28 C
Phnom Penh

ឪពុក​ម្នាក់ត្រូវ​បានកាប់ស្លាប់​នឹងពូថៅ បន្ទាប់ពីតទល់ជាមួយ​បុរសបីនាក់ដែលវាយ​កូនស្រីខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាន​ឲ្យដឹងកាល​​ពី​ម្សិលមិញថា​បុរសម្នាក់​ត្រូវបានគេ​កាប់​ស្លាប់​​នឹង​ពូថៅ​​កាលពីថ្ងៃ​​​ពុធ​ បន្ទាប់ពីគាត់​បាន​​តទល់​ជាមួយ​បុរស​មួយ​ក្រុមមាន​គ្នាបីនាក់​​ ​ដែល​បាន​វាយ​​ដំ​កូនស្រីអាយុ១២ឆ្នាំ​របស់​​គាត់​​នៅ​កន្លែង​រាំ​​​កម្សាន្តមួយក្នុង​​ពិធីអបអរ​បុណ្យ​ចូលឆ្នាំខ្មែរ​។

លោក ឈិត សេង អធិការ​រងនគរបាល​ស្រុក ​​​បាន​ឲ្យដឹងថា ជនរងគ្រោះឈ្មោះ វ៉ន សាវ៉េត អាយុ​៣៨ឆ្នាំ បាន​ដើរសំដៅទៅ​​បុរស​ ​​ទាំង​នោះ​ និង​បាន​សួរនាំពួកគេ​ ដែល​​បាន​វាយ​​កូនស្រី​របស់​គាត់​​​អំឡុង​​​ពិធីជប់លៀង​​​នៅក្នុង​ស្រុក​សំពៅ​លូន ខេត្តបាត់​ដំបង​។

លោក ឈិត សេង ​បានឲ្យដឹង​បន្ថែម​ទៀត​​ថា បន្ទាប់មកទៀត បុរសម្នាក់​ក្នុងចំណោម​បុរស​ទាំងនោះ​ខឹង​នឹងការសួរនាំ​​របស់ជន​រងគ្រោះឈ្មោះ វ៉ន សាវ៉េតហើយក៏​​​​បាន​​ទាញ​​ពូថៅកាប់​ជន​រងគ្រោះ​ស្លាប់​តែម្តង។

លោកបានមានប្រសាសន៍បន្ថែម​ទៀត​ថា “សាវ៉េត ត្រូវបា​ន​​គេកាប់​បីពូថៅ​ចំ​ក្បាល​​និង​ខ្លួន ហើយ​បាន​ស្លាប់​នៅមន្ទីរ​​ពេទ្យ​”។

លោក ឈិត សេង បានឲ្យដឹងបន្ថែម​ទៀត​​ថា ជនសង្ស័យម្នាក់ឈ្មោះ សឿង សុរ៉ាប់ អាយុ​១៨ឆ្នាំ ត្រូវបាន​ចាប់​ខ្លួន​ភ្លាម បន្ទាប់ពី​ហេតុការណ៍នេះ​កើតឡើង​ ចំណែកជន​ដៃដល់​ផ្សេង​​ទៀត​កំពុង​រត់គេច​ខ្លួន​។

លោកបាន​បន្ត​ថា​ នគរបាល​បាន​សាក​សួរ​ ជនដៃដល់ឈ្មោះសុរ៉ាប់ ​​ដែល​​បានឲ្យដឹង​ថា ​ជនដៃដល់​ពីរនាក់ទៀត​​មានឈ្មោះ ហ៊ុយ​មីន អាយុ​២២ឆ្នាំ និង​​ឈ្មោះ ញ៉ា អាយុ​២៦​ឆ្នាំ ​ដែល​​បាន​កាប់​​ វ៉ន សាវ៉េត។

លោក ឈិត សេង មាន​ប្រសាសន៍ថា ​“នគរ​បាលនឹង​បញ្ជូន​ឈ្មោះ សុរ៉ាប់ ទៅ​តុលាការ ​និងតាម​ចាប់ខ្លួន​ជនសង្ស័យ​​ពីរនាក់​​ទៀត​”។​ លោកបាន​បន្ថែមថា សាកសព​ជន​រងគ្រោះ​ឈ្មោះ វ៉ន សាវ៉េត ត្រូវបាន​បញ្ជូន​​ទៅ​ឲ្យក្រុមគ្រួសារសព​កាលពីម្សិលមិញ​ដើម្បីធ្វើ​​បុណ្យតាមប្រពៃណី៕ ប៊ុននី

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស