26 C
Phnom Penh

ទីស្តី​​​ការ​​​គណៈ​​​រដ្ឋមន្ត្រី​​​អនុម័ត​​​​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​កំណែទម្រង់​​​​​​តុលាការ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​​​ថ្ងៃ​​​សុក្រ ទីស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​បាន​​​អនុម័ត​​​​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​ចំនួន​​​បី​​​ ដែល​​​គេ​​​ទន្ទឹង​​​រង់​​​ចាំ​​​ជា​​​យូរមកហើយ ស្តី​​​ពី​​​​​​កំណែ​​​ទម្រង់ប្រព័ន្ធ​​​តុលាការ ហើយ​​​នឹង​​​បញ្ជូន​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​ទាំង​​​នេះ​​​ទៅ​​​រដ្ឋ​​​សភា​​​នៅ​​​ដើម​​​សប្តាហ៍​​​ក្រោយ​​​។

លោក​​​ ផៃ​​​ ស៊ីផាន អ្នក​​​នាំពាក្យ​​​ទីស្តី​​​ការ​​​គណៈ​​​រដ្ឋមន្ត្រី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​នាយក​​​រដ្ឋមន្ត្រី ហ៊ុន​​​ សែន បាន​​​ចូល​រួម​ជា​​​គណៈ​​​​​​​​​អធិបតី​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​កាលពី​​​ថ្ងៃ​​​សុក្រ ដើម្បី​​​ពិនិត្យ​​​មើល​​​ការ​​​អនុម័ត​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​ស្តី​​​ពី​​​ការ​​​រៀប​​​ចំ​​​និង​​​ការប្រព្រឹត្ត​​​ទៅ​​​របស់​​​​​​តុលា​​​ការ​​​ ច្បាប់​​​ស្តី​​​ពី​​​ការ​​​រៀប​​​ចំ​​​និង​​​ការ​​​ប្រព្រឹត្ត​​​

ទៅ​​​របស់​​​ឧត្តម​​​ក្រុម​​​ប្រឹក្សា​​​នៃ​​​អង្គ​​​ចៅ​​​ក្រម​​​ និង​​​ច្បាប់​​​ស្តី​​​ពី​​​លក្ខន្តិកៈ​​​របស់​​​ចៅ​​​ក្រម​​​និង​​​ព្រះ​​​រាជ​​​អាជ្ញា​​​។ ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ទីស្តី​​​ការ​​​គណៈ​​​រដ្ឋមន្ត្រី​​​បាន​គាំទ្រ​និង​អនុម័ត​​​ច្បាប់​​​ចំនួន​​​បី​​​ ហើយ​​​ច្បាប់​​​ទាំង​​​នេះ​​​គ្រោង​​​នឹង​​​បញ្ជូន​​​ទៅ​​​រដ្ឋ​​​សភា​​​នៅ​​​ថ្ងៃ​​​ច័ន្ទ ឬ​​​ថ្ងៃ​​​អង្គារ​​​”។

លោក​​​បាន​​​បដិសេធ​​​មិន​​​ឆ្លើយ​​​បំភ្លឺ​​​ទេ​​​នៅ​​​ពេល​​​ត្រូវ​​​គេ​​​សាក​​​សួរ​​​ថា តើ​​​នឹង​​​មាន​​​ការ​​​កែ​​​ប្រែ​​​ខ្លះ​​​លើ​​​សេចក្តី​​​ព្រាង​​​​​​ច្បាប់​​​ទាំងនេះ​​​ ឬ​​​យ៉ាង​​​​​​ណា​​​នោះ​​​។ បណ្តា​​​អ្នក​​​រិះ​​​គន់​​​លើក​​​ឡើង​​​ថា សេចក្តី​​​ព្រាង​​​ច្បាប់​​​ទាំង​​​បីនេះ​​​បាន​​​ផ្តល់​​​​​​អំណាច​​​​​​​​ច្រើន​​​ពេក​​​ដល់​​​​​​ក្រសួង​​​យុត្តិ​​​ធម៌​​​​​​ក្នុង​​​ការ​​​គ្រប់​​​គ្រង​​​​​​តុលាការ​​​ បាន​កំហិត​​​អំណាច​​​របស់​​​ព្រះ​​​មហា​​​ក្សត្រ​​​លើ​​​ឧត្តម​​​ក្រុម​​​ប្រឹក្សា​​​នៃ​​​អង្គ​​​ចៅ​​​ក្រម និង​​​មិន​​​បាន​​​ហាម​ឃាត់​​​​ចៅ​​​ក្រម​​​និង​​​ព្រះ​​​រាជ​​​អាជ្ញាមិន​​​ឲ្យ​​​​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​គណ​​​បក្ស​​​នយោបាយ​​​​​​ ​​​ក្នុង​​​ចំណោម​​​បញ្ហា​​​ផ្សេង​​​ៗ​​​ទៀត​​​។

សេចក្តី​​​ថ្លែង​​​ការណ៍​​​ផ្លូវ​​​ការ​​​​​​មួយ​​​ចេញ​​​ពី​​​ទីស្តី​​​ការ​​​គណៈ​​​រដ្ឋមន្ត្រី​​​ មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា “ការ​​​ត្រៀម​​​រៀបចំ​​​ច្បាប់​​​ដ៏​​​សំខាន់​​​ទាំង​​​បីនេះ​​​ គឺជា​​​ការ​​​ចាប់​​​ផ្តើម​​​ដ៏​​​មាន​​​សារៈ​​​សំខាន់​​​សម្រាប់​​​រដ្ឋ​​​សភា​​​នីតិកាល​​​ទី៥​​​​​​លើ​​​បញ្ហា​​​​​​ច្បាប់​​​និង​​​កំណែ​​​ទម្រង់​​​ប្រព័ន្ធ​​​តុលាការ​​​ ដែល​​​ជា​​​កត្តា​​​ស្នូល​​​នៃ​​​យុទ្ធសាស្ត្រ​​​ចតុកោណ​​​​​​របស់​​​រាជ​​​រដ្ឋាភិបាល​​​”។​​​

​​​សេចក្តី​​​ថ្លែងការណ៍​​​ដដែល​​​លើក​​​ឡើង​​​ទៀត​​​ថា ច្បាប់​​​ស្តី​​​ពី​​​តុលាការ​​​នឹង​​​ជួយ​​​​​​ “​​​រក្សា​​​​​​អព្យា​​​ក្រឹត​​​ភាព​​​ និង​​​ការ​​​ពារ​​​សិទ្ធិ​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​”។ ច្បាប់ស្តី​​​ពី​​​ឧត្តម​​​ក្រុម​​​ប្រឹក្សា​​​នៃ​​​អង្គ​​​ចៅ​​​ក្រម​​​ នឹង​​​​​​ “​​​ជួយ​​​ព្រះ​​​មហា​​​ក្សត្រ​​​ធានា​​​ឲ្យ​​​អំណាច​​​របស់​​​តុលាការមាន​​​ភាព​​​ឯករាជ​​​”​​​ រី​​​ឯ​​​ច្បាប់​​​ស្តី​​​ពី​​​ចៅក្រម​​​និង​​​ព្រះរាជ​​​អាជ្ញា​​​ នឹង​​​ធានា​​​​​​ថា ពួកគេ​ “​​​មាន​​​សមត្ថ ភាព​​​ ស្មោះ​​​ត្រង់​​​ និង​​​មាន​​​សីលធម៌​​​”។

ប៉ុន្តែ លោក​​​ សុក សំអឿន នាយក​​​ប្រតិ​​​បត្តិ​​​ក្រុម​​​អ្នក​​​ច្បាប់​​​ការ​​​ពារ​​​សិទ្ធិ​​​កម្ពុជា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ប្រសិន​​​បើ​​​​​​ច្បាប់​​​ទាំង​​​នេះ​​​​​​ត្រូវ​​​បាន​​​អនុម័ត​​​តាម​​​ទម្រង់​​​សេចក្តី​​​ព្រាង​​​ទាំង​​​នេះ​​​មែន លោក​​​ “​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​ចំពោះ​​​ភាព​ឯករាជរបស់​ប្រព័ន្ធ​​​តុលាការ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​សំដៅ​​​ដល់​​​​​​ការ​​​បន្ត​​​ធ្វើ​​​ពហិការ​​​​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មិន​​​ចូល​​​សភា​​​ថា “​​​ខ្ញុំ​​​​​​សូម​​​ជំរុញ​​​ឲ្យ​​​រដ្ឋ​​​សភា​​​​​មេត្តា​​​​​​​​​​កុំ​​​អាល​​​ប្រញាប់​​​ប្រញាល់​​​អនុម័ត​​​ច្បាប់​​​នេះ​​​អី​​​ ហើយ​​​រង​​​់​​​ចាំ​​​រហូត​​​ដល់​​​ការ​​​ជាប់​​​គាំង​​​ផ្នែក​​​​​​នយោបាយ​​​ត្រូវបាន​​​ដោះ​​​ស្រាយ​​​សិន​​​”​​​។​​​

លោក​​​ស្រី មូរ​​​ សុខហួរ តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​ និង​​​ជា​​​ប្រធាន​​​កិច្ច​ការ​សាធារណៈ​​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា សេចក្តី​​​ព្រាង​​​ច្បាប់​​​ទាំង​​​នេះ​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​គណៈ​​​កម្មាធិការ​​​ពាក់​​​ព័ន្ធ​​​នៃ​​​រដ្ឋ​​​សភា​​​​​​ជា​​​មុន​​​សិន មុន​​​នឹង​​​បញ្ជូន​​​ទៅ​​​អនុម័ត​​​។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ប៉ុន្តែ គួរ​​​តែ​​​មាន​​​សវនាការ​​​ជាសាធារណៈ​​​មួយ​ ដើម្បី​​​ឲ្យ​​​សាធារណជន​​​មាន​​​ពេល​​​សិក្សា​​​ពី​​​ច្បាប់​​​នេះ​​​ និង​​​បញ្ចេញ​​​មតិ​​​យោបល់​​​ ហើយ​​​ជាពិសេស​​​ គ្រូ​​​បង្រៀន​​​។  ដំណើរ​ការ​ទាំង​មូល​ត្រូវ​តែ​​​មាន​​​តម្លា​​​ភាព​​​ ប៉ុន្តែ​​​ ៩៩​​​ភាគរយ​​​គឺ​​​គ្មាន​​​តម្លា​​​ភាព​​​​​​ទេ​​​ ច្បាប់​​​នេះ​​​ធ្លាក់​​​ដល់​​​ដៃ​​​​​​ទីស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ រួច​​​​​​បញ្ជូន​​​ទៅ​​​គណៈ​​​កម្មាធិការ​​​នៃ​​​​​​រដ្ឋ​​​សភា​​​ ហើយ​​​បន្ទាប់​​​មក​​​បញ្ជូន​​​ទៅ​​​សភា​​​អនុម័ត​​​”។

លោក​​​ស្រី​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា ជា​​​គោល​​​​​​ការណ៍​​​ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ជំទាស់​​​នឹង​​​ការ​​​អនុម័ត​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​ទាំង​​​នេះ ខណៈ​​​ពេល​សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រឆាំង​​​មិន​​​ទាន់​​​ទទួល​​​យក​​​អាសនៈរបស់​​​ខ្លួន​​​។​​​

លោក​​​ស្រី​​​ មូរ សុខ​​​ហួរ ​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ប្រសិន​​​បើ​​​ការ​​​ជាប់​​​គាំង​​​ផ្នែក​​​នយោ​​​បាយ​​​នៅ​​​តែ​​​បន្ត​​​ គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​នឹង​​​ព្យាយាម​​​ដាក់​​​សម្ពាធ​​​លើ​​​គណបក្ស​​​​​​ប្រជាជន​​​កម្ពុជា​​​ ឲ្យ​​​រារាំង​​​ច្បាប់​​​ទាំង​​​នេះ​​​កុំ​​​ឲ្យ​​​ធ្លាក់​​​ដល់​​​ដៃ​​​រដ្ឋ​​​សភា​​​៕ សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស