កម្មករភាគច្រើនក្នុងចំណោមកម្មកររោងចក្រកាត់ដេរ៦០០.០០០នាក់នៅក្នុងប្រទេសកម្ពុជា បានវិលត្រឡប់ចូលធ្វើការវិញកាលពីម្សិលមិញ ទោះបីជាសហជីពអំពាវនាវឲ្យបន្តកូដកម្មស្នាក់នៅផ្ទះរហូតដល់ថ្ងៃនេះក្ដី។

សហជីពចំនួនប្រាំបីបានចំណាយពេលរាប់សប្ដាហ៍ជំរុញឲ្យកម្មករស្នាក់នៅផ្ទះក្រោយពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមេសា ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាល និងបណ្ដារោងចក្រឲ្យដំឡើងប្រាក់ខែគោលក្នុងវិស័យកាត់ដេរពី១០០ដុល្លារដល់១៦០ដុល្លារក្នុងមួយខែ។ សហជីពទាំងនេះក៏ចង់ឲ្យតុលាការដោះលែងសកម្មជនសហជីព និងកម្មករ២១នាក់ដែលត្រូវបានចាប់ខ្លួនអំឡុងកូដកម្មជំុចុងក្រោយដើម្បីទាមទារដំឡើងប្រាក់ខែ ដែលបានបញ្ចប់កាលពីខែមករាផងដែរ។
ទោះជាយ៉ាងណា នៅត្រឹមព្រឹកម្សិលមិញរោងចក្រទាំងអស់បានបើកដំណើរការឡើងវិញ ហើយកម្មករភាគច្រើននៅតាមរោងចក្រទាំងនោះបានត្រឡប់ចូលធ្វើការវិញ។នៅខាងក្រៅរោងចក្ររបស់ខ្លួននៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងរាជធានីភ្នំពេញ កម្មការិនីឈ្មោះ ខន យ៉ា បាននិយាយថា ប្រហែល៨០ភាគរយនៃកម្មករប្រមាណ៥០០នាក់ដែលធ្វើការជាមួយគាត់បានត្រឡប់ចូលធ្វើការវិញកាលពីម្សិលមិញ ពីព្រោះមិនចង់បាត់បង់ប្រាក់ឈ្មួលកម្លាំងពលកម្មមួយថ្ងៃ។ ស្ត្រីរូបនេះបាននិយាយថា “ប្រសិនបើកម្មករមិនត្រឡប់ទៅធ្វើការវិញទេ គេនឹងកាត់ប្រាក់ខែរបស់ពួកយើង ដូច្នេះពួកយើងត្រូវតែទៅធ្វើការ”។
កម្មការិនីម្នាក់ទៀតឈ្មោះ ឈុំ វ៉េត ដែលធ្វើការនៅរោងចក្រកាត់ដេរមួយទៀតដែលស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេងដែរ នោះនិយាយថា កម្មករដែលធ្វើការជាមួយគាត់ចន្លោះពី៨០ភាគរយទៅ៩០ភាគរយបានត្រឡប់ចូលធ្វើការវិញកាលពីម្សិលមិញ។គាត់និងអ្នករួមការងារជាច្រើនមានអារម្មណ៍ទទួលសម្ពាធក្នុងការវិលត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីឃើញកម្មករផ្សេងៗទៀតត្រឡប់ចូលធ្វើការវិញ។
គាត់និយាយថា “ខ្ញុំបានឮថា កូដកម្មនេះធ្វើរហូតដល់ថ្ងៃទី២៣ ខែមេសា ប៉ុន្តែកម្មករភាគច្រើនបានត្រឡប់ចូលធ្វើការវិញនៅថ្ងៃនេះ ដូច្នេះខ្ញុំក៏ចូលធ្វើការវិញដែរទៅ។ ប្រសិនបើកម្មករភាគច្រើនធ្វើកូដកម្ម ខ្ញុំក៏ចូលរួមធ្វើកូដកម្មដែរ”។
លោក ឯក ភក្ដី អគ្គលេខាធិការសម័្ពន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ស៊ីខៅឌូ អះអាងថា មានប្រហែល៣០ភាគរយប៉ុណ្ណោះក្នុងចំណោមសមាជិក១០០.០០០នាក់របស់សហជីពលោកបានត្រឡប់ចូលធ្វើការវិញកាលពីម្សិលមិញ ហើយថា មានប្រហែល៦០ភាគរយប៉ុណ្ណោះក្នុងចំណោមកម្មករកាត់ដេរទាំងអស់ដែលបានចូលធ្វើការវិញ។
ទោះជាយ៉ាងណា សហជីពចំនួនបីនៅក្នុងចំណោមសហជីពទាំងនេះនិយាយថា កម្មកររហូតដល់ទៅ៩០ភាគរយបានត្រឡប់ចូលធ្វើការវិញកាលពីម្សិលមិញ។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានមានប្រសាសន៍ថា “យើងមិនពេញចិត្តទេ ពីព្រោះកម្មករមិនបានធ្វើកូដកម្មរហូតដល់ថ្ងៃទី២៣ ខែមេសា ដូចដែលសហជីពរបស់យើងបានលើកឡើង”។
លោក សៀង សម្បត្តិ ប្រធានសម្ព័ន្ធសហជីពមិត្តភាពកម្មករ បានបន្ទោសកូដកម្មបរាជ័យនេះលើអាជ្ញាធរចំពោះការបង្ករការលំបាកដល់សហជីពទាំងនេះក្នុងការផ្សព្វផ្សាយពីកូដកម្មនេះជាសាធារណៈ។
នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ សមាជិកសហជីពមួយចំនួនត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ន ដោយសារតែពួកគេចែកចាយខិត្តប័ណ្ណផ្សព្វផ្សាយអំពីកូដកម្មនេះ និងការដកហូតខិត្តប័ណ្ណរបស់ពួកគេ។ អាជ្ញាធរក៏បានព្រមានដដែលៗដែរថា នឹងចាប់ខ្លួននរណាដែលហ៊ានចែកខិត្តប័ណ្ណទំាងនេះ។
លោក សៀង សម្បត្តិ មានប្រសាសន៍ថា “កម្មករបានត្រឡប់ចូលធ្វើការវិញនៅថ្ងៃនេះ ពីព្រោះពួកគាត់មិនទទួលបានព័ត៌មានគ្រប់គ្រាន់ពីពួកយើង ដោយសារតែអាជ្ញាធរដាក់សម្ពាធមកលើពួកយើង”។
ទោះជាយ៉ាងណា លោកស្រី យ៉ាង សុភណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា មានប្រសាសន៍ថា យ៉ាងហោចណាស់ការខិតខំប្រឹងប្រែងរបស់ពួកគេក៏ទទួលបានជោគជ័យតិចតួចដែរ ដោយអាចធ្វើឲ្យរោងចក្រមួយចំនួនបន្លាយថ្ងៃឈប់សម្រាកក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីមួយថ្ងៃឬពីរថ្ងៃដែរ។
លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ GMAC ក៏បានមានប្រសាសន៍ដែរថា កម្មករកាត់ដេររហូតដល់ទៅ៩០ភាគរយបានត្រឡប់ចូលធ្វើការវិញកាលពីម្សិលមិញ។
ប៉ុន្តែលោកបានមានប្រសាសន៍ថា វាជារឿងធម្មតាទេដែលកម្មករមួយចំនួនតូចវិលត្រឡប់មកធ្វើការយឺតយ៉ាវមួយថ្ងៃឬពីរថ្ងៃ ក្រោយពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនោះ ដោយសារពួកគេត្រូវធ្វើដំណើរទៅតាមបណ្ដាខេត្តដើម្បីជួបជុំសាច់ញាតិ និងក្រុមគ្រួសារ ហើយគ្មានអ្វីពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើកូដកម្មនេះទេ។
លោកក៏បានច្រានចោលដែរចំពោះការលើកឡើងរបស់សហជីពមួយចំនួនថា ការបន្លាយថ្ងៃឈប់សម្រាកដែលរោងចក្រមួយចំនួនអនុញ្ញាតដល់កម្មកររបស់ខ្លួនធ្វើឲ្យប៉ះពាល់ដល់ផ្នែកហិរញ្ញវត្ថុដល់រោងចក្រទាំងនោះដោយសារតែការពន្យារពេលផលិត។
លោកបានមានប្រសាសន៍ទៀតថា “រោងចក្រតែងតែគ្រប់គ្រងថ្ងៃឈប់សម្រាករបស់ខ្លួន ហើយខ្ញុំជឿជាក់ថា រោងចក្រតែងតែមានគម្រោងសម្រាប់ឲ្យកម្មកររបស់ខ្លួន បានឈប់សម្រាកបន្ថែម ដូច្នេះវាស្ថិតនៅក្នុងផែនការរបស់ពួកគេ”។
ដោយនៅតែមានក្ដីសង្ឃឹមថា នឹងទទួលបានការដំឡើងប្រាក់ខែគោល សហជីពដែលស្ថិតនៅពីក្រោយកូដកម្មនៅផ្ទះទាំងនេះគ្រោងនឹងរៀបចំពិធីជួបជុំមួយនៅទីលានប្រជាធិបតេយ្យនៅថ្ងៃទី១ ខែឧសភា ដែលជាទិវាពលកម្មអន្តរជាតិ ហើយនឹងដាក់សំណើរបស់ខ្លួនទៅសាលារាជធានីភ្នំពេញ នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ៕ សុខុម
(រាយការណ៍បន្ថែមដោយ Zsombor Peter)