យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ បឺណាម៉ា (Bernama) បានឲ្យដឹងថា រដ្ឋាភិបាលជិតចុះហត្ថលេខាលើកិច្ចសន្យារយៈពេលច្រើនឆ្នាំដែលមានតម្លៃយ៉ាងតិច៥០លានដុល្លារជាមួយក្រុមហ៊ុនម៉ៅការផ្នែកការពារជាតិមួយនៅប្រទេសម៉ាឡេស៊ី ដើម្បីឲ្យក្រុមហ៊ុននេះរុះរើនិងថែទាំរថក្រោះ T-55 ជាច្រើនគ្រឿងរបស់ប្រទេសកម្ពុជា។
លោក អាំរីល សាំស៊ូឌីន (Amril Samsudin) ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន ឌីអប៊ី ហាយខំ ឌីហ្វិន តិចណូឡូជី (DRB Hicom Defense Technologies) បានប្រាប់ទីភ្នាក់ងារព័ត៌មាន បឺណាម៉ា ថា កិច្ចព្រមព្រៀងរយៈពេលប្រាំឆ្នាំក្នុងចំនួនទឹកប្រាក់ចន្លោះពី៥០លានដុល្លារទៅ៦០លានដុល្លារនេះកំពុងត្រូវបានរៀបចំ។ លោក សាំស៊ូឌីន ឲ្យដឹងបែបនេះនៅក្រៅកម្មវិធីបង្ហាញផ្នែកការពារ និងសន្តិសុខជាតិក្នុងទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃព្រហស្បតិ៌សប្តាហ៍មុន។
លោកត្រូវបានដកស្រង់សម្តីដែលលើកឡើងថា “យើងកំពុងរៀបចំបញ្ចប់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលកម្ពុជា សម្រាប់ការងារថែទាំ ជួសជុល និងរុះរើរថក្រោះ T-55។ គម្រោងនៅក្នុងប្រទេសកម្ពុជានេះមានភាពអំណោយផលខ្លាំងទាំងទំហំរថក្រោះ សម្រាប់សេវាកម្មជួសជុល ថែទាំ និងរុះរើនេះ”។
លោកឧត្តមសេនីយ៍ ណឹម សុវត្ថិ ដែលបានចូលរួមជាគណៈប្រតិភូរបស់ប្រទេសកម្ពុជានៅក្នុងកម្មវិធីបង្ហាញផ្នែកការពារនិងសន្តិសុខនោះ បានលើកឡើងថា លោកមិនបានដឹងអំពីកិច្ចព្រមព្រៀងនេះទេ ហើយបានបង្វែរសំណួរទៅលោកឧត្តមសេនីយ៍ នាង ផាត ដែលបានចួលរួមក្នុងកម្មវិធីនោះផងដែរ។ ក៏ប៉ុន្តែ លោកឧត្តមសេនីយ៍ នាង ផាត បានបដិសេធមិនធ្វើសេចក្តីអត្ថាធិប្បាយ។
លោកឧត្តមសេនីយ៍ទោ ពៅ ស៊ីថា មេបញ្ជាការកងរថក្រោះនៃក្រសួងការពារជាតិ បានលើកឡើងថា លោកក៏មិនដឹងអំពីកិច្ចព្រមព្រៀងនេះដែរ ហើយបានបដិសេធមិនប្រាប់ឲ្យដឹងថា តើប្រទេសកម្ពុជាមានរថក្រោះ T-55 ប៉ុន្មានគ្រឿងដែរ៕សុធា