28.4 C
Phnom Penh

កម្មករ​​​​​​ក្រុង​​​បាវិត​​​ធ្វើ​​​កូដកម្ម​​​ទាម​​​ទារ​​​ប្រាក់​​​ឈ្នួល​​​សម្រាប់​​​ថ្ងៃ​​​ឈប់សម្រាកក្រោយ​​​ថ្ងៃ​​​ចូល​​​ឆ្នាំ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​ជាង​២.០០០​នាក់​នៅ​រោង​ចក្រ​ចំនួន​បី​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង បាន​​ធ្វើ​កូដកម្ម​កាលពីថ្ងៃ​សៅរ៍ ដោយ​អះអាង​ថា ថៅកែ​របស់​ពួកគេ​មិន​បើក​​ប្រាក់​​​​សម្រាប់​​​ថ្ងៃ​​​ឈប់​​​សម្រាក​​​ឲ្យ​ពួកគេ​។

កូដករ​​​ឈ្មោះ ហេង ដាវី ​បាន​និយាយ​ថា កម្មករ​ប្រហែល​៥០០​នាក់​នៅរោងចក្រ​យូលី ដែល​ផលិត​សម្លៀក​បំពាក់​ទារក​បាន​ធ្វើ​កូដ​កម្ម​កាលពីថ្ងៃ​សៅរ៍ ពីព្រោះ​​អ្នក​គ្រប់​គ្រង​រោង​ចក្រ​មិន​ព្រម​បើក​ប្រាក់​ឈ្នួល​សម្រាប់​ថ្ងៃ​ព្រហស្បតិ៍ឲ្យ​ពួកគេ​ បន្ទាប់ពី​កម្មករ​​​​បាន​ឈប់​សម្រាក​​នៅ​ថ្ងៃ​នោះ ដោយ​គ្មាន​ការ​អនុញ្ញាត​។

នាង​បាននិយាយ​ថា “យើង​បាន​សុំ​ឲ្យ​ពួក​គេ​អនុញ្ញាត​ឲ្យ​យើង​ត្រឡប់​មក​ធ្វើការវិញ​នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ក្រោយ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ ប៉ុន្តែ​ពួកគេ​បដិសេធ​សំណើរ​បស់​យើង​ ហើយ​​​ពួកគេ​បាន​ទាម​ទារ​ឲ្យ​យើង​ត្រឡប់​មក​ធ្វើការ​វិញ​នៅថ្ងៃទី​១៧ ខែមេសា។ យើង​នឹង​​​បន្ត​ធ្វើ​កូដកម្ម​រហូត​ដល់​ពួកគេ​ឈប់​កាត់​ប្រាក់​​​ខែ​​​របស់​​​យើង។

កម្មករ​ប្រហែល​២.០០០​នាក់​នៅ​រោង​​​ចក្រ​ផលិត​កង់​ចំនួន​ពីរ​ក្នុង​ក្រុង​បាវិត​ក៏បាន​ធ្វើ​កូដកម្ម​ដែរ​កាលពីថ្ងៃ​សៅរ៍ ពីព្រោះ​ថៅកែ​របស់​ពួកគេ​មិន​បើក​ប្រាក់​សម្រាប់​ថ្ងៃ​ដែល​ពួកគេ​ឈប់​សម្រាក​ដូច​រោងចក្រ​មួយ​ទៀត​នៅ​ក្បែរ​​​​នោះ ដែល​បាន​បើក​ប្រាក់​​​ឲ្យ​​កម្មករ​ម្នាក់​៥០​ដុល្លារ​​ជា​ប្រាក់​រង្វាន់​សម្រាប់​​​​ការ​មិន​ចូល​រួម​ធ្វើ​កូដកម្ម​​រយៈ​ពេល​ពីរ​បីខែ​មក​នេះ​​​​ទេ​​​។

មុំ សម្ផស្ស ជា​កម្មករ​នៅ​រោងចក្រ​បេស​វ៉េ អុីន​ដាស្ទ្រៀល បាន​និយាយ​ថា យើង​បាន​ធ្វើ​កូដកម្ម​កាលពីម្សិលមិញ ពីព្រោះ​យើង​ចង់​ឲ្យ​រោងចក្រ​នេះ​បើ​ក​ប្រាក់​ឲ្យ​យើង​ចំនួន​៥០​ដុល្លារ​ ដែល​ពួកគេ​បាន​សន្យា​បន្ទាប់ពីយើង​ចូល​ធ្វើការ​​​​ដូច​​​ធម្មតា”។

ទោះជា​យ៉ាង​ណា កម្មករ​ផ្សេង​ទៀត​នៅ​រោចក្រ​នេះ​បាននិយាយ​ថា ថៅកែ​របស់​ពួក​គេ​មិន​ដែល​សន្យា​ផ្ដល​់​ប្រាក់​បន្ថែម​៥០​ដុល្លារ​​​នោះ​ទេ ​ប៉ុន្តែ​នៅ​តែ​មាន​អារម្មណ៍​មិន​សប្បាយ​​ចិត្ត​ចំពោះការ​មិន​ទទួល​បាន​ប្រាក់​ដូច​គ្នា​នេះ​។

សុខ ខេមរា កម្មករ​នៅ​រោងចក្រ​ស្មាត​តិច ជា​រោងចក្រ​ផលិត​កង់​មួយ​ទៀត ដែល​បាន​ធ្វើ​​កូដកម្ម​កាលពីម្សិលមិញ បាននិយាយ​ថា ពួក​គេ​​ក៏កំពុង​ទាម​ទារ​ឲ្យ​រោងចក្រ​ទទួល​យក​​កម្មករ​៤៥​នាក់​ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ចំពោះ​​​ការ​ដឹកនាំ​ធ្វើ​កូដ​កម្ម​កាលពីមុននោះ​ចូល​ធ្វើ​ការ​វិញ​ ព្រម​ទាំង​ទាម​ទារ​ប្រាក់​​ឧបត្ថម្ភ​​​​៥០​ដុល្លារ​។

ខេមរា បាន​និយាយ​ថា “រោងចក្រ​បំពាន​ច្បាប់​ការ​ងារ​ ពីព្រោះ​ពួកគេ​បណ្ដេញ​តំណាង​​កម្មករ​​ដោយ​គ្មាន​មូល​ហេតុ​ច្បាស់​លាស់​។ យើង​មិន​អាច​ទទួល​យក​រឿង​នេះ​បានទេ ហើយ​យើង​នឹង​បន្ត​ធ្វើ​កូដ​កម្ម​រហូត​ដល់​យើង​ទទួល​បានដំណោះ​ស្រាយ​សម​ស្រប​ពី​រោងចក្រ​”។ គេ​មិន​អាច​ទាក់​ទង​តំណាង​រោងចក្រ​ទាំង​នេះ​​បានទេ​។

ទោះ​ជា​យ៉ាង​ណា លោក កែវ សុខន អធិ​ការ​​​​រង​នគរ​បាល​ក្រុង​បាវិត បានបញ្ជាក់​ថា កូដ​កម្មនេះ​បាន​កើត​ឡើង​មែន​ ហើយ​​មាន​ប្រសាសន៍​ថា កម្មករ​មិន​ព្រម​ចរចា​ជាមួយ​ម្ចាស់​រោងចក្រ​ទេ។លោក​បាន​​មាន​ប្រសា​សន៍​​ថា “នៅ​រោង​ចក្រ​ទាំង​បី​នេះមិនទាន់​មាន​ដំណោះ​​​​ស្រាយ​ទេ ពីព្រោះ​កម្មករ​មិន​ព្រម​ចូល​ចរចា​ទេ​នៅ​ពេល​រោងចក្រ​ទាម​ទារ​ឲ្យ​តំណាង​របស់​ពួក​គេ​ចូល​មកចរចា​”។

សឿន សុទ្ធ ដែល​បានចូលរួម​កូដ​កម្មនៅ​រោងចក្រ​ស្មាត​តិច បាន​និយាយ​ថា កម្មករ​ចង់​ឲ្យ​សហការី​របស់​ពួកគេ​ដែល​ត្រូវបាន​បណ្ដេញ​ចេញនោះ​ធ្វើ​ជា​តំណាង​ពួកគេ ប៉ុន្តែ​រោងចក្រ​​​មិន​ព្រម​។

​កូដ​កម្មនៅ​ក្រុង​បាវិត​នេះ​កើត​មាន​ឡើង​ចំពេល​មាន​ការ​ធ្វើ​កូដ​កម្ម​ស្នាក់​នៅ​ផ្ទះ​ដាច់​ដោយ​ឡែកមួយទៀត​ ដែល​រៀបចំ​ឡើង​ដោយ​សហជីព​មួយ​ក្រុម​ចំនួន​ប្រាំបី​នៅ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​។

សហជីព​បាន​ជំរុញ​​កម្មករ​កាត់​ដេរ​ប្រហែល​​​៦០០.០០០​នាក់​នៅ​ក្នុង​​ប្រទេស​កុំ​ឲ្យ​ចូល​ធ្វើ​ការ​ចន្លោះ​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ដល់​ថ្ងៃ​ទី​២២ ខែមេសា ដើម្បី​ដាក់​សម្ពាធ​រដ្ឋាភិបាល​ និង​រោងចក្រ​ឲ្យ​ដំឡើង​ប្រាក់​ខែ​គោល​នៅ​ក្នុង​វិស័យ​នេះ​ពី​១០០​ដុល្លារ​ដល់​១៦០​ដុល្លារ​។ ពួកគេ​ក៏ទាម​ទារ​ឲ្យ​ដោះ​លែង​​​មន្ត្រី​សហជីព និង​កម្មករ​ចំនួន​២១​នាក់​​ ដែល​ត្រូវបាន​ចាប់​ខ្លួន​នៅ​ពេល​ធ្វើ​កូដកម្ម​កាលពី​លើក​មុន​ក្នុង​ខែ​មករា ហើយពេល​នេះកំពុង​ប្រឈម​ការ​ផ្ដន្ទាទោស​ពីបទ​ញុះ​ញង់​ឲ្យ​មាន​អំពើហិង្សា និង​ការ​​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​។

រោងចក្រ​ជា​ច្រើន​បាន​ចរចា​ឲ្យ​កម្មករ​ឈប់​សម្រាក​មួយ​ថ្ងៃ​ ឬពីរ​ថ្ងៃទៀត​ក្រោយ​ថ្ងៃ​ចូល​ឆ្នាំខ្មែរ។ ប៉ុន្តែ​រោងចក្រ​​​​មួយ​​​ចំនួន​​​បាន​ទាម​ទារ​ឲ្យ​ពួកគេ​ត្រឡប់​មក​ធ្វើការវិញ​នៅ​ថ្ងៃ​ទី១៧​ ហើយ​សហជីពមួយ​ដែលនៅ​ពីក្រោយការ​ធ្វើ​កូដ​កម្មនេះ​បាន​លើក​ឡើង​ថា កម្មករ​ភាគ​ច្រើន​ទំនង​ជា​វិល​ត្រឡប់​​​មក​​​ធ្វើ​​​ការ​វិញ​​មុន​កាល​កំណត់​។

លោក ជា​ មុនី ប្រធាន​សហជីព​សេរី​កម្ម​ករ​ មាន​ប្រសាសន៍​ថា “នៅ​ថ្ងៃ​ទី​២១​ ខែ​មេសា កម្ម​ករ​៨០​ភាគ​រយ​​​នឹង​ធ្វើការ​ដូច​ធម្ម​តា​ បន្ទាប់​​ពីពួកគេ​បាន​ឈប់​សម្រាក​ពី​រ​បីថ្ងៃ​បន្ថែម​ទៀត​។ ពួកគេ​ត្រូវ​ត្រឡប់​មក​ធ្វើការ​វិញ​ ព្រោះពួកគេ​បាន​ឈប់​សម្រាក​ច្រើន​ថ្ងៃ​រួច​ហើយ ហើយពួកគេ​​ត្រូវ​ការ​លុយ​”។

ថ្វីបើ​កម្មករ​ភាគ​ច្រើន​មិន​ស្នាក់​នៅ​ផ្ទះ​រហូត​ដល់​ថ្ងៃ​ពុធ ដូច​ដែល​សហជីព​បាន​ជំរុញ​ឲ្យ​ពួកគេ​ធ្វើ​នោះ​ក៏ដោយ ក៏លោក​ ជា មុនី បាន​អះអាង​ថា កូដ​កម្ម​ស្នាក់​នៅ​ផ្ទះ​នេះ​មិន​​មែន​ជា​ការ​បរាជ័យ​ទេ។

លោក​បានមាន​ប្រសាសន៍​ថា ទោះបីជា​រោងចក្រ​ឲ្យ​កម្មករ​ឈប់​សម្រាក​មួយ​ថ្ងៃ​ឬ​ពីរ​​ថ្ងៃ​ក្រោយ​ថ្ងៃ​ចូល​ឆ្នាំក៏ដោយ ក៏វា​នឹង​កាត់​បន្ថយ​ផលិត​កម្ម​របស់​រោងចក្រ​​​​ដែរ ហើយ​ពួកគេ​មិនអាច​​​​បំពេញ​​​តាម​​​ការ​បញ្ជាទិញ​​​​ដូច​​​​ការ​គ្រោង​ទុក​ដែរ​”។

លោក ប៉ាវ ស៊ីណា ​ប្រធាន​សម្ព័ន្ធ​សហ​ជីព​​​ចលនា​​កម្ពុជា​ ក៏បាន​និយាយ​ដែរ​ថា កម្មករ​ភាគ​ច្រើន​នឹង​ត្រឡប់​ចូល​ធ្វើការ​វិញ​ ដោយ​លោក​សង្ឃឹម​ថា កម្មករ​ប្រហែល​៦០​ភាគ​រយ​នឹង​ត្រឡប់​ទៅ​ធ្វើការ​វិញ​នៅ​ថ្ងៃ​ស្អែក ហើយ​៤០​ភាគ​រយ​នឹង​នៅ​ធ្វើកូដ​កម្ម​រហូត​ដល់​ថ្ងៃ​ពុធ។

លោក​បាននិយាយ​ថា “នេះ​មិន​មែន​ជា​ការ​បរាជ័យ​ទេ ពីព្រោះ​រោងចក្រមួយ​ចំនួន​អនុញ្ញាត​ឲ្យ​ពួកគេ​ឈប់​សម្រាក​មួយ​ថ្ងៃ​នៅ​ថ្ងៃ​ទី​១២ ហើយ​យើង​បាន​មើល​ឃើញ​មាន​ការ​ចូ​លរួម​ជា​ច្រើន​។ រោងចក្រ​៨០​ភាគ​រយ​បានបិទទ្វារ [ក្រោយ​ថ្ងៃ​ចូល​ឆ្នាំ​] ដូច្នេះ​នេះ​គឺ​ជា​ជោគជ័យ​ដ៏ធំមួយ​”។

សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​និយាយ​ថា រោងចក្រ​មួយ​ចំនួន​បាន​ឲ្យកម្មករ​ឈប់​សម្រាក​​បន្ថែម​ទៀត​ ហើយ​រោងចក្រ​មួយ​ចំនួន​នឹង​ឲ្យ​កម្មករ​ធ្វើការ​នៅ​ថ្ងៃ​អាទិត្យ​ពីរ​ឬបីថ្ងៃវិញ ដើម្បីសង​ចំពោះ​ការ​ពន្យារ​ពេល​ថ្ងៃ​ឈប់​សម្រាក​នេះ​៕​​​គឹម​​​ហឿន 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស