នគរបាលបានឲ្យដឹងកាលពីម្សិលមិញថាមន្ត្រីនគរបាលម្នាក់ដែលជាប់ពាក់ព័ន្ធក្នុងការបើករថយន្តបុកមនុស្សស្លាប់ហើយរត់ ត្រូវបាននគរបាលមូលដ្ឋាននៅក្នុងខេត្តកណ្តាលស្នើឲ្យចូលខ្លួននៅប៉ុស្តិ៍របស់ពួកគេនិងចរចារកដំណោះស្រាយជាមួយគ្រួសារជនរងគ្រោះ។
ឈ្មោះ ឯក សុវណា្ណរ៉ា ដែលជាកូនប្រុសរបស់លោក ឯក ក្រិត អតីតស្នងការនគរបាលខេត្តកណ្តាល ដែលពេលនេះជាទីប្រឹក្សារបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបើករថយន្តម៉ាក ឡិចស៊ុសមួយគ្រឿងគេចខ្លួនពីកន្លែងកើតហេតុដោយខុសច្បាប់នៅក្នុងស្រុកខ្សាច់កណ្តាលកាលពីថ្ងៃទី១១ខែមេសា។ បុរសម្នាក់បានស្លាប់ក្នុងការបុកនេះ និងពីរនាក់ទៀតបានរងរបួស ដោយជើងឆ្វេងរបស់ពួកគេត្រូវកាត់។
លោក ម៉ែន សុខឿន អធិការនគរបាលស្រុកបានឲ្យដឹងថាកាលពីម្សិលមិញ នគរបាលខេត្តខ្សាច់កណ្តាលបានឲ្យដឹងថា ខ្លួនបានសរសេរលិខិតទៅលោក សុវណ្ណារ៉ា ដោយអញ្ជើញគាត់ឲ្យចូលខ្លួននៅការិយាល័យរបស់ពួកគេនៅថ្ងៃពុធ និងចូលមកចរចាពីសំណងដល់ជនរងគ្រោះនិងក្រុមគ្រួសាររបស់ពួកគេ។ប្រសិនបើជនរងគ្រោះរីករាយនឹងដំណោះស្រាយនេះ ករណីនេះនឹងមិនបញ្ជូនទៅតុលាការទេ។
លោក សុខឿន បានមានប្រសាសន៍ថា “យើងបានផ្ញើលិខិតមួយច្បាប់ទៅឲ្យលោកសុវណា្ណរ៉ា ដើម្បីអញ្ជើញគាត់មកដោះស្រាយបញ្ហានេះនៅឯការិយាល័យរបស់យើងនៅថ្ងៃពុធដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ” ។
លោក សុខឿន បានបន្ថែមថា បើទោះជាមានការអញ្ជើញមកចរចាក៏ដោយ ក៏នគរបាលនៅតែគិតថា លោក សុវណា្ណរ៉ា អាចប្រើអំណាចរបស់ខ្លួនបញ្ចុះបញ្ចូលនគរបាលនៅកន្លែងកើតហេតុឲ្យធ្វើតាមគាត់និងមិត្តភក្តិរបស់ខ្លួនដើម្បីប៉ះកង់ឡានរបស់ខ្លួន។ នៅពេលនគរបាលប្រហែសបន្តិច ក្រុមនេះបានបើករថយន្តរត់បាត់។
លោក សុវណ្ណារ៉ា ដែលខ្លួនឯងជាមន្ត្រីនគរបាលនៅនាយកដ្ឋានអន្តោប្រវេសន៍របស់ក្រសួងមហាផ្ទៃដែរនោះ បានឲ្យដឹងកាលពីម្សិលមិញថា លោកនឹងចូលខ្លួននៅថ្ងៃពុធ ប៉ុន្តែមិនទទួលដឹងនិងទទួលខុសចំពោះគ្រោះថ្នាក់នេះទេ។
លោកបាននិយាយថា “ខ្ញុំមិនទាន់បានទទួលលិខិតពីអាជ្ញាធរទេ ប៉ុន្តែខ្ញុំនឹងពន្យល់អំពីហេតុការណ៍នេះ ពីព្រោះខ្ញុំមិនពាក់ព័ន្ធក្នុងករណីនេះឡើយ”។
លោកបានបន្ថែមទៀតថា លោកគ្រាន់តែនៅក្នុងទីកន្លែងបុកហើយរត់នេះទេ ព្រោះមិត្តភក្តិរបស់គាត់បានបានទូរស័ព្ទហៅគាត់ឲ្យជួយ បន្ទាប់ពីពួកគេបុកគ្នា។ លោកបានឲ្យដឹងថា គាត់មិនអាចប្រាប់ឈ្មោះមិត្តភក្តិរបស់គាត់បានទេ ពីព្រោះពួកគាត់ទើបតែស្គាល់គ្នា គឺគ្រាន់តែជួបគ្នានៅក្នុងពិធីជប់លៀងមួយប៉ុណ្ណោះ។ លោក បន្តទៀតថា “ ខ្ញុំមិនពាក់ព័ន្ធក្នុងហេតុការណ៍នេះទេ ប៉ុន្តែខ្ញុំទៅទីនោះដើម្បីសម្របសម្រួលប៉ុណ្ណោះ៕ ប៊ុននី