34 C
Phnom Penh

គ្រោះ​ថ្នាក់​ចរាចរណ៍​​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​​មាន​ការ​កើ​ន​ឡើង​ តែ​ចំនួន​អ្នក​ស្លាប់​​ថយ​ចុះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ម្នាក់​បាន​ឲ្យ​ដឹង​ថា មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ចំនួន​១៨៥​ករណី​បាន​កើត​ឡើង​នៅ​​​ទូ​ទាំង​ប្រទេស​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃ​ណី​ជាតិ​​ក្នុង​ឆ្នាំ​នេះ​ ដោយ​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៤៨​នាក់​បាត់​បង់​ជីវិត​និង​៤០៦​នាក់រង​របួស។ វា​ជា​តួលេខ​មួយ​បង្ហាញថា​ គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍និង​អ្នក​រងរបួស​មាន​ការ​កើន​ឡើង​ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់​វិញ​បាន​ថយ​ចុះ​ជិត​៣០​ភាគ​រយ​បើ​ធៀប​ទៅ​នឹង​ពេល​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃ​ណី​ជាតិ​កាល​ពី​ឆ្នាំ​មុន​។

កាល​ពី​ឆ្នាំ​មុន​គ្រោះ​​ថា្នក់​ចរាចរណ៍​បាន​កើត​ឡើង​ចំនួន​១៤៨​ករណី​ ក្នុង​នោះ​មាន​មនុស្ស​​​​ចំនួន​៦៧​នាក់​បាន​ស្លាប់​និង​៣០៣​នាក់​រង​របួស​។នរគ​បាល​បាន​ធ្វើ​របាយ​ការណ៍​ស្តី​ពី​ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង​នេះ​ក្នុង​រយៈ​ពេល​ប្រាំ​ថ្ងៃ​ដែល​រួម​មានអំឡុង​ពេល​​បុណ្យ​​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃ​ណី​ជាតិ​ចំនួន​បី​ថ្ងៃ​ និង​ថ្ងៃ​មុន​និង​ក្រោយ​​​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដែល​ជា​ថ្ងៃ​ប្រជា​​ពល​រដ្ឋ​ជា​ច្រើន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​និង​ត្រឡប់​ពី​ស្រុក​កំណើត​របស់​ខ្លួន​នៅ​តាម​បណ្តា​ខេត្ត​​មក​វិញ​។

យោង​តាម​លោក​ ហុឹម​ យ៉ាន​ ប្រធាន​នាយក​ដ្ឋាន​សណ្តាប់​ធ្នាក់​សាធារណៈ​នៅ​ក្រសួង​​​មហា​ផ្ទៃ​បាន​ឲ្យ​ដឹង​ថា អំឡុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ឆ្នាំ​នេះ​ គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើន​ឡើង​ច្រើន​​ជាង​ឆ្នាំ​មុន​៣៧​ករណី​ បើ​គិត​ជា​ភាគរយ​វិញ​គឺ​កើន​ឡើង​ច្រើន​​​ជាង​ឆ្នាំ​មុន​២៥​ភាគរយ​ ខណៈ​ការ​រង​របួស​​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​មុន​ចំនួន​៣៣​ភាគ​រយ​។ លោក​បាន​ឲ្យដឹង​បន្ថែម​ថា  តែ​ទោះ​ជា​យ៉ាង​ណា​ ការ​ស្លាប់​ដោយ​​​សារ​គ្រោះ​​ថ្នាក់​ចរា​ចរណ៍​នៅ​ក្នុង​ឆ្នាំ​នេះគឺ​​តិ​ច​ជាង​ឆ្នាំ​មុន​ចំនួន​១៩​នាក់​ ពោល​គឺ​មាន​ការ​ធ្លាក់​ចុះ​ជាង​២៨​ភាគរយ​។

លោក ហុឹម យ៉ាន​ បាន​លើក​ឡើង​ថា​ គ្រោះ​​ថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​នេះ​ ភាគ​ច្រើន​គឺ​កើត​ឡើង​ដោយ​សារ​ការ​បើក​លឿន​ពេក​ ពោល​គឺ​មាន​ចំនួន​សរុប​៣៣​ភាគរយ​ រីឯ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​កើត​ឡើង​ដោយ​សារ​​ការ​បើក​បរ​ពេល​ស្រវឹង​វិញ​គឺ​មាន​ចំនួន​១៥​ភាគ​រយ​។

គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​កើត​ឡើង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ​មាន​៤០​ភាគរយ​បាន​​កើត​ឡើង​ដោយ​សារ​ការ​បើក​ជែង​គ្នា​ ១១​ភាគ​រយ​កើតឡើង​ដោយ​សារ​ការ​​​មិន​គោរព​ច្បាប់​ចរាចរណ៍​ ១៤​ភាគរយ​កើ​ត​ឡើង​ដោយ​​​​សារ​អ្នក​បើ​ក​បរ​បើក​លើ​ចំណែក​​ផ្លូវ​អ្នក​ដទៃ​ និង​៦​ភាគរយ​កើត​ឡើង​ដោយ​សារ​ការ​បើក​បរ​ធ្វេសប្រហែស​។

លោក​ ជឹម​ សុវណ្ណ ប្រធាន​ការិយា​ល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ខេត្ត​សៀម​រាប​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខេត្ត​សៀមរាប​ ជា​ទី​ដែល​ពល​រដ្ឋ​ខ្មែរ​និង​ភ្ញៀវ​ទេសចរ​ជា​ច្រើន​បាន​នាំ​គ្នា​ទៅ​ចូល​រួម​អង្គរ​សង្ក្រាន​ដែល​​​ត្រូវ​បាន​ប្រារព្ធ​ក្នុង​រយៈពេល​ចំនួន​បី​ថ្ងៃ​នៅ​ឧទ្យាន​បុរាណ​អង្គរ​នោះ​ គ្រោះ​ថ្នាក់​ចរា​ចរណ​៍​បាន​កើត​ឡើង​តែ​បួន​ករណី​ប៉ុណ្ណោះ​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​ឆ្នាំ​នេះ​។

ហើយ​ក្នុង​ហេតុ​ការ​ណ៍​ទាំង​បួន​ករណី​នេះ​ មាន​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​និង​ពីរ​នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់​។  លោក​បាន​មាន​ប្រសាសន៍​ថា “គ្រោះ​ថ្នាក់​ចរាចរណ៍​ភាគ​ច្រើន​ គឺបង្ក​ឡើង​ដោយ​​ម៉ូតូ​បុក​ជា​មួយ​នឹង​ម៉ូតូ​”៕​ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស