28 C
Phnom Penh

ប្រធាន​​​សាលាដំបូង​​​ខេត្ត​​​បន្ទាយមាន​​​ជ័យ ​​​ផ្ទេរ​​​មកកាន់​​​តំណែង​​​ជា​​​ប្រធាន​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក អាំង មាលតី អតីត​​​ប្រធាន​​​សាលា​​​ដំបូង​​​​​​​​​ខេត្ត​​​បន្ទាយ​​​មាន​​ជ័យ បាន​​​ទទួល​​​ការ​​​តែង​​​តាំង​​​ជា​​​ប្រធាន​​​សាលាដំបូង​​​រាជ​​​ធានី​​​កាល​​​​​​​​​​​​ពី​​​ម្សិលមិញ ដោយ​​​បញ្ចប់​​​ការ​​​កាន់​​​​​​តំណែងនេះ​​​​​​រយៈ​​​ពេល​​​ប្រាំបីឆ្នាំ​​​របស់​​​លោក ជីវ កេង។

លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​​​ក្រសួង​​​យុត្តិធម៌ និង​​​លោក ឌិត មុន្ទី ប្រធាន​​​តុលាការ​​​កំពូល បាន​​​ចូល​​​រួម​​​ជា​​​គណៈអធិបតី​​​ក្នុង​​​ពិធី​​​ផ្ទេរ​​​មុខ​​​តំណែង​​​នេះ​​​ ដែល​​​មាន​​​ការ​​​ចូល​​​រួម​​​ពី​​​សំណាក់​​​មន្ត្រី​​​រដ្ឋាភិបាល​​​ប្រហែ​​​ល​​​១០០​​​រូប​​​នៅ​​​ក្នុង​​​សាល​​​សន្និសីទ​​​ជាន់​​​ទី​​​៥ នៃ​​​សាលា​​​ដំបូង​​​រាជ​​​ធានីភ្នំពេញ។

លោក​​​មាន​​​ប្រសាសន៍​​​ថា “ថ្ងៃ​​​នេះ​​​ខ្ញុំ​​​សូម​​​ប្រកាស​​​​​​តែង​​​តាំង​​​លោក អាំង មាលតី ជា​​​ប្រធាន​​​ថ្មី​​​នៃ​​​សាលា​​​ដំបូង​​​រាជ​​​ធានីភ្នំពេញ”។

លោកបាន​​​សរសើរ​​​លោក អាំង មាលតី ចំពោះ​​​ការ​​​បំពេញ​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​បាន​​​ល្អ​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​​​​បន្ទាយ​​​មាន​​​ជ័យ ហើយ​​​​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ អាំង មាលតី ក៏​​​ត្រូវ​​​បាន​​​តែង​​​តាំង​​​មុខ​​​ងារ​​​បន្ថែម​​​ទៀត​​​​​​ក្នុង​​​​​​ក្រុម​​​​​កំណែ​​​ទម្រង់​​​ប្រព័ន្ធ​​​តុលាការ​​​ ទទួល​​​បន្ទុក​​​ធ្វើ​​​សេច​​​ក្ដី​​​ព្រាង​​​ច្បាប់​​​នៅ​​​ក្រសួង​​​យុត្តិធម៌​​​ផង​​​ដែរ​​​។

លោក​​បានរំឭក​​​ដាស​​​់​​​តឿន​​​ថា “ពិធី​​​នេះ​​​មិនមែន​​​មាន​​​ន័យ​​​ថា អ្នក​​​ណាខុសឬ​​​អ្នក​​​ណា​​​ត្រូវ​​​​​​ដោយសារ​​​ការ​​​ផ្ទេរ​​​ពួកគេ​​​ពីកន្លែង​​​មួយ​​​ទៅ​​​​​​​​​កន្លែង​​​មួយ​​​នោះ​​​ទេ។ វា​​​ធម្មតា​​​ទេ​​​សម្រាប់​​​មន្ត្រី​​​​​​​​​រដ្ឋាភិបាល​​​ផ្ទេរ​​​ការ​​​ងារ​​​ដូច​​​នេះ​​​”។

លោក ជីវ កេង ដែល​​​ពីមុន​​​ធ្លាប់​​​ធ្វើ​​​ជា​​​ចៅ​​​ក្រម​​​នៅ​​​តុលាការ​​​កំពូល នឹង​​​ត្រូវ​​​ផ្លាស់ទៅ​​​ទី​​​នោះ​​​វិញ​​​​​​កាន់​​​មុខ​​​តំណែង​​​ជា​​​អនុ​​​ប្រធាន​​​​​​របស់​​​​​​លោក​​​ ឌិត មុន្ទី។

លោក ធន សារាយ ប្រធាន​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក ថ្លែង​​​ថា លោក​​​​​​​​​មាន​​​សង្ឃឹម​​​​​​​​​ខ្ពស់​​​​​​ចំពោះ​​​លោក អាំង មាលតី ដែល​​​កាន់​​​មុខ​​​​​​​​​តំណែង​​​មួយ​​​ក្នុង​​​ចំណោម​​​មុខ​​​តំណែង​​​តុលា​​​ការ​​​សំខាន់​​​ៗ​​​បំផុត​​​​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​អាច​​​និយាយ​​​បាន​​​ទេ​​​ថា គាត់​​​ជា​​​ចៅក្រម​​​ឥត​​​ខ្ចោះ ឬជា​​​មនុស្ស​​​ល្អ​​​ឥត​​​ខ្ចោះ ហើយ​​​ខ្ញុំ​​​អាច​​​នឹង​​​គិត​​​ខុស​​​ ប៉ុន្តែ​​​យោង​​​តាម​​​ការ​​​សង្កេត​​​របស់​​​ខ្ញុំ​​​យល់​​​ឃើញ​​​ថា លោក អាំង​​​ មាលតី ធ្លាប់​​​បាន​​​សហ​​​ការ​​​ជាមួយ​​​អង្គការ​​​អាដ​​​ហុក និង​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​មួយ​​​ចំនួន​​​ទៀត​​​ក្នុង​​​ការ​​​រក​​​យុត្តិ​​​ធម៌​​​ជូន​​​ប្រជា​​​ពល​​​រដ្ឋក្រីក្រ​​​”។

លោក​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ថា “ប៉ុន្តែ​​​ភ្នំពេញ មាន​​​បរិយាកាស​​​ខុស​​​គ្នា​​​ស្រឡះ​​​។ មាន​​​អ្នក​​​មាន​​​ប្រាក់ និង​​​មាន​​​អំណាច​​​ជា​​​ច្រើន​​​ ដូច្នេះ​​​យើង​​​ត្រូវ​​​រង់​​​ចាំ​​​មើល​​​ថា តើ​​​គាត់​​​អាច​​​ប្រកាន់​​​ឥរិយាបថ​​​ដដែល​​​បាន​​​ឬយ៉ាង​​​ណា។ ការ​​​រស់នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ក៏ត្រូវ​​​ចំណាយ​​​​​​​​​ច្រើន​​​ដែរ ដូច្នេះ​​​ខ្ញុំ​​​សង្ឃឹម​​​ថា លោក​​​ មាលតី អាច​​​មាន​​​លទ្ធភាព​​​ចិញ្ចឹម​​​គ្រួសារ​​​របស់​​​លោក​​​បាន​​​ដោយ​​​គ្មាន​​​បញ្ហា​​​”។

លោក អំ សំអាត​​​ មន្ត្រី​​​ស៊ើប​​​អង្កេត​​​ជាន់​​​ខ្ពស់​​​នៅ​​​អង្គការ​​​សិទ្ធិមនុស្ស​​​ក្នុង​​​ស្រុក​​​លីកាដូ ក៏មាន​​​ទស្សនវិជ្ជមាន​​​ចំពោះ​​​ការ​​​តែង​​​តាំង​​​លោក អំាង មាលតី ដែរ​​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​សូម​​​គាំ​​​ទ្រ​​​ពេញ​​​ទំហឹង​​​ចំពោះ​​​ការ​​​ប្ដេជ្ញាចិត្ត​​​​​​របស់​​​ប្រធាន​​​​​​ថ្មីរូប​​​នេះ​​​​​​ ប៉ុន្តែ​​​តុលាការ​​​ត្រូវ​​​តែ​​​មិន​​​ពាក់​​​ព័ន្ធ​​​នឹង​​​នយោបាយ​​​៕ សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស