32 C
Phnom Penh

អង្គការ​សហ​ប្រជាជាតិ​បារម្ភអំពី​វត្តមាន​របស់​ទណ្ឌិត​នៅ​ក្នុង​ដំណើរការ​នៃការ​កាត់​ក្តី​ខាង​មុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​នៅក្នុង​​ប្រទេស​កម្ពុជា​ បាន​បង្ហាញ​ក្តី​បារម្ភ​របស់​ខ្លួន​កាលពី​ម្សិលមិញថា អ្នក​តវ៉ា​២២នាក់​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ប្រហែល​ជា​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ក្នុង​សវនា​ការនៅ​ថ្ងៃ​សុក្រខាង​មុខ​នេះ ខណៈ​ដែល​រដ្ឋា​​ភិបាល​ទទូច​ថា ទណ្ឌិត​ទាំង​នេះ​នឹង​ត្រូវ​បាន​ដឹក​ទៅ​កាន់​តុលាការ​។

អនីតិជន​ពីរនាក់​ត្រូវ​បានចាប់​ខ្លួន​ពី​បទ​ប្រើ​អំពើ​ហិង្សាដោយ​ចេតនា​ក្នុង​សកម្ម​ភាព​របស់​ពួក​គេ​ពាក់​ព័ន្ធ​ក្នុង​ហេតុការណ៍​ប៉ះ​ទង្គិច​គ្នា​កាលពីថ្ងៃ​ទី​១២ ខែ​វិច្ឆិកា នៅ​ក្បែ​រ​ស្ពាន​ស្ទឹង​មានជ័យ​រវាង​ក្រុម​នគរបាល​ និង​កម្មករ​រោង​ចក្រ​កាត់​ដេរសម្លៀក​បំពាក់​ អេស​អិល ដែល​បានច​ូល​រួម​សកម្មភាព​តវ៉ា។

អនីតិជន​ម្នាក់​ក្នុង​ចំណោម​ទាំង​ពីរ​នាក់​នោះ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​​។ ចំណែក​ឯទណ្ឌិត​២១នាក់​ផ្សេង​ទៀត​ដែល​នៅ​ជុំ​គ្នា​ក្នុង​ពន្ធនាគារ​នៅ​ឡើយនោះ​គ្រោង​នឹង​ត្រូវ​បាន​នាំ​ទៅ​ចូល​រួម​សវនាការ​កាត់​ក្តី​នាពេល​ខាង​មុខ​នេះ ក្រោម​​បទ​ចោទ​ប្រកាន់​ថា ពួកគេ​បាន​ប្រើ​អំពើ​ហិង្សា​ដោយ​​ចេតនា​ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អំឡុង​កូដកម្ម​នៅ​​ក្នុង​វិស័យ​កាត់​ដេរ​​ កាលពី​ថ្ងៃ​ទី២ និងថ្ងៃ​​ទី​៣ ខែ​មករា។

ឈ្មោះ​ វណ្ណី វ៉ាណាន់ អាយុ​១​៧​ឆ្នាំ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ហេតុការណ៍​ប៉ះ​ទង្គិច​​គ្នា​នៅ​ស្ពាន​ស្ទឹងមានជ័យ​នោះ កំពុង​ជាប់​ឃុំ​នៅ​មណ្ឌល​កែប្រែ១នៅ​ពន្ធនាគារ​ព្រៃ​ស​។ បុរស​ទាំង​២១នាក់​ដែលត្រូវ​បាន​ឃុំ​ខ្លួន​កាលពី​ដើម​ខែមករា កំពុង​ជាប់​ឃុំ​នៅ​មណ្ឌល​​កែប្រែ​៣ដែល​មាន​ការ​យាមកាម​តឹង​រឹង​ក្នុង​ខេត្ត​កំពង់​ចាម។

លោកស្រី វ៉ាន់ ហៀលី (Wan-Hea Lee) តំណាង​ឧត្តម​ស្នង​ការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ (U.N.’s Office of the High Commissionner for Human Right in Cambodia) បាន​លើក​ឡើង​ថា សិទ្ធិ​ទទួល​បាន​ការ​កាត់​ក្តី​ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ​មាន​ភាព​ពេញ​លេញ​ទៅ​បាន​ លុះត្រា​តែ​ជន​ត្រូវ​ចោទ​បង្ហាញ​វត្តមាន​នៅ​ក្នុង​សវនាការ​។

លោកស្រីបាន​លើក​ឡើង​នៅ​ក្នុង​អីុម៉េល​ថា “វា​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​ក្នុង​ការ​ធានា​វត្តមាន​របស់​បុរស​ទាំង​២២នាក់​ក្នុង​នោះ​២១នាក់​ជាប់​ឃុំ​នៅ​មណ្ឌលកែប្រែ​៣​ និង​ម្នាក់​ទៀត​ជាប់​ឃុំ​នៅ​មណ្ឌល​កែ​ប្រែ​១ ដើម្បី​រង់ចាំ​ការកាត់ក្តីពួកគេ”។

លោកស្រី​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​​ថា “ឯកសារ​ យាន​ជំនិះ​ខូច​ៗ ឬ​ក៏​បញ្ហា​ខ្វះ​លុយ​​ចាក់​សាំង​មិន​មែន​ជា​មូល​ហេតុ​ដែល​ជំរុញ​ឲ្យ​អាជ្ញាធរ​មិន​អាច​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ​ឡើយ​។ បរាជ័យ​ក្នុង​ការ​ធានា​វត្ត​មាន​របស់​​បុរស​ទាំង​នោះ​នៅ​ក្នុង​សវនាការ​កាត់​ក្តី​ អាច​ធ្វើ​ឲ្យ​ខូច​ភាព​សុចរិត​នៃ​សំណុំ​រឿង​បណ្តឹង​ប្រឆាំង​ពួកគេ​ និង​អាច​ជំរុញ​ឲ្យ​ចុង​ចោទ​ប្រឈម​នឹង​បញ្ហា​ភាព​ត្រឹម​ត្រូវ​នៃការ​កាត់​សេចក្តី​”។

កាលពី​មុន​ មន្ត្រី​ពន្ធនាគារ​បាន​បន្ទោស​ថា ដោយ​សារ​តែ​ថ្លៃ​ចំណាយ​លើ​ប្រេង​សាំង​ និង​យាន​ជំនិះ​ចាស់ៗ ទើប​នាំ​ឲ្យ​មាន​បរាជ័យ​ក្នុង​ការ​ដឹក​អ្នក​ជាប់​ឃុំ​ ឬទណ្ឌិតទៅ​តុលាការ​។

ម្នាក់​ក្នុង​ចំណោម​អ្ន​ក​ជាប់​ឃុំ​ទាំង​២១នាក់​នៅ​មណ្ឌល​កែ​ប្រែ​៣​ គឺ​លោក វន់ ពៅ ដែល​មិន​​បាន​បង្ហាញ​វត្តមាននៅ​ក្នុង​សវនាការ​កំបាំង​មុខ​លើកទី៤​របស់​លោក កាលពី​ខែមុន បន្ទាប់​ពី​លោក​ គា សុវណ្ណា ប្រធាន​មណ្ឌល​កែប្រែ​៣​បាន​និយាយ​ថា រថយន្ត​របស់​ពន្ធនាគារ​មាន​សភាព​ចាស់​ណាស់​ ហើយ​អាច​ខូច​ទៀត​ផង។

នៅ​ពេល​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​ លោក សុវណ្ណា បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា លោក​ទទួល​បាន​ដីកា​កោះពី​តុលាការ​កាលពី​សប្តាហ៍​មុន ដែល​បង្គាប់​ឲ្យ​លោក​នាំ​អ្នក​ជាប់​ឃំុ​ទាំង​២១នាក់​ទៅ​កាត់​ទោស​។ លោក​បាន​មាន​ប្រសាសន៍​ថា “ពួកគេ​នឹង​បង្ហាញ​វត្តមាន​​ក្នុង​សវនាការ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ”។ លោក សុវណ្ណា បានមានប្រសាសន៍​​បន្ថែម​ថា អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​ នឹង​ត្រួ​ត​ពិនិត្យ​សកម្មភាព​ដឹក​អ្នក​ជាប់​ឃុំ​ទាំង​នេះ​៕ សុធា 

(រាយការណ៍​បន្ថែម​ដោយ​ ឃួន ណារីម)

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស