លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានប្រើកិច្ចសម្ភាសន៍តាមរយៈវិទ្យុមួយកាលពីយប់ថ្ងៃពុធ ដើម្បីបញ្ជាក់ពីគោលជំហររបស់លោកលើកិច្ចចរចាកាលពីសប្តាហ៍មុនរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលមានគោលបំណងបញ្ចប់ភាពជាប់គាំងក្រោយពេលបោះឆ្នោត ។ គួរបញ្ជាក់ថា ក្នុងកិច្ចចរចានោះកាលបរិច្ឆេទមួយសម្រាប់ការបោះឆ្នោតថ្មីទំនងជាចំណុចតែមួយគត់ដែលនាំឲ្យមិនត្រូវរ៉ូវគ្នា។
ក្រោយការចរចានេះ លោក សម រង្ស៊ី បានមានប្រសាសន៍កាលពីថ្ងៃទី៩ ខែមេសាថា លោកមានផែនការមិនទាន់ច្បាស់ការមួយសម្រាប់ជំនួបរវាងលោក និងលោក ហ៊ុន សែន នៅចំពោះមុខព្រះមហាក្សត្រនរោត្តម សីហមុនី កាលពីថ្ងៃទី១១ ខែមេសា ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅក្នុងគោលបំណងបញ្ចប់ការធ្វើពហិការរបស់គណបក្សសង្គ្រោះជាតិមិនចូលសភា ប្រសិនបើមានការព្រមព្រៀងគ្នាមួយលើ កាលបរិច្ឆេទបោះឆ្នោតថ្មី។
នៅថ្ងៃបន្ទាប់ លោក ហ៊ុន សែន បានអះអាងថា ជាការពិត លោក សម រង្ស៊ី បានយល់ព្រមកំណត់ពេលបោះឆ្នោតពីខែ កក្កដា ឆ្នាំ២០១៨ មកខែកុម្ភៈ ឆ្នាំ២០១៨ វិញ ប៉ុន្តែលោកបាននិយាយថា លោកខ្លាចថា លោក កឹមសុខា ជំទាស់ដាច់អហង្ការចំពោះកិច្ចព្រមព្រៀងនេះ។
នៅក្នុងសន្និសីទកាសែតមួយ លោកសម រង្ស៊ី បានបដិសេធការអះអាងរបស់លោក ហ៊ុន សែន និងបានពោលសង្កត់ធ្ងន់អំពីការឯកភាពរបស់លោកផ្ទាល់ជាមួយលោក កឹម សុខា។
នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយវិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃពុធ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាកិច្ចបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល២០ថ្ងៃរបស់លោក លោក កឹម សុខា បានលើកឡើង ថា ការសន្ទនាតាមទូរស័ព្ទរវាងលោក សម រង្ស៊ី និងលោក ហ៊ុន សែន កាលពីសប្តាហ៍មុន ជាលទ្ធផលនៃការចរចារយៈពេលជាច្រើនសប្តាហ៍រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
លោក កឹម សុខា មានប្រសាសន៍ថា លោក ហ៊ុន សែន ហាក់ដូចជាបានយល់ស្របទៅនឹងចំណុចទាមទារក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោក សម រង្ស៊ី។ ទោះជាយ៉ាងណា សេចក្តីព្រាងកិច្ចព្រមព្រៀងមួយធ្វើឡើងក្នុងពេលក្រោយ មកទៀតមិនបានឆ្លុះបញ្ចាំងឲ្យឃើញខ្លឹមសារនៃការសន្ទនាតាមទូស័ព្ទទេ។
លោកបានមានប្រសាសន៍ថា “បន្ទាប់ពីយើងមានការពិភាក្សាគ្នា យើងបានឃើញថាអ្វីដែលគណបក្សប្រជាជនកម្ពុជាចង់បានក្នុងសេចក្តីព្រាងកិច្ចព្រមព្រៀងនយោបាយនឹងជាការបាត់បង់មួយសម្រាប់ផលប្រយោជន៍ជាតិនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ ប្រជាជនចង់ឲ្យមានការបោះឆ្នោតនៅពេលឆាប់ៗនេះ មិនមែនក្នុងឆ្នាំ២០១៨ទេ”។
លោកបានមានប្រសាសន៍ថា “ជំហររបស់គណបក្សសង្គ្រោះជាតិគឺថា ការបោះឆ្នោត…ឡើងវិញគួរតែធ្វើឡើងនៅដើមឆ្នាំ២០១៦ ដើម្បីប្រើពាក់កណ្ដាលអាណត្តិសម្រាប់ការចុះឈ្មោះ និងបញ្ជីឈ្មោះអ្នកបោះឆ្នោត។ ដូច្នេះ លោកប្រធាន សម រង្ស៊ី មិនបានព្រមព្រៀងជាមួយលោក ហ៊ុន សែន លើការបោះ ឆ្នោតក្នុងឆ្នាំ២០១៨ទេ”។
នៅក្នុងសន្និសីទកាសែតនៅថ្ងៃបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទនោះ លោក សម រង្ស៊ី ដែលនៅពេលនេះកំពុងស្ថិតនៅតំបន់អឺរ៉ុប ក៏បានពោលសង្កត់ធ្ងន់ថា លោកមិនបានព្រមព្រៀងជាមួយលោកនាយករដ្ឋមន្ត្រីអំពីការបោះឆ្នោតខែកុម្ភៈ ឆ្នាំ២០១៨ទេ។
ក៏ប៉ុន្តែ លោក សម រង្ស៊ី ក៏បានលើកឡើងដែរថា កិច្ចព្រមព្រៀងអំពីកាលបរិច្ឆេទមួយជាមួយលោក ហ៊ុន សែន អាចកើតមានឡើង ហើយ លោកបានបញ្ជាក់ថា ការបោះឆ្នោតមួយក្នុងខែកក្កដា ឆ្នាំ២០១៧ អាចទទួលយកបាន។
លោក កឹម សុខា បានលើកឡើងថា ការបំភាន់កាលពីសប្ដាហ៍មុនគឺជាលទ្ធផលនៃយុទ្ធនាការនៃការប៉ុនប៉ងរបស់លោក ហ៊ុន សែន ក្នុងការបំបែកបំបាក់គណបក្សប្រឆាំង។
អនុប្រធានគណបក្សប្រឆាំងរូបនេះបានមានប្រសាសន៍បន្ថែមទៀតថា “ទាំងលោក សម រង្ស៊ី និងខ្ញុំមិនអាចសម្រេចអ្វីមួយតែឯងទេ យើងទាំងពីរនាក់ធ្វើសេចក្ដីសម្រេចរួមគ្នាជារៀងរហូត”។ លោកមានប្រសាសន៍ថា “អ្នកខ្លះអាចយល់ច្រឡំ ពីព្រោះគណបក្ស ប្រជាជនប្រើល្បិច ប្រើល្បិចដដែលៗ ក្នុងបំណងបំបែក បំបាក់យើង”។
ពួកគេចង់បំបែក បំបាក់ពួកយើង ដូច្នេះពួកគេបានប្រើអ្វីដែលត្រូវបានជជែកបកស្រាយតាមវិធីផ្សេងគ្នា ដើម្បីធ្វើឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំថា យើងមានទស្សនផ្សេងៗគ្នា”។
កាលពីថ្ងៃទី១០ ខែមេសា លោក ហ៊ុន សែន បានគំរាមបញ្ចេញសំឡេងថតការសន្ទនាអស់រយៈពេល៤៤នាទីពេញរវាងលោក និងលោក សម រង្ស៊ី ប្រសិនបើគណបក្សសង្គ្រោះជាតិ បដិសេធខ្លឹមសារនៃកិច្ចសន្ទនានោះ។
លោកស្រី មូរ សុខហួរ ប្រធានទទួលបន្ទុកកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍កាលពីម្សិលមិញថា សេចក្តីអះអាងរបស់លោក សម រង្ស៊ី ថា កិច្ចព្រមព្រៀងនេះបានបំពេញ៨០ភាគរយជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្របគ្នាជាមួយប្រសាសន៍របស់លោក កឹម សុខា។
លោកស្រីបានមានប្រសាសន៍ថា “បើទោះជាយើងជិតត្រូវរ៉ូវគ្នាក៏ដោយ ក៏២០ភាគរយនៅតែច្រើនដែរ។ គំនិតអាក្រក់ស្ថិតនៅក្នុងសេចក្ដីលម្អិត ហើយសំណួរដ៏សំខាន់គឺថា តើពួកគេនឹងបង្ហាញសេចក្ដីលម្អិតនេះ ឬយ៉ាងណា។ នោះនឹងជាឧបស័គ្គដ៏ធំដែលយើងត្រូវឆ្លងកាត់ ហើយនោះជាទីដែលយើងស្ថិតនៅឆ្ងាយនៅឡើយ”៕ប៊ុននី
(រាយការណ៍បន្ថែមដោយ Alex Willemyns)