30 C
Phnom Penh

លោក ហ៊ុន ម៉ាណែត លើកឡើង​​​ពីប្រវត្តិសាស្ត្រ​​​​ស្ដីពីការ​​​បែកបាក់នយោបាយ​​​ក្នុង​​​ប្រទេស​​​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន ម៉ាណែត ​កូន​​ច្បង​របស់​លោក​​​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជាប្រធាន​​​អង្គ​ភាព​​​​ប្រឆាំង​ភេរវ​កម្ម​​ក្រសួង​ការពារ​ជាតិ បានប្រើ​ប្រាស់ពិធីសម្ពោធ​មហាកុដិ​នៅ​វត្ត​មួយ​ក្នុងរាជ​ធានី​ភ្នំពេញ កាលពីម្សិលមិញ ព្រមានពី​ផលវិបាក​​​ដែល​អាច​កើត​មាន​​ដោយ​​សារ​ការ​បែក​បាក់​នយោបាយកាន់តែ​​​ខ្លាំង​​​​​នៅ​​​​​ក្នុងប្រទេស​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​​ជាតិ​ដ៏ចម្រូង​ចម្រាស​កាលពីឆ្នាំ​មុន​។

ថ្លែង​ទៅកាន់​ប្រជា​ពល​រដ្ឋ​ចំនួន​ប្រហែល​​១.០០០​​នាក់​នៅ​វត្ត​ពោធិសត្ថារាម​ក្នុង​ខណ្ឌ​ពោធិ៍​សែន​​ជ័យ លោកឧត្តម​សេនីយ៍​ឯក​ ហ៊ុន ម៉ាណែត ​​បាន​មាន​ប្រសាសន៍​ថា ប្រវត្តិសាស្ត្រ​​របស់​កម្ពុជា​គឺមាន​ការ​បាត់​បង់​មួយ​នៅ​ក្នុង​ចំណោម​ការ​បាត់​បង់​ទឹក​ដីគួរឲ្យសោកស្តាយ​ ដោយ​សារតែ​ការ​​​​​ខ្វះ​សាមគ្គីភាព​រវាង​ប្រជា​ពល​រដ្ឋខ្មែរ​​។

ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត បាន​ថ្លែង​​ទៅកាន់​អ្នក​ចូល​រួម​ថា “ប្រទេស​របស់​យើង​ធ្លាប់​ជា​ប្រទេស​មហាអំណាច​”។ ក្នុង​សម័យ​មហា​នគរ​ ព្រំដែន​ភាគ​ខាង​ជើង​លាត​សន្ធឹង​ដល់​ប្រទេសចិ​ន​ឯណោះ ហើយ​ភាគ​ខាង​លិច​លាត​សន្ធឹង​ដល់​ប្រទេស​ឥណ្ឌា ប៉ុន្តែ​ជា​អកុសល​សង្គ្រាម​រយៈ​ពេល​ជាង​១០០​ឆ្នាំ​បាន​ធ្វើ​ឲ្យ​ប្រទេស​យើង​បែក​បាក់ និង​បាត់​បង់​ទឹក​ដីជា​បន្ត​បន្ទាប់​”។

ដោយ​ធ្វើ​តាម​ឪពុក​របស់​លោក ឧត្តម​សេនីយ៍ឯក​ ហ៊ុន ម៉ាណែត មិនបាន​លើក​ឡើង​​​ពីគណបក្ស​សង្គ្រោះ​ជាតិ​ និង​មេដឹក​នាំ​គណបក្ស​នេះ​ចំឈ្មោះ​ទេនៅ​ក្នុង​សុន្ទរកថា​របស់​លោក​។ ផ្ទុ​យ​ទៅវិញ លោក​បាន​ប្រៀប​​​ធៀប​បរិយាកាស​នយោបាយ​​បច្ចុប្បន្ន​ទៅ​នឹង​បរិយាកាសន​យោបាយ​មុន​កា​រ​បោះ​ឆ្នោត​ ដែល​ក្នុង​នោះ​គណបក្ស​ប្រឆាំង​ដែល​បាន​រួប​រួម​គ្នា​​កើន​អាសនៈ​របស់ខ្លួន​​​ស្ទើរ​តែ​ទ្វេ​ដង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ពី​២៩​អាសនៈ​ដល់​៥៥​អាសនៈ​។

ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត ​បាន​មាន​ប្រសាសន៍​ថា “ពេលនេះ យើង​ចាត់​ទុក​​ជា​​​​ការ​​​​សាមគ្គីគ្នា​​​ជារៀង​​​រហូត​ ប៉ុន្តែ​និន្នាការ​នយោបាយ​បាន​ធ្វើ​ឲ្យ​យើង​មាន​ការ​បែក​បាក់​គ្នា​។ បន្ទាប់ពី​ការ​បោះ​ឆ្នោត​ យើង​បាន​បែក​បាក់​គ្នា​។ មិត្ត​ភក្ដិ​ដែល​តែង​តែ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​​ចាប់​តាំងពីកុមារភាព​​​​បាន​ឈប់​រាប់​អាន​គ្នា​ជា​មិត្ត​ភក្ដិ​”។ លោក​បាន​បន្ថែម​ថា “ឥឡូវ​នេះ​នៅ​ក្នុង​ភូមិ មិត្ត​ភក្ដិ​ សាច់​ញាតិ​ បង​ប្អូន ឈប់​និយាយ​រក​គ្នា​ ហើយ​បាន​បង្គាប់​ឲ្យ​កូន​ៗ​របស់​ខ្លួន​ឈប់​​​និយាយ​រក​គ្នា​ដែរ​”។

ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត បាន​ថ្លែង​​​ទៅកាន់​អ្នក​ចូល​រួម​ដែល​រួម​មាន​សមា​ជិក​ក្រុម​កាយឫទ្ធិ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ដែល​​មាន​ទំនាក់ទំនង​ជា​មួយ​គណបក្ស​ប្រជា​ជន​កម្ពុជាកុំឲ្យ​​​​ចាត់​ទុក​អ្នក​ប្រឆាំង​នយោ​​បាយ​ថា ជា​ “យួន”។

យួន​ គឺ​ជា​ពាក្យ​ដែល​គេ​ប្រើសម្រាប់​ជន​ជាតិ​វៀតណាម​ភាគតិច ដែល​​​គេ​បាន​​​ប្រើ​​​ជា​​​ការ​​​​រើស​អើង​ជាតិសាសន៍​។ ជា​រឿយៗ​​ពាក្យ​នេះ​​​ត្រូវ​បាន​ប្រើ​​ដោយ​អ្នក​គាំទ្រ​គណ​បក្ស​សង្គ្រោះ​​​ជាតិ​​ ដើម្បី​សំដៅ​ដល់​សមាជិក និង​អ្នក​គាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដែល​បាន​​​​បង្កើត​ឡើងដំបូង​​​​ក្នុង​​របប​កុម្មុយនីស្ត​លើក​បន្តុប​​​​ដោយ​កង​ទ័ព​វៀតណាម​ក្នុងឆ្នាំ​១៩៧៩​។

ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត បាន​មាន​ប្រសាសន៍​ថា “បើ​ទោះ​ជា​យើង​មិន​​​មាន​​និន្នា​​ការ​នយោបាយ​ដូច​គ្នា​ក៏ដោយ សូម​កុំ​ខឹង​គ្នា​អី ពីព្រោះ​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​ខ្មែរ​ដូច​គ្នា​។ ខ្ញុំសូមអំពាវ​នាវ​ដល់បងប្អូនថា សូម​កុំបែក​​​បាក់​គ្នា​ សូម​បង​ប្អូន​រួប​រួម​គ្នា” ៕ សារុន​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស