31 C
Phnom Penh

សន្តិសុខ​ជា​ជន​ពិការ​នៅរោង​ចក្រ​កាត់ដេរ​ អេសអិល​ កំពុង​មាន​បញ្ហា​ជា​មួយ​អ្នក​គ្រប់​គ្រង​រោង​ចក្រ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សន្តិសុខ​ជា​ជន​ពិការ​មួយ​ក្រុម​ដែល​ត្រូវ​​បាន​ជួល​ឲ្យការ​ពារ​រោង​ចក្រកាត់ដេរ​អេស​ អិលដែល​រង​កា​ររិះគន់នៅក្នុង​រាជធានី​ភ្នំពេញ ​នោះ​កំពុង​​ព្យាយាម​ស្វែង​រក​ភាព​ផ្លូវ​ការ​នៃ​​ការ​ងារ​របស់​ពួកគេ និង​​​ឲ្យ​បញ្ចប់​នូវ​អ្វី​ដែល​ពួកគេ​អះអាង​ថា រោង​ចក្រ​បាន​កេង​ប្រវ័ញ្ច​ពិការ​ភាព​របស់​ពួកគេ​។

កាល​ពីខែ​វិច្ឆិកា​ ពេល​ដែល​​មាន​អំពើ​ហិង្សា​កើត​ឡើង​ញឹកញាប់​ ការ​ធ្វើ​កូដកម្ម​រយៈពេល​ជាច្រើន​ខែ​របស់បុគ្គលិក​រោង​ចក្រ​​​​​​​អេស​អិល ក្រុមហ៊ុន​បាន​ឈប់​ប្រើ​ប្រាស់​ក្រុម​​​​​​​​​​​​​ហ៊ុនសន្តិសុខ​ដែល​កាន់​កាប់​ដោយ​ប្អូនស្រី​របស់​លោក​នាយក​​រដ្ឋ​មន្ត្រី ហ៊ុន សែន ហើយ​បាន​ដាក់​សន្តិសុខ​មួយ​ក្រុម​​ភាគ​ច្រើន​ជា​ជន​ពិការ​ចំនួន​១៣០​នាក់​ដែល​ត្រូវ​បាន​ជួ​ល​ដោយ​​​​​​​ផ្ទាល់​ដោយ​លោក​ មាស​ សុថា​ ជាអ្នក​មាន​ភាគ​​​​​​​ហ៊ុន​​ក្នុង​រោង​ចក្រ​នេះ​។

បន្ទាប់ពី​ចូល​កាន់​ការងារ​ជំនួស​អ្នក​​គ្រប់​គ្រង​រោងចក្រ​កាល​ពីខែ​មិថុនា​ លោក សុថា​បាន​ក្លាយ​ជា​ចំណុច​​ដ៏​សំខាន់​នៃ​ការ​តវ៉ា​នៅ​រោង​ចក្រ​អេស​ អិល នេះ​។ ពេលមាន​ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​ និង​ប្រាក់​ថ្លៃអាហារ​ថ្ងៃត្រង់​ កម្មករ​រោង​ចក្រ​បាន​ទាម​ទារ​ឲ្យដក​លោក​ សុថា ចេញ ដោយ​លើក​ឡើង​ថា ការ​ចូលមក​កាន់​កាប់​របស់​លោក​នៅ​រោង​ចក្រ​នេះធ្វើ​ឡើង​ស្រប​ពេល​ដែល​មាន​វត្ត​មាន​សន្តិសុខ​កើន​ឡើង​ និង​មិន​អត់​ឱន​ចំពោះ សកម្មភាព​សហ​ជីព​ឡើយ​។

ឥឡូវ​នេះ​ដោយ​មិនមាន​កិច្ច​សន្យា​ការ​ងារ​ និង​​ប្រាក់​ខែ​ចំនួន​១០០ដុល្លារ​ក្នុង​មួួ​យ​ខែនោះ​ សន្តិសុខ​ជា​ជន​ពិការ​ដែល​លោក សុថា​ បាន​ជួល​ឲ្យការ​ពារ​រោង​ចក្រ ​កំពុង​​ប្រឆាំង​នឹង​អ្នក​មាន​ភាគហ៊ុន​ដែល​មិនគួរឲ្យ​ចូលចិត្ត​​រូប​នេះ​។

លោក ឈ្នះ តារា អាយុ​៤៦ឆ្នាំ​ជា​ប្រធាន ​សន្តិសុខ​ដែល​ពិការ​ជើង​ឆ្វេង​ដោយ សារ​គ្រាប់​មីន​នៅក្នុង​ខេត្ត​ប៉ៃលិន​​កាល​ពី​ឆ្នាំ​១៩៨៨​បាន​និយាយ​ថា “តើ​ខ្ញុំ​ធ្វើ​ការ​ឲ្យ​នរណា​? នោះជា​អ្វី​ដែល​ខ្ញុំ​ចង់​ដឹង​។យើង​មិន​មាន​កិច្ច​សន្យា​ ហើយ​គ្មាន​មធ្យោ បាយ​  ក្នុង​ការ​ទាក់​ទង​ជាមួយ​លោក​ មាស​ សុថា​។ យើង​​​​គ្រាន់​តែ​មករង់ចាំ​នៅ​ទី​នេះ​រាល់​ខែ​ ហើយ​សង្ឃឹម​ថា គាត់​នឹង​មក​​បើក​ប្រាក់​ខែ​ឲ្យ​ពួក​យើង”។

លោក​​ តារា បាននិយាយ​ថា នៅពេល​ការ​តវ៉ា​បាន​ក្លា​យ​ជា​ហិង្សា​កាល​ពីដើម​ខែ​វិច្ឆិកា​ បុគ្គលិក​ដែល​មាន​កំហឹង​ប្រដាប់​ដោយ​ដុំ​ថ្ម​ ចំពាមកៅស៊ូ និង​អាវុធ​កែ​ច្នៃ​ដទៃទៀត​ ក្រុម​របស់​លោក​ត្រូវ​បាន​ដាក់​​ពង្រាយ​ជា​របាំង​ការ​​​​ពារ​ដោយ​ប្រើ​មនុស្ស​គ្មាន​អាវុធ​ដើម្បី​​​ការ​ពារ​រោង​ចក្រ។

លោក​ តារា បាន​និយាយ​ថា “លោក មាស សុថា​ បាន​ប្រើ​ពួក​យើង​ឲ្យការ​ពារ​រោង​ចក្រ​ប្រឆាំង​នឹង​កម្មករ​ ពីព្រោះ​គាត់​ដឹង​ថា កម្មករ​មិន​ចង់​វាយ​ជន​ពិការ​ទេ​។ ហើយ​ប្រសិន​ បើ​ពួក​គេ​វាយ​ពួ​កយើង​នោះ​ វា​ងាយ​ស្រួល​បំផុត​សម្រាប់​លោក​ មាស សុថា​ ក្នុងការ​ស្តីបន្ទោស​ពួកគេ​”។

ទោះយ៉ាង​ណា លោក សុថា​ បាន​អះ​អាង​​កាល​ពីម្សិលមិញថា លោក​មិន​បាន​កេង​ប្រវ័ញ្ច​បុគ្គលិក​សន្តិសុខ​របស់លោក​ទេ​។ លោក​ សុថា បាន​មាន​ប្រសាសន៍ថា ខ្ញុំ​បាន​ជួល​ពួកគេ​ពីព្រោះខ្ញុំ​អាណិត​ពួក​គេ​ ដោយសារ​ពួកគេ​ជា​អតីត​ទាហាន​ដែល​បាន​ការពារ​ប្រទេស​ជាតិ​ ហើយ​រងរបួស​ពេល​បម្រើ​ការ​ឲ្យរដ្ឋាភិបាល​របស់​ខ្លួន”។

លោក​ សុថា​  មាន​ប្រសាសន៍ថា “សន្តិ​សុខ​ទាំង​នេះ​ទទួ​ល​បានអាហារ​បី​ពេល​ក្នុង​មួយ​ថ្ងៃ កន្លែង​ស្នាក់​នៅ និង​ប្រាក់​ខែ ហើយ​ទន្ទឹម​នឹង​នោះ​លោក​ក៏​បាន​បញ្ជាក់​ថា សន្តិ​​​សុខទាំង​នេះ​​មិនមាន​កិច្ច​សន្យា​ជាមួយ​លោក​ ឬ​ជាមួយ​រោង​ចក្រ​ទេ​។

លោក សាត​ សមុទ្រ​​​​ អនុរដ្ឋលេខា​ធិ​ការ​ក្រសួង​ការងារ បានមាន​ប្រសាសន៍​កាល​ពីម្សិល​មិញថា តាម​ច្បាប់​សន្តិសុខ​ត្រូវ​មាន​កិច្ច​សន្យា​ការងារ​ ទាំង​ជា​មួយ​ក្រុម​ហ៊ុនសន្តិសុខ ឬ​ជាមួយ​រោង​ចក្រ​ដោយ​ផ្ទាល់​។ លោក សមុទ្រ​ បាន​មាន​ប្រសាសន៍​ថា “ទោះ​បី​ជា​សន្តិសុខ​ត្រូវ​បាន​ជួល​ម្តង​មួយ​ៗក៏ដោយ ក៏​ពួកគេ​ត្រូវ​មាន​កិច្ច​សន្យា​ជាមួយ​រោង​ចក្រ​ដែរ​ វា​គឺជា​ច្បាប់​ការងារ​”​។​ លោ​កបាន​បន្ថែម​ថា “ប្រសិន​បើ​​អ្វី​មួយ​កើត​ឡើង​ដល់​សន្តិសុខម្នាក់​ក្នុង​​ចំណោម​សន្តិ​​​សុខ​​ទាំង​នោះ​ តាម​ច្បាប់​ការងារ​រោង​ចក្រ​​ត្រូវ​មាន​បញ្ហា​”​។

លោក ឈៀ សុខា អាយុ​៥៤​ឆ្នាំ​​ សន្តិសុខ​ម្នាក់​ទៀត​ដែលលោក សុថា បាន​ជួល ​​ដែល​​​ពិការ​ជើង​ម្ខាង​ដោយសារ​គ្រាប់​មីន​ក្នុង​ឆ្នាំ​១៩៧៩​បាន​និយាយ​ថា នៅពេល​ថៅកែ​រោង​ចក្រ​ និង​កម្មករ​មាន​វិវាទ​ សន្តិសុខ​ត្រូវ​ថ្លឹង​ថ្លែង​ថា តើត្រូវ​គាំទ្រ​ភាគី​ណា​។

លោក​ សុខា បាន​និយាយថា “ខ្ញុំ​ដឹង​ថា ប្រសិន​បើ​យើង​ចូល​រួម​តវ៉ា​ វា​នឹង​ធ្វើ​ឲ្យ​លោក​ មាស​ សុថា​ ខឹង​​”។លោកបាន​​​បន្ថែម ថា “ប៉ុន្តែ នៅពេល​កម្មករ​​ទាមទារ​ដំឡើង​ប្រាក់​ខែ​ វា​ជា​ការ​លំបាក​​​​​ណាស់​សម្រាប់​ពួកយើង​ក្នុងការ​វាយ​ពួក​គេនោះ​។ពួក​គេ​ខឹង​ពីព្រោះ​​ពួក​គេ​ជា​អ្នក​ក្រីក្រ​។តើ​ឲ្យ​យើង​វាយ​ពួក​គេ​ដូច​ម្តេចកើ​ត​ ​នៅពេលយើង​ជា​អ្នក​ក្រដែរ​នោះ​?”៕​សារុន​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស