កាលពីម្សិលមិញ ស្នងការដ្ឋានគរបាលខេត្តកណ្តាលបាននិយាយការពារមន្ត្រីនគរបាលស្រុកម្នាក់ដែលត្រូវបានចោទថាបានប្រព្រឹត្តអំពើពុករលួយបន្ទាប់ពីបានបើកការស៊ើបអង្កេតការអះអាងនេះដោយខ្លួនឯង។
យោងតាមសេចក្តីរាយការណ៍ព័ត៌មានលើគេហទំព័រព័ត៌មានក្នុងស្រុក CEN កាលពីថ្ងៃទី៧ខែមេសាបានឲ្យដឹងថា លោក មាស សឿន អធិការរងនគរបាលស្រុកស្វាយជ្រុំបានកិបកេងប្រាក់ដែលទុកសម្រាប់បើកឲ្យមន្ត្រីនគរបាលស្រុកប្រហែល១០០នាក់ពីរលើកផ្សេងគ្នា។
សេចក្តីរាយការណ៍នេះមានការអះអាងថា មន្ត្រីនគរបាលជាដើមចោទបានជំរុញឲ្យលោក កឹង កន ស្នងការនគរបាលខេត្តស៊ើបអង្កេតករណីលោក មាស សឿន ព្រោះគាត់ បានកាត់ប្រាក់១០ដុល្លារពីប្រាក់ខែរបស់ មន្ត្រីនគរបាលម្នាក់ៗបន្ទាប់ពីពួកគាត់ត្រូវបានដំឡើងតួនាទីនិងទទួលបានការដំឡើងប្រាក់ខែកាលពីខែកុម្ភៈ ហើយបានកាត់ប្រាក់២ដុល្លារទៀតពីមន្ត្រីនគរបាលម្នាក់ៗនៅពេលមួយដែលមិនត្រូវបានបញ្ជាក់។
លិខិតមួយដែលចុះផ្សាយនៅលើគេហទំព័រនគរបាលជាតិកាលពីម្សិលមិញ និងដែលចុះហត្ថលេខាដោយលោកវរសេនីយ៍ឯក ខៀវ សុខុម ស្នងការរងនគរបាលខេត្តមានខ្លឹមសារថា “ករណីនេះគឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន”។
លិខិតនេះមានខ្លឹមសារបន្តថា “ក្រោយពីអត្ថបទនេះត្រូវបានបង្ហោះតាមអុីនធើណិតនគរបាលជំនាញថ្នាក់ខេត្ត… បានសហការជាមួយនគរបាលជំនាញថ្នាក់ស្រុកដើម្បីធ្វើការស៊ើបអង្កេត ហើយពុំបានរកឃើញបញ្ហាអ្វីឡើយ។ ករណីកាត់ប្រាក់៨.០០០រៀល [ពីប្រាក់ខែរបស់មន្ត្រីនគរបាល] នេះគឺមិនមានដូចការអះអាងទេ”។
លិខិតនេះមានការបន្ថែមថា មន្ត្រីនគរបាលស្រុកស្វាយជ្រុំម្នាក់ៗស្ម័គ្រចិត្តបរិច្ចាគប្រាក់ចំនួន៣.៥០០រៀលដល់សមាគមមិត្តប៉ូលិសក្នុងមួយខែៗ និងថាមានតែមន្ត្រីនគរបាល៦២រូបប៉ុណ្ណោះ មិនមែន១០០រូបទេដែលទទួលបាននូវការដំឡើងតួនាទី ដោយបញ្ជាក់ថា “ការកាត់ប្រាក់៤០.០០០រៀលពីការដំឡើងតួនាទីនេះគឺមិនមានទេ”។
លិខិតនេះមានការអះអាងបន្តថា លោក មាស សឿន ក៏មិនជាប់ពាក់ព័ន្ធក្នុងការបើកប្រាក់ខែដែរ”។ គេមិនច្បាស់ថា តើមានការដាក់ពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយឬអត់ទេ។មន្ត្រីនៅអង្គភាពនេះមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានឡើយ។
ប៉ុន្តែ កាលពីខែមុន អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនអតីតអធិការនគរបាលស្រុកបន្ទាយមាសពីរនាក់ក្នុងខេត្តកំពតពីបទកិបកេងប្រាក់ជាង៦៤.៣៦០ ដុល្លារចាប់តាំងពីឆ្នាំ២០០៨មក។មន្ត្រីនគរបាលទាំងពីររូបនេះកំពុងស្ថិតក្រោមការឃំុខ្លួនរង់ចាំការកាត់ក្តី និងត្រូវចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយចំនួនប្រាំពីរករណី។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេក ទេសនៅអង្គការសិទ្ធិមនុស្សលីកាដូ បានលើកឡើងថា អង្គភាពប្រឆាំងអំពើពុករលួយ គួរយកចិត្តទុកដាក់ចំពោះការអះអាងថ្មីៗទាំងនេះហើយធ្វើការស៊ើបអង្កេតដោយខ្លួនឯង។ លោកមានប្រសាសន៍ថា “ចំពោះ ករណីដែលនគរបាលជាប់ពាក់ព័ន្ធក្នុងការកិបកេងប្រាក់ គួរតែមានស្ថាប័នឯករាជ្យឬយ៉ាងហោចណាស់មានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការស៊ើបអង្កេត ហើយធ្វើឲ្យប្រាកដ ថា មានតម្លាភាពក្នុងលទ្ធផលនៃការសុើបអង្កេតរបស់ខ្លួន”៕សារុន