មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ ដើម្បីរិះគន់សេចក្តីអនុម័តរបស់ទីស្តីការគណៈរដ្ឋមន្ត្រីលើច្បាប់ចំនួនបីដែលគេរង់ចាំជាយូរមកហើយ ពោលគឺច្បាប់កែទម្រង់ប្រព័ន្ធយុត្តិធម៌ ដោយបានលើកឡើងថា សេចក្តីអនុម័តច្បាប់ទាំងនេះមានការខ្វះខាតកិច្ចពិគ្រោះយោបល់ជាសាធារណៈសមស្រប។
កាលពីថ្ងៃសុក្រសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំមួយនៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានគោលបំណងអនុម័តច្បាប់បីស្តីពីការប្រព្រឹត្តទៅរបស់តុលាការ ស្ថាប័នត្រួតពិនិត្យប្រព័ន្ធយុត្តិធម៌ និងតួនាទីរបស់ចៅក្រម និងព្រះរាជអាជ្ញាទាំងឡាយ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងកាលពីថ្ងៃសុក្រថា ច្បាប់ទាំងបីនេះនឹងត្រូវបានបង្ហាញដល់រដ្ឋសភាសម្រាប់អនុម័តនៅថ្ងៃនេះ ឬថ្ងៃស្អែក។
សេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា មិនគួរមានការអនុម័តបែបនេះទេ លុះត្រាតែមានការយល់ព្រមពីគណបក្សសង្គ្រោះជាតិថា បញ្ចប់ការធ្វើពហិការរបស់ខ្លួនចំពោះអាសនៈសភាទាំង៥៥ ហើយច្បាប់ទាំងនេះគួរតែត្រូវបានពិភាក្សាជាសាធារណៈក្នុងពេលឆាប់ៗនេះ។
សេចក្តីថ្លែងការណ៍នោះមានខ្លឹមសារថា “វាជារឿងចាំបាច់ដែលរដ្ឋសភាផ្សព្វផ្សាយសេចក្តីព្រាងច្បាប់ទាំងនេះជាសាធារណៈដើម្បីអនុញ្ញាតឲ្យភាគីពាក់ព័ន្ធរួមទាំងសង្គមស៊ីវិល អ្នកជំនាញផ្នែកច្បាប់ និងសាធារណជនទូទៅផ្តល់ប្រតិកម្មតប និងយោបល់”។
កាលពីម្សិលមិញ លោក ផៃ ស៊ីផាន បានរិះគន់សេចក្តីអះអាងរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលថា រដ្ឋាភិបាលកំពុងតែជំរុញច្បាប់ទាំងបីនេះដោយមានកិច្ចពិគ្រោះយោបល់តិចតួចនៅខាងក្រៅគណបក្សប្រជាជនកម្ពុជា។
លោកបានមានប្រសាសន៍សំដៅទៅលើមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បង្កើតឡើងដោយលោក កឹម សុខា ដែលបច្ចុប្បន្ននេះគឺជាអនុប្រធានគណបក្សសង្គ្រោះជាតិ ដូច្នេះថា “ហេតុអ្វីបានជាអង្គការសិទ្ធិមនុស្សនេះថ្កោលទោសរដ្ឋាភិបាល?” លោកបានមានប្រសាសន៍បន្ថែមទៀតថា “គេគ្រាន់តែជាអង្គការក្រៅរដ្ឋាភិបាលតូចមួយប៉ុណ្ណោះ។ រដ្ឋាភិបាលគឺជារដ្ឋាភិបាលស្របច្បាប់”។
លោក ស៊ីផាន បានមានប្រសាសន៍បន្ថែមទៀតថា “យើងធ្វើអ្វីៗទៅតាមច្បាប់ ហើយយើងបានពិភាក្សាអំពីច្បាប់ថ្មីទាំងបីនេះជាមួយក្រុមអ្នកច្បាប់អន្តរជាតិ”។ ក៏ប៉ុន្តែ លោកបានបដិសេធមិនប្រាប់ឈ្មោះក្រុមអ្នកច្បាប់ទាំងនោះទេ។ លោកស្រី មូរ សុខហួរ ជាតំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សប្រឆាំង បានលើកឡើងថា វេទិកាសាធារណៈស្តីពីសេចក្តីព្រាងច្បាប់ទាំងបីនេះ គួរតែត្រូវបានរៀបចំឡើងមុនពេលច្បាប់ទាំងនេះត្រូវបានបញ្ជូនទៅរដ្ឋសភា។
លោកស្រី សុខហួរ បានមានប្រសាសន៍ថា “ការពិភាក្សាជាមួយអ្នកជំនាញខាងក្រៅមិនមែនជារឿងខុសឆ្គងទេ”។ លោកស្រីបានថ្លែងបន្តទៀតថា“ក៏ប៉ុន្តែអ្នកជំនាញក្នុងស្រុក ដូចជាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអង្គការសិទ្ធិមនុស្សផ្សេងៗទៀត ក៏ជាអ្នកជំនាញទទួលជោគជ័យ និងមានគំនិត និងអនុសាសន៍សម្រាប់រដ្ឋាភិបាលដែរ”៕សុធា