27 C
Phnom Penh

សាកល​វិទ្យា​ល័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទទួលបាន​រង្វាន់​សម្រាប់​ស្នាដៃ​ផលិត​មនុស្ស​យន្ត​ពន្លត់​អគ្គិភ័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយកដ្ឋាន​អគ្គិភ័យ​របស់​ប្រទេស​កម្ពុជា​ដែល​រង​ការ​រិះ​គន់​យ៉ាង​ច្រើន​នោះ​ ប្រហែល​​ជា​មាន​ដំណោះ​ស្រាយ​ផ្នែក​បចេ្ចក​វិទ្យា​ជាន់​ខ្ពស់​ក្នុង​ពេល​អនាគត​ សម្រាប់​ដោះ​ស្រាយ​បញ្ហារបស់​ខ្លួន​ បន្ទាប់​ពី​អ្នក​វិទ្យាសាស្ត្រ​វ័យ​ក្មេង​​មួយ​ក្រុម​មក​ពី​សាកល​វិទ្យាល័យន័រតុន​បាន​ចូល​រួម​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​មនុស្ស​យន្ត​អន្តរជាតិ​ម៉ាឡេស៊ី​លើក​ទី​៤​ កាល​ពី​សប្តាហ៍​មុុន​ និង​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​៣ក្នុង​​ផ្នែក​មនុស្ស​យន្ត​ពន្លត់​អគ្គិភ័យ​។

ព្រឹត្តិការណ៍​ប្រចាំ​នេះ​ត្រូវបាន​ប្រារព្ធ​នៅ​​សាកល​វិទ្យា​ល័យ​ Universiti  Malaysia Perlis ពី​ថ្ងៃ​ទី​១១ដល់​​ថ្ងៃ​ទី​១៣​ ខែ​មេសា​ឆ្នាំ​នេះ​ និង​មានការ​ចូល​រួម​ប្រកួត​ប្រជែង​ពី​សាកល​វិទ្យា​ល័យ​ចំនួន​១៩​មក​ពី​ទូទាំង​ពិភពលោក​ ដែល​សិក្សា​ផ្នែក​មនុស្ស​យន្ត​ សម្រាប់​ដោះ​ស្រាយ​បញ្ហា​ជាក់​ស្តែង​នៅ​ក្នុង​សង្គម​។

កម្មវិធី​ប្រកួត​ប្រជែង​មនុស្ស​យន្ត​ពន្លត់​អគ្គិ​ភ័យ​គឺ​ជា​កម្មវិធី​ដ៏​​គួ​រ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​ជា​ច្រើន​ ហើយ​សាកល​វិទ្យា​ល័យ​ន័រតុន​មាន​ពីរ​ក្រុម​ក្នុង​ចំណោម​បី​ក្រុម​ដែល​ប្រកួត​ប្រជែង​គ្នា​នៅ​ក្នុង​វគ្គ​ជម្រុះ​។ មនុស្ស​យន្ត​ទាំង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ដាក់​ឲ្យ​ធ្វើ​សកម្មភាព​នៅ​ក្នុង​លំនៅ​ដ្ឋាន​​មាន​អគ្គិភ័យ ក្នុង​គោល​បំណង​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ (បាល់​ប៉េង​ប៉ុង)​ និង​ពន្លត់​អគ្គិភ័យ​ (ទៀន​) ក្នុង​រយៈពេល​បី​នាទី​។

អ្នក​ប្រកួត​ប្រជែង​មួយ​ក្រុម​មក​ពី​សាកល​វិទ្យា​ល័យ​ន័រតុន​បាន​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​នៅ​ដើម​កម្មវិធី​ ប៉ុន្តែ​រង់​ចាំ​មើល​ក្រុម​រួម​ជាតិ​មួយ​ទៀត​ឆ្លង​កាត់​វគ្គ​ប្រកួត​ប្រជែង​ដ៏​ស្វិត​ស្វាញ​​ឆ្ពោះ​ទៅ​រក​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ មុន​ពេល​ក្តី​សង្ឃឹម​ថា​ឈ្នះ​របស់​ក្រុម​នេះ​ត្រូវ​​រលាយ​។ ទោះ​ជា​ទទួល​ជោគជ័យ​បែប​​នេះ​​​ក៏​​ដោយ​ ក៏​ប្រហែល​ជា​ត្រូវ​ការ​ពេល​វេលា​​ជា​ច្រើន​ឆ្នាំ ​​មុន​ពេលមនុស្ស​យន្ត​អាច​ធ្វើ​ការ​ងារ​​ពន្លត់​អគ្គិភ័យ​ជំនួស​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​។

លោក​ ឡាយ​ រមនា​ អ្នក​សម្រប​សម្រួល​ផ្នែក​​ស្រាវ​ជ្រាវ​នៅក្នុង​​មហាវិទ្យាល័យ​វិទ្យា​សាស្ត្រនៃ​សាកល​វិទ្យា​ល័យ​ន័រ​តុន​ និង​ជា​ប្រធាន​ក្រុម​ដែល​ទទួល​បាន​រង្វាន់​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​នេះ​ បាន​មាន​ប្រសាសន៍​ថា  “មនុស្ស​យន្ត​ពីរ​ដែល​យើង​ខ្ញុំ​បាន​យក​ទៅ​ប្រកួត​​ប្រជែង​នៅក្នុង​​ប្រទេស​ម៉ាឡេ​ស៊ី​ មាន​លក្ខណៈ​សាមញ្ញ​​ណាស់​ ហើយ​មនុស្ស​យន្ត​តូច​ៗ​មាន​ទម្ងន់​ត្រឹម​តែ​១គីឡូ​កន្លះ​ប៉ុណ្ណោះ​ ហើយ​មាន​កម្ពស់​ប្រវែង​តែ​២៥០​មិល្លីម៉ែត្រ​និង​ទទឹង​ប្រវែង​១៣០​មិល្លីម៉ែត្រ​ប៉ុណ្ណោះ​”។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា មនុស្ស​យន្ត​នីមួយៗ​ត្រូវ​បាន​បំពាក់​ដោយ​ម៉ូទ័រ​ស្រូប​ខ្យល់​សម្រាប់​ប្រមូល​បាល់​ប៉េង​ប៉ុង​ក្នុង​ស្ថានភាព​​ចរាចរណ៍របស់​វា​ និង​មាន​កង្ហារតូច​មួយ​​ដូច​ស្លាប​ឧទ្ធម្ភាគ​ចក្រ​ នៅ​ផ្នែក​ខាង​លើ​សម្រាប់​ពន្លត់​ទៀន​ដែល​ត្រូវ​បាន​ដាក់​នៅតាម​​​​ផ្លូវ​​ខ្វាត់ខ្វែង​។ លោក ឡាយ​ រមនា​ បាន​មាន​ប្រសាសន៍​ថា ​“យើង​ទទួលបាន​រង្វាន់​ជា​ប្រាក់​ប្រហែល​ជា​៥០០​ដុល្លារ​ សម្រាប់​ចំណាត់​ថ្នាក់​លេខ​៣​ ហើយ​យើង​យក​ប្រាក់​ទាំង​នោះ​មក​ចែក​គ្នា​នៅ​ក្នុង​ក្រុម​”៕ សុធា​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស