កាលពីម្សិលមិញ អ្នកភូមិជាច្រើននាក់បានប្រមូលផ្តុំគ្នាតវ៉ានៅខាងក្រៅសាលាឃុំសំឡីក្នុងខេត្តស្វាយរៀងទាមទារឲ្យបញ្ឈប់ការងាររបស់នាយរងប៉ុស្តិ៍ដែលប្រើកាំភ្លើងអាកា-៤៧របស់ខ្លួនបាញ់បំបែកការប្រវាយប្រតប់គ្នាមួយពាក់ព័ន្ធនឹងកូនប្រុសរបស់ខ្លួនកាលពីថ្ងៃពុធ។
យោងតាមលោក ហែម សាមុត អធិការនគរបាលស្រុកកំពង់រោទិ៍បានឲ្យដឹងថា មាស សុភ័ណ អាយុ២៨ឆ្នាំ និង មាស សុផាន អាយុ២៥ឆ្នាំជាកូនរបស់លោក ម៉ាសា ធួន នាយរងប៉ុស្តិ៍ឃុំសំឡីបានស្រវឹងស្រា ហើយបានបិទផ្លូវដោយគ្មានមូលហេតុនៅខាងក្រៅពិធីជប់លៀងអបអរថ្ងៃបុណ្យចូលឆ្នាំខ្មែរមួយនៅក្នុងភូមិសំឡីខាងជើង។
ពេលនោះក៏មានការប្រវាយប្រតប់រវាងអ្នកបើកបរយានយន្តប្រហែល១០នាក់និងបងប្អូនបង្កើតទាំងពីរនាក់ដែលត្រូវបានវាយដំបែកឈាមនិងបានទូរស័ព្ទ ហៅឪពុករបស់ខ្លួនឲ្យមកជួយនេះ។
លោក សាមុត បន្តថា ពេលនោះ លោក ធួន ដែលយកកាំភ្លើងមកជាមួយផង បានមកដល់កន្លែងកើតហេតុ រួចក៏សួររកមូលហេតុដែលគេវាយដំកូនប្រុសរបស់ខ្លួន។
ភ្លាមនោះ អ្នកភូមិមួយក្រុមមានគ្នាជាង២០នាក់បានឡោមព័ទ្ធគាត់និងបានព្យាយាមដណ្តើមយកកាំភ្លើងអាកា-៤៧ពីដៃគាត់។ គឺពេលនោះហើយដែលលោក ធួន បាញ់ឡើងលើដើម្បីបំបែកក្រុមអ្នកចោមរោមខ្លួន។ពុំមានអ្នកណាម្នាក់រងរបួសដោយសារគ្រាប់កាំភ្លើងនេះទេ។
លោក សាមុត បានអះអាងថា បើទោះបីជាលោក ធួននិងកូនប្រុសរបស់ខ្លួនទំនងជាអ្នកខុសមែនក៏ដោយ ក៏លោកគ្មានសិទ្ធិដាក់ទោសនាយរងប៉ុស្តិ៍នេះដោយផ្ទាល់ដែរ។ លោកបានអះអាងថា “ខ្ញុំបានបញ្ជូនរបាយការណ៍ទៅស្នងការដ្ឋាននគរបាលខេត្តឲ្យសម្រេចពីរឿងនេះហើយ”។
លោក ចាន់ ទិន នាយប៉ុស្តិ៍ឃុំសំឡី បានជំរុញឲ្យក្រុមអ្នកភូមិដាក់ពាក្យបណ្តឹងមកការិយាល័យរបស់លោកជាជាងធ្វើការតវ៉ា។ លោកបានមានប្រសាសន៍ថា “ក្រុមអ្នកភូមិទាំងនេះបានមកការិយាល័យរបស់ខ្ញុំនៅម៉ោងប្រហែល៥ល្ងាចថ្ងៃពុធ ហើយទាមទារ ឲ្យបញ្ឈប់លោក ម៉ាសា ធួន ពីការងារ ព្រោះកូនប្រុសរបស់គាត់បានប្រើអំពើហិង្សាច្រើនលើកច្រើនសាមកហើយនៅក្នុងភូមិ។ ខ្ញុំបានប្រាប់ពួកគាត់ឲ្យដាក់ពាក្យបណ្តឹង…ហើយខ្ញុំនឹងដោះស្រាយបញ្ហានោះ”។
ក្រុមអ្នកភូមិបានឲ្យដឹងថា ពួកគាត់ជាង២០០នាក់មកពីភូមិសំឡីខាងជើងបានផ្តិតមេដៃលើញត្តិមួយទាមទារឲ្យដកលោក ធួន ចេញ ពីតួនាទីដោយសារកូនប្រុសរបស់គាត់ដែលចូលចិត្តបង្កបញ្ហា។
អ្នកតវ៉ាម្នាក់ឈ្មោះ គង់ បេសពិសិដ្ឋ បាននិយាយថា “យើងមិនត្រូវការលោក ធួន ទេ។ គាត់គ្រប់គ្រងកូនខ្លួនឯងមិនទាំងបានផង ធ្វើម៉េចអាចគ្រប់គ្រងឃុំនេះបាន?”។
លោក សាមុត អធិការនគរបាលស្រុកបានឲ្យដឹងថា បងប្អូនត្រកូលមាសនេះ ម្នាក់ត្រូវបានវាយចំថ្ងាស ត្រូវដេរ១៣ថ្នេរត្រង់របួសក្បាលពីរកន្លែងផ្សេងគ្នា ម្នាក់ទៀតជាប្អូនបានរយះចង្កា ត្រូវដេរប្រាំថ្នេរ។ បុរសជាឪពុកបាននិយាយការពារទង្វើរបស់ខ្លួនកាលពីម្សិលមិញ។
លោក ម៉ាសា ធួន បាននិយាយថា “ខ្ញុំបានព្យាយាមជួយកូនប្រុសរបស់ខ្ញុំព្រោះពួកគេវាយកូនប្រុសរបស់ខ្ញុំ។វាអយុត្តិធម៌ណាស់ ពីព្រោះមនុស្សជាច្រើនបានព្រួតគ្នាវាយកូនប្រុសរបស់ខ្ញុំ”៕សារុន