កាលពីម្សិលមិញនគរបាលបានឲ្យដឹងថា អ្នកប្រមូលសំរាមម្នាក់បានរងរបួសធ្ងន់កាលពីពេលទៀបភ្លឺឈានចូលព្រឹកថ្ងៃអាទិត្យ នៅពេលអ្នកបើកបរជនជាតិចិនដែលស្រវឹងស្រាម្នាក់បានបាត់បង់ការគ្រប់គ្រងរថយន្តទំនើបរបស់ខ្លួននៅក្នុងខណ្ឌដូនពេញ ហើយបានជ្រុលទៅបុករថយន្តដឹកសំរាមមួយគ្រឿងពីក្រោយរួចក៏បុកអ្នកប្រមូលសំរាមរូបនេះតែម្តង។
បងប្រុសជនរងគ្រោះឈ្មោះ យិន រ៉ន អាយុ២៧ឆ្នាំបានឲ្យដឹងថា ជនរងគ្រោះ យិន រាជ អាយុ១៩ឆ្នាំកំពុងដាក់សំរាមចូលក្នុងរថយន្តដឹកសំរាមដែលកំពុងចតនៅតាមបណ្តោយផ្លូវលេខ១១០ ចន្លោះផ្លូវលេខ១៩ និង១៥នៅម៉ោងប្រហែល៣និង៤៥នាទីទៀបភ្លឺ នៅពេលនោះរថយន្តម៉ាក ឡង់គ្រីស័រ បានជ្រុលចង្កូតសំដៅទៅជនរងគ្រោះរូបនេះ រួចបុកជនរងគ្រោះផ្ទប់នឹងផ្នែកខាងក្រោយនៃរថយន្តដឹកសំរាម។
លោក រ៉ន បាននិយាយនៅមន្ទីរពេទ្យកាល់ម៉ែត ដែលប្អូនប្រុសរបស់គាត់កំពុងសន្លប់និងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរថា “លោកគ្រូពេទ្យបានប្រាប់ខ្ញុំថា ប្អូនប្រុសរបស់ខ្ញុំបាក់ឆ្អឹងភ្លៅ ជង្គង់ និងឆ្អឹងត្រគាក ហើយខូចក្រលៀន និងតម្រងនោម ព្រមទាំងបាត់បង់ឈាមជាច្រើនផងដែរ ព្រោះសរសៃឈាមជើងទាំងពីររបស់គាត់បានដាច់។ យើងមានសង្ឃឹមតិចណាស់ ប៉ុន្តែលោកគ្រូពេទ្យបានប្រាប់ថា ប្រសិនបើគាត់អាចរស់រានមានជីវិត គាត់អាចនឹងពិការ”។
លោក សេង ចាន់ថន អនុប្រធានផ្នែកបទល្មើសចរាចរណ៍នៃការិយាល័យនគរបាលចរាចរណ៍រាជធានីដែលបានទៅដល់កន្លែងកើតហេតុមិនយូរប៉ុន្មាន បន្ទាប់ពីគ្រោះថ្នាក់នោះ បានកើតឡើងបានឲ្យដឹងថា អ្នកបើកបររថយន្តរូបនេះឈ្មោះ ធាន់ ថូ (Tuan To) ជាជនជាតិចិនមានអាយុ៣១ឆ្នាំ និងជាវិស្វករសំណង់។ លោក ចាន់ថន បានឲ្យដឹងបន្តថា គាត់មិនស្គាល់ឈ្មោះថៅកែរបស់លោក ធាន់ ថូ ទេ។
លោក ចាន់ ថន បានមានប្រសាសន៍ថា “ជនសង្ស័យស្រវឹងស្រា ហើយបុកជនរងគ្រោះពីក្រោយ ខណៈជនគ្រោះប្រមូលសំរាមនៅពីក្រោយរថយន្តដឹកសំរាមរបស់ក្រុមហ៊ុន សុីនទ្រី ដោយធ្វើឲ្យជនរងគ្រោះរងរបួសធ្ងន់”។
លោក ចេវ ហាក់ នាយការិយាល័យចរាចរណ៍ផ្លូវគោករាជធានីបានឲ្យដឹងថា លោកបានចាប់ខ្លួនអ្នកបើកបរជនជាតិចិនរូបនោះនៅកន្លែងកើតហេតុ ហើយបានបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានី ដើម្បីសាកសួរ កាលពីម្សិលមិញ។
លោកស្រី ឡូរ៉ង់ ដង់រ៉ូ (Laurence Dangreaux) អាយុ៣៩ឆ្នាំ ជាគ្រូបង្រៀនមកពីប្រទេសបារាំងដែលរស់នៅម្តុំកាច់ជ្រុងផ្លូវលេខ១៩បានឈរនៅខាងក្រៅយ៉ផ្ទះរបស់លោកស្រីនៅពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ហើយបានទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់ភ្លាមៗមុនពេលជួយជនរងគ្រោះជាមួយអ្នកជិតខាង។
លោកស្រីបានមានប្រសាសន៍ថា “គាត់បានជាប់នៅចន្លោះរថយន្តទាំងពីរ ហើយបានគ្រវីដៃ ហើយយើងបានស្រែកអ្នកបើកបររថយន្តថយក្រោយ។ ទីបំផុតអ្នកបើកបររថយន្តបានថយក្រោយបន្តិច ប៉ុន្តែបន្ទាប់មករថយន្តនោះបានជ្រុលទៅបុកជនរងគ្រោះម្តងទៀត មុនពេលថយក្រោយមកវិញ”។
លោកស្រី ដង់រ៉ូ បានបន្ថែមថា បន្ទាប់ពីអ្នកបើកបរជនជាតិចិនរូបនោះបានដេកងោកនៅក្នុងរថយន្តរហូតដល់ពេលនគរបាលមកដល់។រថយន្តបង្កហេតុមួយគ្រឿងនេះ មានពាក់ស្លាកលេខកងយោធពលខេមរភូមិន្ទដែលមានលេខ ២៩៩២៩។ នគរបាលបានបដិសេធមិនបញ្ជាក់ថា តើរថយន្តរបស់ជនសង្ស័យ ធាន់ ថូ នេះមានពាក់ស្លាកលេខកងយោធពលខេមរភូមិន្ទឬក៏នោះទេ។
លោក ងួន ស៊ីផេង អ្នកគ្រប់គ្រងផ្នែកប្រតិបត្តិការនៅក្រុមហ៊ុនស៊ីនទ្រី បានឲ្យដឹងថា ក្រុមហ៊ុននឹងរ៉ាប់រងថ្លៃព្យាបាលសម្រាប់ជនរងគ្រោះ ប៉ុន្តែមូលនិធិបេឡារបបសន្តិសុខសង្គមនឹងចេញថ្លៃព្យាបាលនេះឲ្យវិញតាមក្រោយ។ លោកបានមានប្រសាសន៍ថា “កម្មករក្រុមហ៊ុន ស៊ីនទ្រី ក៏បានប្រមូលលុយគ្នាជួយជនរងគ្រោះផងដែរ”៕ស៊ុយឈាង