33 C
Phnom Penh

គ.ជ.ប.នឹងហាម​​​ឃាត់​​​មិន​​​ឲ្យ​​​​​​បក្ស​​​នយោបាយ​​​បោះ​​​ទី​​​តាំង​​​អចិន្ត្រៃយ៍​​​សម្រាប់​​​ការ​​​ឃោសនា​​​នៅ​​​ខែ​​​ក្រោយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីថ្ងៃ​​​សុក្រ​​​ គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​​​​ចំ​​​ការ​​​បោះឆ្នោត​​​​​​ (គ.ជ.ប.) បាន​​​លើក​​​ឡើ​​​ងថា គណបក្ស​នយោបាយ​​​​​​​​​នឹង​​​ត្រូវ​​​​​​ហាម​​​ឃាត់​​​មិន​​​ឲ្យ​​​បង្កើត​​​ទីតាំង​​​​​​​​​ធ្វើ​​​យុទ្ធនាការ​​​​​​​​​ឃោ​​​ស​​​នា​​​អចិន្ត្រៃយ៍​​​នៅ​​​ក្នុង​​​រាជធានីឡើយ​​​​​​ ​​​អំឡុង​​​​​​ការ​​​បោះ​​​ឆ្នោត​​​​​​ក្រុម​​​ប្រឹក្សា​​រាជ​​​ធានី​​​ ខេត្ត​​​-ក្រុង​​​ ស្រុក​​​-ខណ្ឌ នា​​​ខែ​​​ក្រោយ​​​។

សេចក្ដី​​​ប្រកាស​​​នេះ​​​​​​​​​ត្រូវ​​​បាន​​​​​​ធ្វើ​​​ឡើង​​​​​​​​​បន្ទាប់​​​ពី​​​​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​​​​បាន​​​ដាក់​​​សំណើ​​​ទៅ​​​​​​សាលារាជធានី​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ដើម្បី​​​ស្នើ​​​សុំ​​​ការ​​​អនុញ្ញាត​​​​​​​​​បង្កើត​​​​​​ទីតាំង​​​​​​​​​នៅ​​​​​​ទីលាន​​​ប្រជា​​​ធិ​​​ប​​​​​​តេយ្យ​​​​​​ឬ​​​នៅ​​​​​​សួន​​​​​​មុខ​​​វត្ត​​​បទុម​​​​​​សម្រាប់​​​​​ការ​​​ឃោសនា​​​រយៈ​​​ពេល​​​​​​ពីរ​​​​​​សប្ដាហ៍​​​ ដែល​​​នឹង​​​ចាប់​​​ផ្ដើម​​​ចាប់​​​ពី​​​​​​ថ្ងៃ​​​ទី​​​២ ខែ​​​ឧសភា​​​ទៅ​​​​​​។

លោក ទេព នីថា អគ្គលេខាធិការ​​​​​​​​​គ.ជ.ប.​​​បាន​​​ថ្លែង​​​ថា “យើង​​​នឹង​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​គណ​​​បក្ស​​​នយោបាយ​​​ប្រើ​​​ប្រាស់​​​ទីតាំង​​​​​​​​​សាធារណៈ​​​​​​ជា​​​អចិន្ត្រៃយ៍​​​សម្រាប់​​​​​​យុទ្ធនាការ​​​​​​ឃោសនា​​​បោះឆ្នោត​​​​​​​​​ឡើយ​។ ប្រសិន​​​បើ​​​​​​ពួក​​​គេ​​​​​​​​​មិន​​​ធ្វើ​​​តាម​​​​​​ យើង​​​នឹង​​​រឹប​​​អូស​​​សម្ភារ​​​របស់​​​ពួក​​​គេ​​​​​​”។

លោក​​​ ទេព​​​ នីថា បាន​​​ពន្យល់​​​ថា អំឡុង​​​យុទ្ធនាការ​​​​​​ឃោសនា​​​បោះឆ្នោ​​​ត​​​​​​លើក​​​​​​មុន​​​ៗ​​​គណបក្ស​​​នយោបាយ​​​នីមួយៗ​​​បាន​​​គ្រប់​​​គ្រង​​​​​​តំបន់​​​មួយ​​​ចំនួន​​​ក្នុង​​​រាជធានីភ្នំពេញ​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​គណបក្ស​​​ផ្សេង​​​ៗ​​​ទៀត​​​​​​មិន​​​អាច​​​ចូល​​​ទៅ​​​កាន់​​​​​​តំបន់​​​​​​ទាំង​​​នោះ​​​បាន​​​។​​​

អំឡុង​​​​​​យុទ្ធនាការ​​​ឃោសនា​​​បោះឆ្នោត​​​​​​​​​សម្រាប់​​​​​​​​​ការ​​​បោះឆ្នោត​​​ជាតិ​​​កាល​​​ពី​​​ខែ​​​កក្កដា​​​ ឆ្នាំ​​​មុន​​​ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​​​​បាន​​​​​​​​​បោះទីតាំង​​​របស់​​​ខ្លួន​​​នៅ​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​ រីឯគណបក្ស​​​ប្រជាជន​​​កម្ពុជា​​​​​​បាន​​​បោះទីតាំង​​​នៅ​​​សួន​​​មុខ​​​វត្ត​​​បទុម​​​។

លោក​​​ ទេព នីថា បាន​​​មាន​​​ប្រសាសន៍​​​ កាល​​​ពីថ្ងៃ​​​សុក្រ​​​ថា “គណបក្ស​​​នយោបាយ​​​អាច​​​​​​ធ្វើ​​​យុទ្ធនាការ​​​ឃោសនាបោះ​​​ឆ្នោត​​​​​​ជា​​​អចិន្ត្រៃយ៍​​​នៅ​​​ការិយាល័យ​​​របស់​​​​​​ខ្លួន​​​បាន​​​”។

លោក​​​ស្រី​​​ មូរ សុខហួរ​​​ ប្រធាន​​ទទួល​​​បន្ទុក​​​​​​កិច្ច​​​ការ​​​​​​សាធារណៈ​​​​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​​​​បាន​​​លើក​​​ឡើង​​​ថា បម្រាម​​​នេះ​​​​​​ គឺ​​​ជា​​​មធ្យោ​​​បាយ​​​មួយ​​​ដើម្បី​​​​​​គាប​​​​​​សង្កត់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​​​​មុន​​​ការ​​​បោះឆ្នោត​​​​​​ដែល​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​នឹង​​​មិន​​ធ្វើ​​​យុទ្ធនាការ​​​​​​ឃោសនា​​​​​​ខ្លាំង​​​ក្លា​​​នោះ​​​។

លោក​​​ស្រី​​​ មូរ សុខហួរ បាន​​​មាន​​​ប្រសា​​​សន៍​​​ថា “វា​​​គឺ​​​ជា​​​ការ​​​បោះឆ្នោត​​​​​​មិន​​​ផ្ទាល់​​​​​​​​​។ ​​​ប្រជា​​​ពលរដ្ឋ​​​មិន​​​បោះឆ្នោត​​​ទេ​​​​​​ គឺ​​​ក្រុម​​​ប្រឹក្សា​​​​​​រាជ​​​ធានី​​​ ខេត្ត​​​-ក្រុង​​​ ស្រុក​​​-ខណ្ឌ ជា​​​អ្នក​​​បោះឆ្នោត​​​​​​ ហើយ​​​សម្រាប់​​​គណបក្ស​​​ប្រជាជន​​​​​​​​​កម្ពុជា​​​​​​វិញ​​​​​​គិត​​​ថា វា​​​ជា​​​រឿង​​​​​​ប្រសើ​​​រព្រោះ​​​ថា ក្រុម​​​ប្រឹក្សា​​​​​​របស់​​​ខ្លួន​​​​​​នឹង​​​បោះឆ្នោត​​​​​​ឲ្យ​​​គណបក្ស​​​ខ្លួន​​​​​​”។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “តែ​​​ទោះ​​​ជាយ៉ាងណា​​​ វា​​​គឺ​​​ជា​​​ការ​​​បោះឆ្នោត​​​ ហើយ​​​ច្បាប់​​​បោះឆ្នោត​​​ចែង​​​ថា គណបក្ស​​​នីមួយៗ​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ធ្វើ​​​យុទ្ធ​​​នាការ​​​ឃោសនា​​​​​​។ តើគណបក្ស​​​នយោបាយ​​​អាច​​​​​​ធ្វើ​​​យុទ្ធនាការ​​​​​​ឃោសនា​​​​​​របស់​​​ខ្លួន​​​​​​ដោយ​​​គ្មាន​​​ទីតាំង​​​ឃោសនា​​​​​​ដោយ​​​របៀប​​​ណា​​​​​​?”។

លោក​​​ ឡុង ឌីម៉ង់ អ្នក​​​នាំពាក្យ​​​សាលា​​​រាជ​​​ធានី​​​បាន​​​​​​​​​លើក​​​ឡើង​​​ថា ទោះ​​​បី​​​ជា​​​លោក​​​ បា៉ សុជាតិវង្ស អភិបាល​​​រាជធានីភ្នំពេញ​​​​​​នៅ​​​មិន​​​ទាន់​​​បាន​​​អាន​​​លិខិត​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ក៏​​​ដោយ​​​​​​ ក៏​​​សាលា​​​រាជធានី​​​​​​នឹង​​​​​​​​​តម្កល់​​​​​​សេចក្ដី​​​សម្រេច​​​របស់​​​គ.ជ.ប.​​​ដែរ​​​។

លោក​​​ ឡុង ឌីម៉ង់ បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ដឹង​​​ថា ការ​​​បោះឆ្នោត​​​នេះ​​​​​​មិន​​​មាន​​​​​​ការ​​​​​​ចូល​​​រួម​​​​​​ពី​​​សំណាក់​​​ប្រជាពល​​​រដ្ឋ​​​ឡើយ​​​ េហតុ​​​ដូច្នេះ​​​​​​សាលា​​​រាជធានី​​​​​​នឹ​​​ងបន្ត​​​​​​​​​ធ្វើ​​​តាម​​​​​​ការ​​​​​​​​​ណែ​​​នាំ​​​​​​របស់​​​គ.ជ.ប.”។

លោក សុក សំអឿន​​​ មេធាវី​​​ដ៏​​​លេច​​​ធ្លោ​​​មួយ​​​រូប និង​​​ជាប្រធាន​​​​​​ក្រុម​​​អ្នកច្បាប់​​​​​​​​​ការពារ​​​សិទ្ធិ​​​កម្ពុជា​​​​​​បាន​​​លើក​​​ឡើង​​​​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា គ.ជ.ប. គ្មាន​​​សិទ្ធិ​​​​​​​​​ចេញ​​​បម្រាម​​​ឡើយ​​​​​​។​​​

លោក​​​​​​​​​ សុក សំអឿន បាន​​​មាន​​​ប្រសាសន៍​​​ថា “បើ​​​យោង​​​តាម​​​ច្បាប់​​​​​​ [គ.ជ.ប.] អាច​​​​​​ហាម​​​ឃាត់​​​​​​ការ​​​ធ្វើ​​​យុទ្ធនាការ​​​​​​​​​ឃោសនា​​​ណាមួយ​​​បាន​​​​​​ ប្រសិន​​​បើ​​​មាន​​​ភ័ស្ដុតាង​​​​​​ថា ការ​​​ធ្វើ​​​យុទ្ធ​​​នាការ​​​ឃោសនា​​​​​​​​​របស់​​​គណបក្ស​​​ទាំង​​​ពីរ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​​​។ តែ​​​ទោះ​​​ជា​​​យ៉ាងណា​​​ ប្រសិន​​​បើ​​​គ្មាន​​​​​​ភ័ស្ដុតាង​​​ឡើយ​​​ គ.ជ.ប. មិន​​​អាច​​​បញ្ឈប់​​​​​​គណបក្ស​​​នីមួយៗ​​​​​​មិនឲ្យ​​​ធ្វើ​​​យុទ្ធនាការ​​​ឃោស​​​នា​​​បាន​​​នោះទេ​​​ គឺ​​​គ.ជ.ប. ត្រូវ​​​តែ​​​រក​​​ទីតាំង​​​ដែល​​​មិន​​​អាច​​​កើត​​​មាន​​​​​​ជម្លោះ​​​សម្រាប់​​​គណ​​​បក្ស​​​ទាំង​​​ពីរ​​​ធ្វើ​​​ការ​​​ឃោសនា​​​​​​”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស