28.4 C
Phnom Penh

មន្ត្រី​​មួយ​រូប​ត្រូវ​​រង​ការ​បំពានអំឡុង​ពិធី​រំឭកខួប​លើក​ទី​៣៩​នៃ​ថ្ងៃ​ខ្មែរ​ក្រហមផ្តួល​រំលំ​ក្រុង​ភ្នំពេញ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ អភិបាល​រង​ខណ្ឌ​ដង្កោ​ត្រូវ​អ្នក​គាំ​ទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​មួយ​ក្រុម​​បំពាន​នៅ​ឯ​កន្លែងធ្វើ​ពិធី​ដើម្បី​រំឭក​​​ខួប​លើ​ក​ទី​៣៩​នៃ​ថ្ងៃ​​ដែល​ខ្មែរ​ក្រហម​ផ្តួល​រំលំ​ក្រុង​ភ្នំពេញ​​​។

ការ​ប្រវាយ​ប្រតប់​​គ្នា​មួយ​ប្រាវបាន​កើត​ឡើង​បន្ទាប់​ពី​លោក​ ប្រាជ្ញ​ សីហា​ អភិបាល​រង​ខណ្ឌ​​ដង្កោ​ បាន​ព្យាយាម​រារាំង​ស្ត្រី​ម្នាក់​មិន​ឲ្យ​លក់​វីស៊ីឌី​​​ដែល​បង្ហាញ​ពី​ការ​ប្រើ​អំពើ​ហិង្សា​របស់​នគរបាល​ និង​កង​រាជ​អាវុធ​ហត្ថ​អំឡុង​ការ​បង្ក្រាប​លើ​សកម្មជន​ការ​ពារ​សិទ្ធិ​ការ​ងារ​និង​សកម្មជន​ការ​ពារ​សិទ្ធិ​ដី​ធ្លី​។

លោក​ សីហា ដែល​បាន​ចូលរួម​នៅ​ក្នុង​ពិធី​រំឭក​ខួប​នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក​​ជា​មួយ​អ្នក​គាំ​ទ្រ​គណ​បក្ស​ប្រឆាំង​ប្រមាណ​៣០០​នាក់​បាន​មាន​​ស្នាមដាច់​រលាត់​​​នៅ​ត្រង់​ក​ និង​នៅ​ត្រង់​ត្រចៀក​ អំឡុង​ការ​ប្រវាយ​ប្រតប់​គ្នា​នោះ​។

ពេល​ទាក់​ទង​ កាល​​ពី​ម្សិល​មិញ​ បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​ដែល​បណ្តាល​ឲ្យ​លោក​មាន​របួស​ស្នាម​  លោក​ សីហា បាន​លើក​ឡើង​ថា ការ​លក់​វី​ស៊ីឌី​“ មិន​ត្រូវ​បាន​អនុញ្ញាត​នោះ​ទេ​” ហើយ​លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​បន្ថែម​ឡើយ​។

កង​សន្តិសុខខណ្ឌ​ដង្កោ​​ និង​កង​រាជ​អាវុធ​ហត្ថ​រាប់​សិប​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​មជ្ឈ​​មណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើង​ឯកមាន​ទី​តាំង​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ជាយ​រាជ​ធានី​​ ដើម្បី​តាម​រក​ជន​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​លើ​លោក​ សីហា។ ប៉ុន្តែ​​​អាជ្ញាធរ​បាន​ចាក​ចេញមួយ​ម៉ោង​ក្រោយ​​បន្ទាប់​ពី​លោក​ ផាត​ ផល្លា​​ អនុ​ប្រធាន​​គណៈ​កម្មាធិការ​ប្រតិបត្តិ​របស់​គណ​បក្ស​សង្គ្រោះ​​រាជ​ធានី​ភ្នំពេញ​ បាន​ចរចា​ជា​មួយ​​លោក​ នុត​ ពុត​ដារ៉ា​ អភិបាល​ខណ្ឌ​ដង្កោ​ដើម្បី​​ធ្វើ​ឲ្យ​ហេតុ​​ការណ៍​ប៉ះ​ទង្គិច​គ្នា​ស្ងប់​ទៅ​វិញ​។

កាល​ពី​ដើម​ខែនេះ​ សាលា​រាជ​ធានី​បាន​លើក​ឡើង​ថា​ គណ​បក្សសង្គ្រោះ​ជាតិ​​អាចធ្វើ​​ពិធី​រំឭក​ខួប​នេះ​​នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក​បាន​ ប៉ុន្តែ​លុះ​ត្រា​តែ​ពិធី​នេះ​មិន​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​។

វីស៊ីឌី​ដែល​ត្រូវ​បា​ន​គេ​យក​មក​លក់​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ប្រើ​អំពើ​ហិង្សា​ដែល​នគរបាល​បាន​បង្ក្រាបលើ​សកម្មជន​មក​ពី​សហគមន៍​បឹង​កក់​ និង​បុរី​កីឡា​ ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុងវិវាទ​ដី​ធ្លី​ដ៏​រាុំរ៉ៃ។ វីស៊ីឌី​ទាំង​នេះ​ក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​បង្ក្រាប​​របស់​កង​រាជ​អាវុធ​ហត្ថ​លើ​កម្មករ​រោង​ចក្រ​កាត់​ដេរ​ដែល​កំពុង​ធ្វើ​កូដកម្ម​នៅ​លើ​ផ្លូវ​វេង​ស្រេង​កាល​ពីខែ​មករា​ ដោយ​​បណ្តាលឲ្យ​មាន​អ្ន​ក​ស្លាប់​ផង​ដែរ​។

លោក​ ម៉ៅ​ មុនីវណ្ណ​ សមាជិក​សភា​មក​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ធ្វើ​ជា​អធិបតី​ភាព​ក្នុង​ពិធី​រំឭកខួប​នេះ​បាន​លើក​ឡើង​ថា  ការ​ប៉ុន​ប៉ង​របស់​លោក​ សីហា ​ដើម្បី​រារាំង​មិន​ឲ្យ​ស្ត្រី​អាយុ​៥០​ឆ្នាំ​រូប​នេះ​លក់​វីស៊ីឌី​ គឺ​ជា​រឿង​មួយ​មិន​សម​ហេតុ​ផល​នោះ​ទេ​។

លោក​ មុនីវណ្ណ​ ថ្លែង​​ថា “ខ្ញុំ​​គិត​ថា អាជ្ញា​ធរ​បាន​ដឹង​អត្ថន័យ​នៅ​ក្នុងវីស៊ី​ឌី​នោះ​រួ​ច​ហើយ​ព្រោះ​វា​មាន​តែ​បទ​ចម្រៀង​​​​ជាតិ​​ប៉ុណ្ណោះ​​ និង​វីស៊ីឌី​ខ្លះ​ទៀត​ បង្ហាញ​ឲ្យ​ឃើ​ញពី​​ជន​រង​គ្រោះ​នៅ​ក្នុង​វិវាទ​​ដី​ធ្លី​។ អ្វី​ដែល​ [លោក​ សីហា​] បាន​ធ្វើ​គឺ​រំលោភ​លើ​ការ​​អនុញ្ញា​ត​របស់​សាលា​រាជ​ធានី​ [ដែល​អនុញ្ញាត​ឲ្យ​ធ្វើ​ពិធីនេះ​] និង​រំលោភ​លើ​សិទ្ធិ មនុស្ស​”។

តែ​ទោះ​ជា​យ៉ាង​ណា​លោក ឃួន​ យ៉ាណូ​ នាយ​នគរ​បាល​ប៉ុស្តិ៍​សង្កាត់​ជើង​ឯក​បាន​លើក​ឡើង​ថា គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​យល់​ព្រម​​មិន​ផ្សព្វ​ផ្សាយ​សារ​នយោបាយ​អំឡុង​ពិធី​នេះទេ​​ ហើយ​ការ​អន្តរាគមន៍​របស់​លោក​ សីហា​ គឺ​ជា​រឿង​ត្រឹម​ត្រូវ​។ លោក​ យ៉ាណូ​ ក៏​បានលើក​ឡើង​ដែរ​ថា មនុស្ស​ដែល​ធ្វើ​ឲ្យ​លោក​ សីហា​ មាន​របួស​ស្នាម​​នៅ​មិន​ទាន់​កំណត់​​អត្តសញ្ញាណ​បាន​នៅ​ឡើ​យ​ទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​អាច​កំណត់​អត្តសញ្ញាណ​បាន​​ថា តើ​ពួក​គេ​ជា​នរណា​នោះ​ទេ​ ព្រោះ​ពេល​នោះ​មាន​ភាព​ចលា​​ចល​។ ខ្ញុំ​មិន​ដឹង​ថា​ ត្រូវ​ធ្វើ​អ្វី​ឡើយ​ពេល​​នេះ​។ ខ្ញុំ​កំពុង​តែ​រង់ចាំ​ទទួ​ល​ដំណឹង​ពី​លោក​ សីហា”៕​ ស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស