលដែលយើងបំបែកវា ឧបទ្រពចង្រៃនឹងជៀសឆ្ងាយ។
ព្រះសង្ឃ២៥អង្គ ជាសមាជិកបណ្តាញព្រះសង្ឃឯករាជ្យសម្រាប់យុត្តិធម៌សង្គម ជាសង្ឃសកម្មមួយក្រុមប្រឆាំងដាច់ខាតនឹងនយោបាយនិងសកម្មភាពរបស់រដ្ឋាភិបាល។
អង្គការសិទ្ធិមនុស្សបានចាត់ទុកការចោទប្រកាន់បុរសទាំង២៣នាក់នេះថា ជារឿងនយោបាយ និងបានចោទរដ្ឋាភិបាលថា មិនទទួលខុសត្រូវចំពោះបញ្ហាគ្រប់គ្រងមន្ត្រីកងរាជអាវុធហត្ថដែលបានបាញ់សម្លាប់ក្រុមអ្នកតវ៉ាកាលពីថ្ងៃទី៣ខែមករា។ រដ្ឋាភិបាលបានអះអាងថា មានការស៊ើបអង្កេតក្នុងឧបទ្ទវហេតុនេះ ប៉ុន្តែមិនទាន់ចេញលទ្ធផលរបស់ខ្លួននៅឡើយទេ៕ប៊ុននី