37 C
Phnom Penh

ជនសង្ស័យជន​​ជាតិ​បែលហ្សិក​ក្នុងករណីធ្វើឃាត​ភ្ញៀវ​​​ទេស​​​ចរបារាំង​ត្រូវបាន​ដោះលែងឲ្យនៅក្រៅឃុំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​​អាជ្ញាធរ​បានឲ្យដឹងថា ​​ជន​ជាតិ​បែលហ្សិកម្នាក់ ដែល​​ជាប់ពន្ធនាគារ​​​នៅក្នុង​ខេត្តកំពត​​អស់​រយៈពេល​​ជិតមួយឆ្នាំ​ ​ជាជន​សង្ស័យ​​តែម្នាក់​ឯង​ក្នុងករណី​ធ្វើ​​ឃាត​អ្នក​​​ទេសចរជនជាតិ​បារាំង​ម្នាក់​កាល​​ពីដើមឆ្នាំ​​មុន​ ត្រូវបាន​ដោះ​លែង​ឲ្យនៅក្រៅ​​ឃុំ​កាល​​ពីថ្ងៃ​សុក្រ។

​ឈ្មោះ អូលីវ័រ វ៉ាន ដិន ហ្កឺត (Oliver van den Bogaert) អាយុ​៤១ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​កាល​​ពីខែមេសា​ឆ្នាំ​២០១៣ រយៈពេល​១០​សប្តាហ៍​​បន្ទាប់​​ពីសាក​សពភ្ញៀវ​​​ទេស​​​ចរ​​​មួយ​​​រូប​​​​​​ឈ្មោះ អូហ្វេលី បេកនីស (Ophelie Begnis) អាយុ​២៥ឆ្នាំ ​​​​​​ត្រូវ​​​បាន​​​ប្រទះ​​​ឃើញ​​​នៅ​​​មាត់​​​ស្ទឹង​​​​​​ក្នុង​​​ក្រុង​​​កំពត។

កាលពីសប្តាហ៍មុន សាលាឧទ្ធរណ៍​បាន​បង្គាប់​ឲ្យ​ដោះលែង​​ជនសង្ស័យឲ្យនៅក្រៅ​ឃុំ​ជា​​បណ្តោះ​​អាសន្ន​ពី​​ពន្ធនាគារ​ខេត្តកំពត​ ដោយសារ​ខ្វះភ័ស្តុតាង​ក្នុងរឿង​ក្តីរបស់គាត់។​

លោក សេង ស៊ីវុត្ថា អនុប្រធាន​សាលា​ឧទ្ធរណ៍​ បានមាន​ប្រសាសន៍ថា “ យើងគ្មាន​ភ័ស្តុតាង​គ្រប់គ្រាន់​​ដើម្បី​ចោទ​គាត់ទេ ដូច្នេះ​លោកចៅក្រមសាលាឧទ្ធរណ៍ ឃុន លាង​ម៉េង ​​បាន​បង្គាប់ឲ្យដោះ​លែង​គាត់​”។ លោក​​​​បាន​ឲ្យដឹងបន្ថែមថា ព្រះរាជអាជ្ញានឹងមាន​ពេល​១៥ថ្ងៃ​ដើម្បី​ឧទ្ធរណ៍សារទុក្ខ។

លោក អែម បូវ ប្រធាន​ពន្ធនាគារ​ខេត្ត​កំពត​​បានបញ្ជាក់ថា ជនសង្ស័យ វ៉ាន ដិន ហ្កឺត ត្រូវ​​​​ បាន​​​​ដោះលែង​កាល​​ពីថ្ងៃសុក្រ បន្ទាប់ពី​ពន្ធ​​​នា​​​គារបានទទួល​បទបញ្ជាពីសាលា​ឧទ្ធរណ៍​កាល​​ពីថ្ងៃ​​ព្រហស្បតិ៍។

ឈ្មោះ វ៉ាន ដិន ហ្កឺត ត្រូវបា​ន​ចោទប្រកាន់​​​​ ពីបទ​មនុស្ស​​ឃាត​កាលពីថ្ងៃទី​២៥ ខែ​មេសា​ឆ្នាំ​មុន​ បន្ទាប់ពីសាក្សីម្នាក់​បានអះអាង​ថា បាន​​​ឃើញ​ជនសង្ស័យ​​​​​​មាន​កង់​មួយ​គ្រឿង​ ដែល​​ជនរងគ្រោះឈ្មោះ អូហ្វេ​លី​ ​បេកនីស កំពុង​​ជិះ​ ​នៅថ្ងៃ​​ដែលនាងបាត់​ខ្លួន។

ជនជាប់ចោទ​ និង​មេធាវី​របស់ខ្លួន​បាន​អះ​​អាងថា ជនសង្ស័យឈ្មោះ វ៉ាន ដិន ហ្កឺត ​​គ្មានកំហុសទេពីព្រោះនគរបាលខេត្តកំពត​មិន​​​បាន​នាំភ័ស្តុ​តាង​ថែមទៀត​​​សម្រាប់ចោទ​​​ប្រកាន់​​​គាត់ឡើយ​។

កាលពីខែ​មីនា ក្រុមធ្វើកោសល្យ​វិច័យ​មួយក្រុម​​​មក​​ពីប្រទេស​បារាំង​​បានធ្វើការ​ស៊ើបអង្កេត​​ឃាត​កម្មនេះ ប៉ុន្តែ​ក៏មិនបាន​រក​ឃើញ​ភ័ស្តុតាង​ភ្ជាប់ជនសង្ស័យឈ្មោះ វ៉ាន ដិន ហ្កឺត ទៅ​នឹង​ករណីឃាតកម្មនេះដែរ។

លោក នីកូឡាស់ បូឌីន(Nicolas Baudouin)  លេខាទី១​នៅ​ស្ថាន​ទូតបារាំង​បានលើកឡើង​​​កាលពីម្សិល​មិញថា លោកមិនបាន​ដឹង​ថា ជន​​សង្ស័យឈ្មោះ វ៉ាន ដិន ហ្កឺត ត្រូវបាន​​​​ដោះ​លែង​​ទេ​។

លោក ធារី ដាលីម័រ (Thierry Dalimier) កុងស៊ុល​កិត្តិយស​នៅស្ថានកុងស៊ុល​​​បែល​​​ហ្សិក​​ បាន​បដិសេធ​មិនធ្វើអត្ថាធិប្បាយ​​​ទាក់​ទង​​​នឹង​​​​រឿងក្តីនេះ​​ទេ៕ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស