រោងចក្រកាត់ដេរភាគច្រើនមិនបានបើកទ្វារធ្វើអាជីវកម្មទេកាលពីម្សិលមិញ ដោយសុខចិត្តបន្លាយថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលបានបញ្ចប់ជាផ្លូវការកាលពីថ្ងៃពុធ ជាជាងប្រឈមនឹងកូដកម្មតាមការគ្រោងទុកទូទាំងប្រទេសតាមរយៈការស្នាក់នៅតែផ្ទះមិនចេញទៅធ្វើការ។
តែទោះជាយ៉ាងណា កម្មករមួយចំនួនដែលត្រូវបានសម្ភាសកាលពីម្សិលមិញ និយាយថា ពួកគេមិនដឹងអ្វីទេពាក់ព័ន្ធនឹងកូដកម្ម ដែលអំពាវនាវដោយសហជីពចំនួនប្រាំបីនេះ ដើម្បីទាមទារដំឡើងប្រាក់ខែគោលនិងទាមទារឲ្យដោះលែងសកម្មជនសហជីពនិងកម្មកររោងចក្រចំនួន២១នាក់ដែលត្រូវចាប់ខ្លួនអំឡុងកូដកម្មជុំចុងក្រោយកាលពីខែធ្នូ ។
ដោយសារតែភ័យខ្លាចអំពើហិង្សា និងភាពចាំបាច់ក្នុងការរកចំណូលឬក៏ការមិនចាប់អារម្មណ៍នោះ ពួកគេនិយាយថា ពួកគេនឹងត្រឡប់ទៅធ្វើការវិញនៅពេលរោងចក្របើកទ្វារនៅប៉ុន្មានថ្ងៃក្រោយនេះ។
កម្មការិនីម្នាក់ឈ្មោះ ទូច កំពុងលេងបៀជាមួយកម្មកររោងចក្រដូចគ្នានៅផ្ទះជួលរបស់នាងស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ដែលមានរោងចក្រជាជួរ។ សហជីពដែលស្ថិតនៅពីក្រោយកូដកម្មនេះកំពុងស្នើសុំឲ្យកម្មករស្នាក់នៅផ្ទះមិនទៅធ្វើការរហូតដល់ថ្ងៃពុធ។ ប៉ុន្តែកម្មការិនី ឈ្មោះ ទូច និយាយថា គាត់មិនទាំងបានឮពីកូដកម្មនេះផងទេ ហើយនឹងត្រឡប់ចូលធ្វើការវិញនៅថ្ងៃច័ន្ទ នៅពេលរោងចក្ររបស់គាត់ដំណើរការឡើងវិញ។
ស្ត្រីរូបនេះនិយាយទៀតថា “ខ្ញុំមិនដឹងអ្វីទេពាក់ព័ន្ធនឹងសហជីពទាំងនេះ។ យើងត្រូវត្រឡប់ទៅធ្វើការវិញនៅថ្ងៃទី២១។ ប្រសិនបើយើងមិនទៅធ្វើការ យើងគ្មានប្រាក់ចំណូលទេ។ យើងមិនអាចយកឈ្នះពួកគេបានទេ ពីព្រោះពួកគេជាម្ចាស់ ហើយយើងខ្លាចការកាប់សម្លាប់។ ពួកយើងនៅមិនទាន់ភ្លេចនៅឡើយទេ”។
ស្ត្រីរូបនេះ បាននិយាយសំដៅដល់កម្មកររោងចក្រកាត់ដេរប្រាំនាក់ ដែលកងរាជអាវុធហត្ថបាញ់ស្លាប់អំឡុងបាតុកម្មទាមទារដំឡើងប្រាក់ខែគោលនៅតាមបណ្ដោយផ្លូវវេងស្រេង កាលពីថ្ងៃទី៣ ខែមករា ជាថ្ងៃដែលកូដកម្មជុំចុងក្រោយបានឈានដល់ទីបញ្ចប់ភ្លាមៗ និងដោយមានការបង្ហូរឈាមគ្នា។ កម្មកររោងចក្រកាត់ដេរជាង៤០នាក់ផ្សេងទៀតក៏បានរងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារមិនរើសមុខនេះដែរ។
អំឡុងកូដកម្មទាំងនោះដែលបានចាប់ផ្ដើមមួយខែមុននោះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដំឡើងប្រាក់ខែគោលសម្រាប់កម្មកររោងចក្រកាត់ដេរពី៩៥ដុល្លារទៅ១០០ដុល្លារក្នុងមួយខែ។
សម្រាប់កម្មការិនីឈ្មោះ ទូច និងមិត្តភក្កិរបស់គាត់យល់ឃើញថា ការខាតបង់ដោយសារកូដកម្មមានទំហំធំជាងផលប្រយោជន៍។ គាត់និយាយទៀតថា “វាត្រឹមតែប្រាំដុល្លារប៉ុណ្ណោះ ហើយតើអ្នកដឹងថា មនុស្សប៉ុន្មានអ្នកត្រូវគេសម្លាប់ដែរទេ?”។
ស្ត្រីឈ្មោះ ប៉ូច ប៉ូលីន ដែលធ្វើការនៅរោងចក្រមួយទៀតនៅតាមបណ្ដោយផ្លូវវេងស្រេងនិយាយថា គាត់នឹងត្រឡប់ទៅធ្វើការវិញនៅថ្ងៃនេះ។ គាត់ក៏និយាយដែរថា គាត់មិនបានឮពីកូដកម្មនេះទេ។ គាត់និយាយថា គាត់ចូលចិត្តគំនិតទាមទារដំឡើងប្រាក់ខែគោល១៦០ដុល្លារ ប៉ុន្តែគាត់មិនចង់ឃើញអំពើហិង្សាកាលពីខែមករា កើតឡើងម្ដងទៀតឡើយ។ គាត់បានលើកឡើងថា “ខ្ញុំខ្លាចការបង្ក្រាប ហើយពួកយើងសុទ្ធតែស្រីៗ”។
លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC ដែលតំណាងឲ្យរោងចក្រភាគច្រើនក្នុងចំណោមរោងចក្រកាត់ដេរជាង៥០០នៅក្នុងប្រទេសបានមានប្រសាសន៍ រោងចក្រភាគច្រើនបានសម្រេចចិត្តមិនបើកទ្វារដំណើរការអាជីវកម្មទេកាលពីម្សិលមិញ បន្ទាប់ពីបានព្រមព្រៀងគ្នាជាមួយកម្មកររបស់ខ្លួន ឧទាហរណ៍ដូចជា ការដោះដូរថ្ងៃឈប់សម្រាកជាដើម។
លោកបានមានប្រសាសន៍ថា “ខ្ញុំអាចនិយាយបានថា រោងចក្រភាគច្រើនមិនបើកទ្វារទេនៅថ្ងៃនេះ។ វាគ្មានអ្វីថ្មីទេ រោងចក្រទាំងនេះជាអ្នករៀបចំផែនការនេះឡើង”។ GMAC និយាយថា កូដកម្មជុំចុងក្រោយបានធ្វើឲ្យបណ្ដារោងចក្រកាត់ដេរខាតបង់ប្រាក់ចំនួន៤២,២លានដុល្លារលើការផ្អាកផលិតកម្មនិងជាច្រើនលានដុល្លារបន្ថែមទៀតលើការខូចខាតទ្រព្យសម្បត្តិ។
លោក កែន លូ បានមានប្រសាសន៍ថា “ថាតើវាជាកូដកម្មពិតប្រាកដឬយ៉ាងណា យើងត្រូវរង់ចាំរហូតដល់ថ្ងៃច័ន្ទ”។
GMAC បានអះអាងថា ការឈប់ធ្វើការតាមការគ្រោងទុកនេះមិនស័ក្ដិសមនឹងនិយមន័យកូដកម្មតាមច្បាប់ការងាររបស់កម្ពុជាទេ ពីព្រោះកម្មករមិនចូលធ្វើការដោយខ្លួនឯង។ មិនថា យ៉ាងណា សហជីពទាំងនេះនិយាយថា ពួកគេបានទទួលជ័យជម្នះរួចមកហើយ។
លោក សៀង សម្បត្តិ ប្រធានសហព័ន្ធសហជីពមិត្តភក្ដិកម្មករហៅកាត់ WSUS បានមានប្រសាសន៍ថា តាមរយៈការដាក់សម្ពាធរោងចក្រឲ្យបន្លាយថ្ងៃឈប់សម្រាកក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ សហជីពនានាក៏បានបង្ខំឲ្យពួកគេផ្អាកផលិតកម្ម និងពន្យារពេលចែកចាយតាមការបញ្ជាទិញផងដែរ។
ហើយខណៈពេលដែលថ្ងៃឈប់សម្រាកទាំងនេះប្រហែលជាត្រូវកាត់កងគ្នាវិញពីការឈប់សម្រាកប្រចាំឆ្នាំរបស់កម្មករ លោកបានមានប្រសាសន៍ថា រោងចក្រកម្រឲ្យកម្មករឈប់ពេញណាស់ សូម្បីនៅពេលកម្មករស្នើសុំពួកគេដោយសមរម្យក៏ដោយ។
លោកមានប្រសាសន៍ថា “វាជាជោគជ័យសម្រាប់សហជីពរបស់យើង ពីព្រោះយើងអាចទាមទាររោងចក្រទាំងនេះអនុញ្ញាតឲ្យកម្មករបានឈប់សម្រាកប៉ុន្មានថ្ងៃបន្ថែមទៀត”។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្ពុជាបានយល់ស្របដូច្នេះដែរ។ លោកមានប្រសាសន៍ថា “នៅពេលរោងចក្រផលិតមិនទាន់ពេលពួកគេនឹងបាត់បង់ការបញ្ជាទិញ ហើយនឹងបាត់បង់ចំណូល”។
លោកថ្លែងទៀតថា តាមការរំពឹងទុកថា នៅមានកម្មកររហូតដល់ទៅ២០០.០០០នាក់ ដែលស្មើប្រហែល១ភាគ៣នៃកម្លាំងពលកម្មសរុបក្នុងវិស័យកាត់ដេរនៅកម្ពុជា នឹងចូលរួមកូដកម្មស្នាក់នៅតែផ្ទះមិនចេញទៅធ្វើការនេះត្រឹមថ្ងៃទី២២ ខែមេសា។
លោក ដេវីដ វែល (David Welsh) នាយកកម្មវិធីប្រចាំប្រទេសកម្ពុជានៃមជ្ឈមណ្ឌលសាមគ្គីភាព (Solidarity Center) ជាអង្គការសិទ្ធិពលកម្មមួយមានមូលដ្ឋាននៅក្នុងសហរដ្ឋអាេមរិកបានយល់ស្របតាមលោក កែន លូ ថា ផលប៉ះពាល់នៃកូដកម្មនេះមិនច្បាស់លាស់ទេ រហូតដល់សប្ដាហ៍ក្រោយ។
ប៉ុន្តែមិនថា កូដកម្មនេះនឹងបង្កការខាតបង់នោះទេ លោក ដេវីដ វែល បានមានប្រសាសន៍ថា រោងចក្រទាំងនេះអាចនឹងចៀសវាងវាតាមរយៈការខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះប្រាក់ខែគោលនេះ។ លោកមានប្រសាសន៍ថា “ផលប៉ះពាល់លើរោងចក្រទាំងនេះមិនអាចប្រៀបធៀបទៅនឹងផលប៉ះពាល់ដែលកម្មករប្រឈមដោយសារតែគ្មានប្រាក់ខែគ្រប់គ្រាន់ដើម្បីរស់នៅឲ្យបានសមរម្យ”៕ សុខុម