ក្រុមហ៊ុនតូុយូតា បានប្រមូលរថយន្តជាង១០០គ្រឿងនៅក្នុងប្រទេសកម្ពុជា ជាផ្នែកនៃការប្រមូលរថយន្តចំនួន៦,៤លានគ្រឿងទូទាំងសាកលលោករបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន ដោយសារបញ្ហាបច្ចេកទេស។
ប៉ុន្តែអ្នកចែកចាយរថយន្តបន្តបានឲ្យដឹងថា បញ្ញត្តិធូរលុងលើរថយន្តនាំចូលក្នុងប្រទេសនេះនឹងធ្វើឲ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែងយករថយន្តគ្មានសុវត្ថិភាពចេញពីផ្លូវ។
លោក លី ប៊ុនហៃ អគ្គនាយករបស់ក្រុមហ៊ុន Toyota (Cambodia) Co.Ltd . ចាប់តាំងពីក្រុមហ៊ុនតូយូតា បានប្រកាសកាលពីថ្ងៃទី៩ខែមេសាថា រថយន្តរាប់លានគ្រឿងរបស់ខ្លួននឹងត្រូវប្រមូលមកវិញដើម្បីពិនិត្យមើលបញ្ហាដែលអាចកើតមានជាមួយពោងខ្យល់ចង្កូត និងកៅអីមក សាខាក្នុងស្រុកប្រមូលបានជាង១០០គ្រឿងហើយ។
អ្នកចាត់ការម្នាក់នៅក្នុងការិយាល័យសេវាអតិថិជនរបស់ក្រុមហ៊ុនតូយូតា បានឲ្យដឹងថា រថយន្តទំនើបដែលត្រូវប្រមូលនោះគឺរថយន្តតូយូតា Hilux ចាប់ពីឆ្នាំ២០០៦។
ប៉ុន្តែការដឹងច្បាស់តើរថយន្តតូយូតាមិនប្រក្រតីចំនួនប៉ុន្មានគ្រឿងបើកនៅលើផ្លូវ នៅតែមានបញ្ហា ដោយសារតែទីផ្សារងងឹតនៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះរថយន្តភាគច្រើនត្រូវបាននាំចូលតាមច្រកមិនផ្លូវការ។
លោក ប៊ុនហៃ បានមានប្រសាសន៍ថា “វាលំបាកណាស់ក្នុងការតាមដានរថយន្តនៅទីនេះក្នុងប្រទេសកម្ពុជាសម្រាប់ម៉ាក ពីព្រោះស្លាកលេខផ្លូវការនៅលើរថយន្តថ្មីនិងប្រើប្រាស់ហើយ មិនច្បាស់លាស់…ដូច្នេះវាពិបាកនឹងកំណត់អ្វីដែលមិនប្រក្រតីនោះ”។
លោកបានបន្ថែមថា ក្រុមហ៊ុនតូយូតាកាន់កាប់ទីផ្សាររថយន្តធុនស្រាល៧០ភាគរយនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែថា មានតែរថយន្តប្រហែល១០ភាគរយប៉ុណ្ណោះត្រូវបានទិញពីអ្នកចែកចាយបន្ត។
លោក ពីលី វង់ អនុប្រធានសហព័ន្ធរថយន្តកម្ពុជាបានមានប្រសាសន៍ថា បញ្ញត្តិរបស់កម្ពុជាលើការនាំចូល នៅមានការធូរលុងខ្លះនៅអាស៊ី។លោកបានបន្តថា “អ្នកដែលអាចនាំរថយន្តមួយគ្រឿងចូលក្នុងប្រទេស ដរាបណាវាមិនចាស់ហួសរយៈពេលប្រាំបីឆ្នាំ និងចង្កូតឆ្វេង”។ “កម្ពុជាជាមួយប្រទេសភូមា ជាទីផ្សាររថយន្តមានការរឹតបន្តឹងតិចតួចនៅអាស៊ាន”។
លោក វង់ បានឲ្យដឹងថា រថយន្តភាគច្រើន ដែលចូលក្នុងប្រទេសនេះ មកពីអាមេរិកនិង មជ្ឈិមបូពា៌ ដូច្នេះវាមិនស្របនឹងការបើកបរក្នុងលក្ខខណ្ឌអាកាសធាតុនិងស្ថានភាពផ្លូវ ថ្នល់ក្នុងប្រទេសកម្ពុជាទេ។
លោកបានបន្តថា “ចាប់តាំងពីអ្នកចែកចាយបន្តផ្លូវការមិនដឹងថា រថយន្តទាំងនោះនៅទីនេះ គ្មានការចាត់វិធានការដោះស្រាយបញ្ហានេះឡើយ ដូច្នេះវាធ្វើឲ្យមានគ្រោះថ្នាក់ដល់មនុស្សជាច្រេើននៅលើផ្លូវថ្នល់”។
ទោះជាយ៉ាងណា លោក ព្រាប ចាន់វិបុល ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៅក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា រដ្ឋាភិបាលត្រួតពិនិត្យរថយន្តទាំងអស់ មុនពេលចុះបញ្ជី និងផ្តល់ស្លាកលេខ។
លោកបានឲ្យដឹងទៀតថា “ ការត្រួតពិនិត្យធ្វើឡើងដើ់ម្បីធានាម៉ាស៊ីនដំណើរការបានល្អ រួមទាំងការត្រួតពិនិត្យហ្វ្រាំង និងកុងទ័រ។ ប្រសិនបើវាដំណើរការមិនបានត្រឹមត្រូវ រថយន្តទាំងនេះនឹងត្រូវបញ្ជូនទៅកាន់យានដ្ឋាន”។
ប៉ុន្តែលោកបានបន្ថែមថា ប្រទេសនេះចាំបាច់ត្រូវបង្កើតច្បាប់ស្តីពីសុវត្ថិភាពផ្លូវគោកតាមស្តង់ដារបច្ចេកទេសច្បាស់លាស់ តាមរយៈអ្នកវាយតម្លៃមានជំនាញច្បាស់លាស់ ដែលអាចស្គាល់ពីគុណប្រយោជន៍រថយន្តបើកបរលើផ្លូវ។
លោកបានមានប្រសាសន៍ថា “យើងគ្មានបញ្ញត្តិសុវត្ថិភាពលម្អិតនៅឡើយទេ ហើយក៏គ្មានគណៈកម្មាធិការបច្ចេកទេសដើម្បីត្រួតពិនិត្យបច្ចេកទេសរថយន្តដែរ។ យើងត្រូវបណ្តុះបណ្តាលនិងពិនិត្យក្នុងបច្ចេកទេសបែបនេះ”៕ ប៊ុននី