ក្លឹបអ្នកកាសែតកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ សម្ដែងនូវការព្រួយបារម្ភអំពីករណីអ្នកយកព័ត៌មានបីនាក់កាលពីពេលថ្មីៗនេះដែលប្រឈមនឹងការយាយី ខណៈពេលព្យាយាមយកព័ត៌មានពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់ក្នុងខេត្តព្រះវិហារ ពោធិ៍សាត់ និងខេត្តកំពង់ចាម។
លោក សន មង្គល អ្នកយកព័ត៌មានកាសែតកម្ពុជាថ្មីនៅខេត្តព្រះវិហារ តាមចោទថា ត្រូវបានកងរាជអាវុធហត្ថវាយដំកាលពីថ្ងៃទី១២ ខែមេសា បន្ទាប់ពីបានព្យាយាមថតរូបរថយន្តដែលសង្ស័យថា ដឹកឈើប្រណីតខុសច្បាប់។
លោក ហ៊ិន សាម៉ុន អ្នកយកព័ត៌មានប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខ៩ត្រូវបាននគរបាលឃាត់ខ្លួនរយៈពេលខ្លីក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១១ ខែមេសា បន្ទាប់ពីត្រូវបានចោទថា បានព្យាយាមគំរាមទារប្រាក់បន្ទាប់ពីលោកបានថតរូបរថយន្តមួយគ្រឿងដឹកឈើប្រណីត។
យោងតាមសេចក្ដីថ្លែងការណ៍របស់ក្លឹបអ្នកកាសែតកម្ពុជាឲ្យដឹងថា នៅក្នុងខេត្តកំពង់ចាម កាលពីថ្ងៃទី១០ ខែមេសា លោក សែម បូណា ដែលនិយាយថា លោកជាអ្នកយកព័ត៌មានឲ្យកាសែតឆន្ទៈខ្មែរ ដែលគេមិនសូវស្គាល់ ត្រូវបានជនដៃដល់មិនស្គាល់ឈ្មោះពីរនាក់វាយដំ ខណៈពេលលោកកំពុងយកព័ត៌មានអំពីការកាប់ឈើខុសច្បាប់។
សេចក្ដីថ្លែងការណ៍ដដែលនេះបានបន្តថា “ក្លឹបអ្នកកាសែតកម្ពុជាសង្កេតឃើញថា សន្តិសុខរបស់អ្នកកាសែត ដែលធ្វើការក្នុងវិស័យនេះត្រូវបានគំរាមកំហែង”។
សេចក្ដីថ្លែងការណ៍នេះបន្ថែមទៀតថា ក្លឹបអ្នកកាសែតកម្ពុជា “សូមថ្កោលទោសចំពោះទង្វើនេះ ហើយសូមអំពាវនាវដល់ស្ថាប័នច្បាប់ពាក់ព័ន្ធទាំងអស់ចាត់វិធានការចំពោះជនដៃដល់ និងស្វែងរកយុត្តិធម៌ជូនអ្នកកាសែត”។
អ្នកគំរាមទារប្រាក់ដែលក្លែងខ្លួនជាអ្នកកាសែតបានបង្កើតការងារផ្ទាល់ខ្លួនដោយការយកព័ត៌មានអំពីការកាប់ឈើខុសច្បាប់ និងគំរាមក្រុមហ៊ុនមួយចំនួនឲ្យបង់ប្រាក់ជាថ្នូរនឹងការមិនចុះផ្សាយព័ត៌មាន។
លោក មង្គល អ្នកយកព័ត៌មានឲ្យកាសែតកម្ពុជាថ្មី គឺជាអ្នកកាសែតតែម្នាក់គត់នៅក្នុងចំណោមអ្នកកាសែតបីនាក់ដែលបានដាក់ពាក្យបណ្ដឹងផ្លូវការទៅតុលាការ។
លោក ស៊ី ណាន់ ក្រឡាបញ្ជីសាលាដំបូងខេត្តព្រះវិហារ បានបញ្ជាក់ថា ពាក្យបណ្ដឹងរបស់លោក មង្គល បានមកដល់តុលាការហើយ ហើយលោកបានលើកឡើងថា ភាគីពាក់ព័ន្ធនឹងត្រូវកោះហៅមកសាកសួរនៅសប្ដាហ៍នេះ។
លោក មង្គល បានអះអាងថា លោក ឡាយ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តនិងលោក គង់ ធារិទ្ធ ជាជំនួយការរបស់លោកបានវាយដំរូបលោក បន្ទាប់ពីលោកបានទាមទារថតរូបខាងក្នុងរថយន្ត ដែលត្រូវបានឃាត់នៅប៉ុស្តិ៍ត្រួតពិនិត្យរបស់នគរបាល។
ពាក្យបណ្ដឹងរបស់លោក មង្គល បានចោទមន្ត្រីកងរាជអាវុធហត្ថទាំងពីរនាក់ថា បានដាល់រូបគាត់ចំមុខ ហើយបន្ទាប់មកធាក់គាត់ចំទ្រូង និងពោះបន្ទាប់ពីគាត់ដួល។
លោក មង្គល បាននិយាយកាលពីម្សិលមិញថា “ខ្ញុំបានបញ្ជូនពាក្យបណ្ដឹងរបស់ខ្ញុំទៅតុលាការហើយ ហើយបានទាមទារសំណង១០.០០០ដុល្លារ និងស្នើឲ្យតុលាការផ្ដន្ទាទោសពួកគេតាមច្បាប់”។
កងរាជអាវុធហត្ថបានបដិសេធការអះអាងនេះ ដោយលើកឡើងថា ពួកគេគ្រានត់ការពារខ្លួនប៉ុណ្ណោះ បន្ទាប់ពីលោក មង្គល បានវាយពួកគេពេលមានការជំទាស់មិនឲ្យគាត់ថតរូបរថយន្តនោះ។
លោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានថ្លែងថា “ កងរាជអាវុធហត្ថមិនបានវាយគាត់ទេ ហើយមន្ត្រីរបស់ខ្ញុំនឹងត្រូវដាក់ទោសប្រសិនបើខ្ញុំរកឃើញថា ពួកគេរំលោភច្បាប់មែននោះ៕ សារុន