កម្មករប្រហែល៣០០នាក់បានធ្វើការតវ៉ាកាលពីម្សិលមិញនៅខាងមុខសាលា ដំបូងរាជធានីភ្នំពេញដើម្បីគាំទ្រលោក អាត់ ធន់ មេដឹកនាំសហជីព ខណៈដែលកម្មករមួយក្រុមតូចដែលជាគូប្រឆាំងមកពីសហជីពតែមួយនេះបានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងប្រធានរបស់ខ្លួនដែលរងការរិះគន់នេះ។
តុលាការគ្រោងសាកសួរលោក អាត់ ធន់ ជុំវិញការចោទប្រកាន់ថា លោក និងប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ) ពីររូបទៀតបានកិបកេងប្រាក់ចំនួន៩២.៩២៩ដុល្លារពីសមាជិកសហជីព ប៉ុន្តែបានពន្យារ ពេលកិច្ចប្រជុំបន្ទាប់ពីលោក អាត់ ធន់ បានសន្យាអំពាវនាវឲ្យកម្មករជាង១.០០០នាក់ធ្វើបាតុកម្មនៅខាងក្រៅតុលាការ។
លោក អាត់ ធន់ បានមានប្រសាសន៍ថា “តុលាការបានកោះហៅយើង[មកសាកសួរ] ប៉ុន្តែគេបានជូនដំណឹងថា ការសាកសួរនេះត្រូវបានពន្យារពេលដោយគ្មានផ្តល់មូលហេតុ ហើយគ្មានការបញ្ជាក់កាលបរិច្ឆេទនៅពេលក្រោយឡើយ”។
លោក អាត់ ធន់ ព្រមជាមួយលោក គង់ អាទិត្យ ជាអនុប្រធាន និងលោក ឯក ភក្តី ជាអគ្គលេខាធិការបានបដិសេធការចោទប្រកាន់ ដែលថា ពួកគេបានកិបកេងប្រាក់ពីកម្មករបន្ទាប់ពីឈានដល់ដំណោះស្រាយជាមួយរោងចក្រកាត់ដេរ E កាលពីឆ្នាំ២០០៨។
ទោះជាយ៉ាងណា លោក អ៊ុំ វិសាល និងលោក រឿង ចាន់ថន សមាជិកស្ថាបនិកស៊ីខៅឌូ ដែលបានសហការជាមួយកម្មករដើម្បីដាក់ពាក្យបណ្តឹងប្តឹងមេដឹកនាំសហជីពទាំងបីនាក់នេះមានប្រសាសន៍ថា ពួកគេចង់ប្តឹងទៅតុលាការទាមទារឲ្យមេដឹកនាំសហជីពទាំងនេះចុះចេញពីតំណែង។
ពាក្យបណ្តឹងដែលបានប្តឹងកាលពីថ្ងៃទី១ ខែមេសាស្នើឲ្យតុលាការតែងតាំងលោក វិសាល និងលោក ចាន់ថន ជាមេដឹកនាំសហជីពរហូតដល់មានការបោះឆ្នោត។
ពាក្យបណ្តឹងនោះមានខ្លឹមសារថា “ដោយ សារមេដឹកនាំស៊ីខៅឌូបច្ចុប្បន្ន…ជាប់ពាក់ព័ន្ធនឹងការកិបកេងប្រាក់កម្មករ…យើងធ្វើរឿងនេះដើម្បីបញ្ចៀសអសណ្តាប់ធ្នាប់ណាមួយ និងដើម្បីស្តារជំនឿទុកចិត្តក្នុងចំណោមកម្មករ”។
លោក សាំង យុត មន្ត្រីផ្នែកច្បាប់របស់ស៊ីខៅឌូបានមានប្រសាសន៍ថា លោកបារម្ភថា លោក វិសាល និងលោក ចាន់ថន កំពុងធ្វើការជាមួយរដ្ឋាភិបាលក្នុងការប្រឹងប្រែងដើម្បីធ្វើឲ្យស៊ីខៅឌូ ដែលជាសហជីពឯករាជ្យ ដ៏ធំបំផុតក្នុងប្រទេសកម្ពុជាចុះខ្សោយ។សហជីពនេះបានធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែគោលក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាល ឬតុលាការមានបំណងព្យួរ បិទ ឬរម្លាយស៊ីខៅឌូ។ យើងមិនអាចទទួលយករឿងនេះបានទេ ហើយយើងតវ៉ាដើម្បីការពារស៊ីខៅឌូ ហើយនឹងនៅតែតស៊ូដើម្បីបង្កើនប្រាក់ចំណូលដល់កម្មករ”។
នៅក្នុងរឿងក្តីដាច់ដោយឡែកមួយទៀត សាលាដំបូងរាជធានីភ្នំពេញបានសាកសួរស្ត្រីប្រាំពីរនាក់មកពីសហគមន៍បុរីកីឡាកាលពីម្សិលមិញបន្ទាប់ពីពួកគេបានដាក់ពាក្យបណ្តឹងប្តឹងអាជ្ញាធរមូលដ្ឋានដែលបានប្រើអំពើហិង្សាលើអ្នកតវ៉ាកាលពីខែមុន។ ស្ត្រីមួយចំនួនក្នុងចំណោមស្ត្រីទាំងប្រាំពីរនាក់បាននិយាយថា តុលាការបានស្នើសុំភ័ស្តុ តាងបន្ថែម។
ហាស់ សុខចន្តា អាយុ៣៥ឆ្នាំអតីតអ្នកភូមិបុរីកីឡាបាននិយាយថា “តុលាការបានសួរខ្ញុំថា តើខ្ញុំចង់រក្សាទុកពាក្យបណ្តឹងដដែល ឬចង់ដាក់ពាក្យបណ្តឹងបន្ថែម”។ “ខ្ញុំបានឆ្លើយថា ខ្ញុំចង់រក្សាទុកពាក្យបណ្តឹងរបស់ខ្ញុំ។ តីលាការបានអនុញ្ញាតឲ្យខ្ញុំផ្តិតមេដៃលើឯកសារថ្មី ហើយស្នើឲ្យខ្ញុំរកភ័ស្តុ តាងដែលអាជ្ញាធរបានប្រើអំពើហិង្សានៅពេលខ្ញុំមកតុលាការលើកក្រោយ”៕សារុន