អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅថ្មីៗនេះ ក្រុមអ្នកភូមិមកពីសហគមន៍ជនជាតិភាគតិចក្នុងតំបន់ឆាយអារ៉ែងខេត្តកោះកុង បានបន្តបិទផ្លូវទៅកាន់ការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីមួយកន្លែងដែលពួកគាត់លើកឡើងថានឹងបំផ្លាញជីវភាពរស់នៅរបស់ខ្លួន។
ទោះជាយ៉ាងណា សមាជិកសហគមន៍ជនជាតិភាគតិចជងនេះមិនបានបណ្តោយឲ្យការតវ៉ារបស់ខ្លួនប៉ះពាល់ដល់ពិធីបុណ្យចូលឆ្នាំខ្មែរទេដោយពួកគាត់បាននាំគ្នារាំកម្សាន្តនិងលេងល្បែងប្រជាប្រិយ ខណៈបន្តការឃ្លាំមើលក្រែងលោមានកម្មករមកពីក្រុមហ៊ុន Sinohydro (Cambodia) United Ltd., ដែលមានគម្រោងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងឆាយ អារ៉ែងកម្លាំង១០៨មេហ្គាវ៉ាត់នៅក្នុងរយៈ ពេលប៉ុន្មានខែបន្ទាប់នេះ។
ព្រះតេជគុណ ហេង ម៉េងហុង ព្រះជន្ម២១ព្រះវស្សាមកពីបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមបានមានសង្ឃដីកាកាលពីល្ងាចថ្ងៃអង្គារថា ជនជាតិភាគតិចជាង៣០នាក់បានបិទផ្លូវនៅក្នុងភូមិថ្មបាំង ឃុំឫស្សីជ្រុំ។
ព្រះតេជគុណបានមានសង្ឃដីកាថា “ពួក គាត់បានយកធុងជ័រ និងឆ្នាំងវាយដំធ្វើជាភ្លេង សម្រាប់រាំ ច្រៀង និងលេងល្បែងប្រជាប្រិយអំឡុងបុណ្យចូលឆ្នាំខ្មែរ។ ពួកគាត់បារម្ភខ្លាចក្រុមហ៊ុនចិននេះឆ្លៀតឱកាសដឹកគ្រឿងចក្រទៅកាន់ការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីនោះអំឡុងបុណ្យចូលឆ្នាំខ្មែរ ដូច្នេះ ហើយទើបអ្នកភូមិជនជាតិភាគតិចជងបន្តបិទផ្លូវ…ដើម្បីឃ្លាំមើលក្រែងលោមានកម្មករឆ្លៀតឱកាសចូលទៅកាន់តំបន់នោះ”។ព្រះតេជគុណបានឲ្យដឹងបន្តថា ក្រុមអ្នកភូមិបានបោះតង់ចំនួន១៥ហើយផ្លាស់ប្តូរវេនគ្នាយាមផ្លូវ។
ការបិទផ្លូវរបស់សហគមន៍ជនជាតិភាគតិចជងបានចាប់ផ្តើមកាលពីខែមីនានៅពេល ក្រុមហ៊ុន Sinohydro សាងសង់កន្លែងស្តុកទឹកនៅក្បែរការដ្ឋានដែលអាចចេញចូលបានតាមផ្លូវលំតែមួយនោះ។ ទោះជាយ៉ាងណា មកទល់នឹងពេលនេះនៅមិនទាន់មានកាលបរិច្ឆេទសម្រាប់ការសាងសង់ទំនប់ដែលសហគមន៍នេះនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនក្នុងតំបន់នេះបារម្ភថា នឹងធ្វើឲ្យលិចលង់ផ្ទៃដីទំហំ២០.០០០ ហិកតារាប់ទាំងផ្នែកនៃព្រៃការពារភ្នំក្រវាញដែលពួកគាត់ចាត់ទុកថាជាតំបន់ដ៏ពិសិដ្ឋទេ។
លោក កែវ នីបូរ៉ា អភិបាលរងស្រុកថ្មបាំង បានបញ្ជាក់ថា អ្នកភូមិមួយចំនួនតូចបានបន្តឃ្លាំមើលផ្លូវនេះអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរមែន។លោក បន្តថា “ក្រុម អ្នកភូមិអាចធ្វើអ្វីក៏បានតាមចិត្តរបស់ពួកគាត់ប៉ុន្តែយើងបារម្ភថា ប្រសិនបើពួកគាត់ធ្វើការតវ៉ាយូរជាងនេះ វានឹងធ្វើឲ្យប៉ះពាល់ដល់ការប្រកបរបរចិញ្ចឹមជីវិតនិងដល់សុខភាពរបស់ពួកគាត់ ពីព្រោះពួកគាត់ប្រចាំការនៅក្នុងព្រៃរហូត”៕សារុន