សន្តិសុខខណ្ឌមួយក្រុមបានវាយអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយក្រុមតូច និងអ្នកឈរមើលនៅជិតទីលានប្រជាធិបតេយ្យក្នុងទីក្រុងភ្នំពេញកាលពីម្សិលមិញ បន្ទាប់ពីបានបណ្តេញលោកស្រី មូរ សុខហួរ ប្រធានផ្នែកកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិទាំងបង្ខំចេញពីទីលានប្រជាធិបតេយ្យជាថ្មីម្តងទៀត។

មនុស្សប្រហែល១០នាក់បានរងរបួសស្រាល និងយ៉ាងហោចណាស់បួននាក់ទៀតបានរងរបួសបែកក្បាល បន្ទាប់ពីលោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញបានស្រែកបញ្ជាដោយផ្ទាល់ឲ្យសន្តិសុខខណ្ឌដែលកាន់ដំបងវាយអ្នកថតរូបលោកស្រី មូរ សុខហួរ ដែលគ្មានពាក់ប័ណ្ណសារព័ត៌មាន។
លោក សុខ ពេញវុធ រួមជាមួយលោក គឹម វុត្ថា ប្រធានសន្តិសុខខណ្ឌដូនពេញបានចង្អុលទៅអ្នកថតរូបជាលក្ខណៈផ្ទាល់ខ្លួន និងមនុស្សកាន់ទូរស័ព្ទស្មាតហ្វូនថតរូប ហើយបានស្រែកថា “វាយពួកវាទៅ! វាយពួកវាទៅ!”អំឡុងពេលមានការប្រវាយប្រតប់គ្នា។
សន្តិសុខដែលពាក់មួកសុវត្ថិភាពពណ៌ខ្មៅគ្របមុខជិតបានវាយប្រជាជននឹងដំបង និងបានទាត់អ្នកដួលក្រោយពីរងការវាយដំហើយសន្តិសុខម្នាក់បានចាប់ទាញក្បាលបុរសម្នាក់អុកនឹងជង្គង់ចំផ្ទៃមុខ។
កាលពីម្សិលមិញ គឺជាការប៉ុនប៉ងលើកទី៦របស់លោកស្រី មូរ សុខហួរ ដើម្បីចូលទៅកាន់កន្លែងដែលគេរៀបចំសម្រាប់ការតវ៉ានេះចាប់តាំងពីរដ្ឋាភិបាលបានធ្វើការបង្ក្រាបដែលបណ្តាលឲ្យមានមនុស្សស្លាប់លើការតវ៉ា និងបានហាមឃាត់មិនឲ្យជួបជុំគ្នាជាសាធារណៈមក។
លោកស្រី មូរ សុខហួរ មិនបានរងរបួសទេ ទោះបីជាមានការប្រវាយប្រតប់ជាមួយសន្តិសុខ បន្ទាប់ពីលោកស្រីបានបញ្ចេញមតិដោយជោគជ័យនៅលើទីលាននេះ។ ប៉ុន្តែ លោក លឹម គឹមយ៉ា តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិនៅមណ្ឌលកំពង់ធំត្រូវបានសន្តិសុខម្នាក់វាយចំមុខ។
លោក លឹម គឹមយ៉ា បានមានប្រសាសន៍ថា “ពួកគេវាយយើងពីព្រោះពួកគេយល់ច្រឡំថា ពួកគេមានអភ័យឯកសិទ្ធិ ប៉ុន្តែ ស្ថានភាពនេះនឹងផ្លាស់ប្តូរពីគណបក្សប្រជាជនកម្ពុជាទៅគណបក្សសង្គ្រោះជាតិ។ នៅពេល គណបក្សសង្គ្រោះជាតិមានអំណាច ខ្ញុំនឹងឲ្យតុលាការសើុបអង្កេតពួកគេ”។
លោក ស្រី សម័យ អាយុ២៨ឆ្នាំជាអ្នកឈរមើលបាននិយាយថា គាត់បានមកគាំទ្រយុទ្ធនាការរបស់លោកស្រី មូរ សុខហួរ ហើយត្រូវបានគេវាយឲ្យរងរបួសចំមុខ។ លោក សម័យ បាននិយាយបន្ទាប់ពីអំពើហិង្សានោះថា “ខ្ញុំមកទីនេះដើម្បីចង់បានសេរីភាពក្នុងការបញ្ចេញមតិ ហើយខ្ញុំមិនបានធ្វើអ្វីខុសឡើយ។ សូម្បីតែកាមេរ៉ាក៏ខ្ញុំមិនមានដែរ”។
នៅពេលទាក់ទងក្រោយព្រឹត្តិការណ៍នេះ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបន្ទោសលោកស្រី មូរ សុខហួរ ចំពោះការផ្ទុះហិង្សាពីសន្តិសុខ។
លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា “លោកស្រី មូរ សុខហួរ ត្រូវទទួលខុសត្រូវ ពីព្រោះវាជាកន្លែងដែលយើងបានហាមឃាត់”។ លោក ឡុង ឌីម៉ង់ បានបន្ថែមទៀតថា “ខ្ញុំគិតថា កងកម្លាំងសន្តិសុខរបស់យើងមិនប្រើហិង្សាទេប្រសិនបើមិនមានការញុះ ញុង់ពីអ្នកនយោបាយ។ លោកស្រីកំពុងបង្កចលាចល និងធ្វើឲ្យប្រជាជនស្អប់ខ្ពើមគ្នា”។ លោកបានមានប្រសាសន៍ថា លោកមិនដឹងថា លោក សុខ ពេញវុធ អភិបាលរងខណ្ឌ ដូនពេញបានទៅបញ្ជាសន្តិសុខឲ្យវាយអ្នកតវ៉ានៅទីលាននេះដោយផ្ទាល់ទេ។
លោក វុត្ថា ប្រធានសន្តិសុខបានបដិសេធមិនធ្វើអត្ថាធិប្បាយ។
អំពើហិង្សាកាលពីម្សិលមិញនេះ គឺជាលើកទី១ហើយ ដែលអាជ្ញាធរបានវាយសមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដោយផ្ទាល់ចាប់តាំងពីរដ្ឋាភិបាលបានប្រើសន្តិសុខស្លៀកពាក់សីុវិល និងសន្តិសុខខណ្ឌដូនពេញប្រដាប់ដោយពូថៅ ដំបង កាលពីខែមករាឲ្យទៅបង្ក្រាបការតវ៉ាប្រឆាំងរដ្ឋាភិបាលរយៈពេលពីរសប្តាហ៍។
លោកស្រី មូរ សុខហួរ បានមានប្រសាសន៍ ថា អំពើហិង្សាភ្លាមៗនេះ គឺដូចគ្នានឹងការបង្ក្រាប កាលពីខែមករា។ លោកស្រីបានមានប្រសាសន៍ថា “អភិបាលរងខណ្ឌដដែលនេះមានវត្តមាន និងកូនចៅរបស់គាត់ដដែលមានវត្តមាន និងតែងតែឈរបញ្ជានៅទីនោះ។ វាមានលក្ខណៈប្រព័ន្ធ។ ពួកគេឈរបញ្ជានៅទីនោះ”។
លោកស្រី មូរ សុខហួរ មានប្រសាសន៍ថា លោកស្រីនឹងត្រឡប់មកកាន់ទីលាននេះវិញនៅថ្ងៃទី៣០ខែមេសា ក្រោយពីបានធ្វើដំណើរទៅមណ្ឌលបោះឆ្នោតរបស់លោកស្រីនៅខេត្តបាត់ដំបង។ លោកស្រីបានច្រានចោលការអះអាងរបស់អ្នកនាំពាក្យសាលារាជធានីដែលថា លោកស្រីញុះញង់ឲ្យមានអំពើហិង្សាដោយការព្យាយាមចូលទីលានប្រជាធិបតេយ្យ។ លោកស្រី មូរ សុខហួរ មានប្រសាសន៍ថា “អ្នកនាំពាក្យរូបនេះកំពុងគាំទ្ររដ្ឋាភិបាលដែលមិនស្របច្បាប់ និងកំពុងព្យាយាមរក្សាអំណាចរបស់ខ្លួនដោយការធ្វើឲ្យប្រជាជនភ័យខ្លាច”៕គឹមហឿន
(រាយការណ៍បន្ថែមដោយ Alex Willemyns)